A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Sunday 16 August 2015

តុលាការ​សម្រេច​បញ្ជូន​លោក ហុង សុខហួរ ទៅ​ឃុំ​នៅអគ្គ​ស្នងការដ្ឋាន​នគរបាល​ជាតិ​វិញ

ដោយ វិទ្យុ អាស៊ីសេរី
2015-08-15

សមាជិក​ព្រឹទ្ធ​សភា​គណបក្ស សម រង្ស៊ី លោក ហុង សុខហួរ ពេល​បញ្ជូន​មក​ដល់​សាលា​ដំបូង​រាជធានី​ភ្នំពេញ នៅ​រសៀល​ថ្ងៃ​ទី​១៥ ខែ​សីហា ឆ្នាំ​២០១៥ ដើម្បី​សាកសួរ។
RFA/Brach Chev


សាលា​ដំបូង​រាជធានី​ភ្នំពេញ នៅ​ល្ងាច​ថ្ងៃ​ទី​១៥ ខែ​សីហា សម្រេច​បញ្ជូន​សមាជិក​ព្រឹទ្ធ​សភា​គណបក្ស សម រង្ស៊ី លោក ហុង សុខហួរ ត្រឡប់​ទៅ​ឃុំ​ខ្លួន​នៅ​អគ្គស្នងការដ្ឋាន​នគរបាល​​ជាតិ វិញ ដើម្បី​បន្ត​ការ​សាកសួរ​នៅ​ថ្ងៃ​ស្អែក។ ការ​សម្រេច​នេះ​បន្ទាប់​ពី​តុលាការ​បាន​សាកសួរ​លោក ហុង សុខហួរ អស់​រយៈ​ពេល​ជាង ៤​ម៉ោង​រួច​មក។

សមត្ថកិច្ច​បាន​បញ្ជូន​សមាជិក​ព្រឹទ្ធ​សភា លោក ហុង សុខហួរ ដោយ​មាន​ដៃ​ជាប់​ខ្នោះ មក​ដល់​សាលា​ដំបូង​រាជធានី​ភ្នំពេញ កាល​ពី​ម៉ោង​​ជិត ៣​រសៀល​ថ្ងៃ​ទី​១៥ សីហា ដើម្បី​ធ្វើ​ការ​សាកសួរ​រហូត​ដល់​ម៉ោង​ជាង ៧​ល្ងាច។

សូម​ស្ដាប់​សេចក្ដី​រាយការណ៍​ចុង​ក្រោយ​របស់​លោក ប្រាជ្ញ ចេវ ពី​សាលា​ដំបូង​រាជធានី​ភ្នំពេញ តាម​ការ​សាកសួរ​របស់​លោក យាង សុជាមេត្តា៖

សមាជិក​ព្រឹទ្ធ​សភា​មក​ពី​ខាង​គណបក្ស សម រង្ស៊ី លោក ហុង សុខហួរ ត្រូវ​បាន​ចាប់​ខ្លួនកាល​ពី​ព្រឹក​​​ថ្ងៃ​ទី​១៥ ខែ​សីហា នា​គេហដ្ឋាន​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក យន្ត ថារូ ក្នុង​រាជធានី​ភ្នំពេញ។



មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក អេង ឆៃអ៊ាង បាន​ឲ្យ​ដឹង​ថា លោក ហុង សុខហួរ ត្រូវ​បាន​បញ្ជូន​ទៅ​ឃុំ​ខ្លួន​នៅ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ មុន​​បញ្ជូន​មក​កាន់​​តុលាការ។ គណបក្ស​សង្គ្រោះ​ជាតិ បាន​រៀបចំ​មេធាវី​ចំនួន ​២​នាក់ ​ដើម្បី​កាន់​រឿង​ក្ដី​នេះ គឺ​លោក​មេធាវី ជូង ជូងី និង​មេធាវី ម៉េង សុធារី។

លោក អេង ឆៃអ៊ាង បាន​ឲ្យ​ដឹង​​ទៀត​​​ថា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ដែល​គ្រោង​នឹង​មក​ដល់​កម្ពុជា ពី​បរទេស​នៅ​ថ្ងៃ​អាទិត្យ នេះ បាន​ទូរស័ព្ទ​ទាក់ទង​ទៅ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​ពិភាក្សា​រក​ដំណោះស្រាយ​ជុំវិញ​បញ្ហា​នេះ ប៉ុន្តែ​ពុំ​មាន​លទ្ធផល​នោះ​ទេ។ លោក​បន្ត​ថា ស្ថានទូត​បារាំង ប្រចាំ​នៅ​កម្ពុជា បាន​ធានា​ចំពោះ​ក្រុម​គ្រួសារ​លោក ហុង សុខហួរ ថា ស្ថានទូត​នឹង​​ផ្ដល់​ការការពារ​​ផ្លូវ​ច្បាប់​ចំពោះ​លោក ហុង សុខហួរ ដោយសារ​លោក​មាន​សញ្ជាតិ​បារាំង។

លោក ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី​១៣ ខែ​សីហា បាន​ចេញ​បញ្ជា​ឲ្យ​សមត្ថកិច្ច​ចាប់​ខ្លួន លោក ហុង សុខហួរ ចោទ​ថា​ ក្បត់​ជាតិ ដោយ​​បាន​ក្លែង​ឯកសារ​ជាតិ​ពាក់ព័ន្ធ​នឹង​សន្ធិសញ្ញា​សន្តិភាព​មិត្តភាព និង​សហប្រតិបត្តិការ​រវាង​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា និង​សាធារណរដ្ឋ​សង្គម​និយម​វៀតណាម ឆ្នាំ​១៩៧៩។

បទសម្ភាសន៍​ជាមួយ​លោក ហុង សុខហួរ មុន​ពេល​ចាប់​ខ្លួន

សមាជិក​ព្រឹទ្ធ​សភា លោក ហុង សុខហួរ ដែល​មាន​សញ្ជាតិ​២ បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី មុន​ពេល​ចាប់​ខ្លួន​ថា លោក​នឹង​ប្រគល់​ខ្លួន​អោយ​សមត្ថកិច្ច​នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ ដើម​សប្ដាហ៍​ក្រោយ​នេះ ដើម្បី​ពន្យល់​អំពី​ជំហរ​របស់​លោក​ទៅ​នឹង​ការ​ចោទ​ប្រកាន់​ថា លោក​ជា​ជន​ក្បត់​ជាតិ។

No comments: