A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday 13 August 2015

ការ​ពុកផុយ​នយោបាយ​នៅ​កម្ពុជាៈ តើ​ត្រូវ​ធ្វើ​យ៉ាង​ដូចម្ដេច?

Fri, 7 August 2015 ppp

លោក ព្រាប កុល នាយក​ប្រតិបត្ដិ​នៃ​អង្គការ​តម្លាភាព​កម្ពុជា​ក្នុង​ពិធី​មួយ​នា​ពេល​កន្លង​មក។ ហេង ជីវ័ន


មតិ​មួយ​ចំនួន​តែង​លើក​ឡើង​ថា​នយោបាយ​គឺជា​រឿង​ល្អ​ព្រោះ​វា​អាច​ជួយ​​បង្កើត​នូវ​គោល​នយោបាយ​សម្រាប់​បម្រើ​ផល​ប្រយោជន៍​ដល់​មនុស្ស​​​ជាច្រើន​នៅក្នុង​សង្គម។ ប៉ុន្តែ​អ្នក​​មួយ​ចំនួន​ទៀត​ពុំ​មាន​ជំនឿ​លើ​តួនាទី​សំខាន់​នេះ​ទេ​ព្រោះ​ពួកគេ​គិត​ថា​នយោបាយ​គ្មាន​អ្វី​ជា​ដុំកំ​ភួន​ទេ​ហើយ​មិន​អាច​ផ្តល់​ផលប្រយោជន៍​ខាង​សេដ្ឋកិច្ច​សង្គមកិច្ច​តាម​ទ្រឹស្តី​ឡើយ។

ភាព​គ្មាន​ទំនុក​ចិត្ត​នេះ​បាន​ក្លាយ​ទៅ​ជា​ការ​ពិត​មួយ​ដែល​ពិបាក​ទទួល​យក​ណាស់​ក្នុង​ប្រទេស​ជាច្រើន​រួម​ទាំង​ប្រទេស​ដែល​​តែង​ល្បី​ថា​មាន​លទ្ធិ​ប្រជាធិបតេយ្យ​ដ៏​គួរ​ឲ្យ​គោរព​ក៏ដោយ។

ជាក់ស្តែង​អ្នក​អត្ថាធិប្បាយ​អាមេរិកាំង​ជាច្រើន​បាន​បង្ហាញ​ភាព​សោកស្តាយ​អំពី​អ្វី​ដែល​គេ​ហៅថា​ «ការ​ពុកផុយ​នយោបាយ​» ដែល​បាន​បំផ្លាញ​វ៉ាស៊ីនតោន​នា​​ពេល​កន្លង​ទៅ។ ជា​អកុសល​បទពិសោធ​ដ៏​គួរ​ឲ្យ​សោកស្តាយ​នេះ​កើតឡើង​ជា​បន្តបន្ទាប់​ក្នុង​បណ្តា​ប្រទេស​កំពុង​អភិវឌ្ឍន៍​ជាច្រើន​ជាក់ស្តែង​គឺ​ប្រទេស​កម្ពុជា​។

ប្រជាពលរដ្ឋ​ពុំ​មាន​បទពិសោធ​ទទួល​បាន​នយោបាយ​ដែល​​មាន​លក្ខណៈ​ប្រសើរ​ និង​ស្មោះត្រង់​អស់​រយៈពេល​យូរ​មក​​ហើយ។ ព្រឹតិ្តការណ៍​ជាច្រើន​នៅក្នុង​ការ​ចងចាំ​របស់​យើង​​ថ្មីៗ​នេះ​គឺជា​ភ័ស្តុតាង​បង្ហាញ​ពី​ការ​សងសឹក ការ​មិន​ទុក​ចិត្ត​គ្នា​ដែល​ពេល​ខ្លះ​ឈាន​ទៅ​ដល់​អំពើ​ស្អប់ខ្ពើម​គ្នា​តាមរយៈ​ការ​ប្រើប្រាស់​ពាក្យ​សម្តី​គ្មាន​ក្រម​សីលធម៌​ប្រឆាំង​នឹង​ក្រុម​ជន​ភាគតិច​ជាដើម។



ត្រឡប់​ទៅ​ដល់​និយមន័យ​នៃ​ការ​ពុកផុយ​នយោបាយ​វិញ​គឺ​សំដៅ​ទៅ​ដល់​អសមត្ថភាព​របស់​ស្ថាប័ន​នយោបាយ​ក្នុង​ការ​ឆ្លើយតប​ទៅ​នឹង​តម្រូវការ​ថ្មីៗ​ក្នុង​សង្គម។ និយាយ​ម្យ៉ាង​ទៀត​ការ​ពុកផុយ​នយោបាយ​កើតឡើង​នៅពេល​ដែល​រដ្ឋ​លែង​មាន​​សមត្ថភាព​ក្នុង​ការ​ឆ្លើយតប​ទៅ​នឹង​តម្រូវការ​នានា​របស់​សង្គម​តែ​បែរ​ជា​ព្យាយាម​បន្ត​ស្ថានភាព​បច្ចុប្បន្ន​ដែល​ពុំ​ឆ្លើយតប​ទៅ​នឹង​តម្រូវការ​ថ្មី​នេះ។ នេះ​បើ​យោង​ទៅ​តាម​ទ្រឹស្តី​ក្នុង​សៀវភៅ ​Political Order In Changing Societies របស់​វិទ្យាសាស្ត្រ​វិទូ​ផ្នែក​នយោបាយ​លោក Samuel Huntington ដែល​បាន​បង្ហាញ​ថា​បាតុភូត​នេះ​តែង​កើតឡើង​ក្នុង​បណ្តា​ប្រទេស​កំពុង​អភិវឌ្ឍន៍​ជាច្រើន​ពេល​ដែល​ស្ថាប័ន​រដ្ឋ​ទាំងនោះ​ពុំ​មាន​លទ្ធភាព​ឆ្លើយតប​ទៅ​នឹង​រលក​នៃ​ទំនើប​ភាវូបនីយកម្ម។

បើ​យើង​អនុវត្ត​ទ្រឹស្តី​របស់​ Huntington ទៅលើ​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា​យើង​ឃើញ​លទ្ធផល​គួរ​ឲ្យ​សោកស្តាយ​គឺ​រដ្ឋបាល​សាធារណៈ​នៅ​កម្ពុជា​នា​ពេល​បច្ចុប្បន្ន​ជា​រឿយៗ​តែង​ពុំ​មាន​ប្រសិទ្ធភាព​ទេ​ពុំ​អាច​បំពេញ​ការងារ​របស់​ខ្លួន​ហើយ​ត្រូវ​រង់ចាំ​ទទួល​ការ​ចង្អុល​បង្ហាញ​ស្ទើរ​រាល់​ថ្ងៃ​ពី​ថ្នាក់​លើ។

ឧទាហរណ៍​មួយ​ក្នុង​ចំណោម​ឧទាហរណ៍​ផ្សេង​ទៀត​ដែល​ឆ្លុះ​បញ្ចាំង​ពី​ការ​ពុក​ផុយ​នយោបាយ​កម្ពុជា​គឺ​ការ​អនុម័ត​ច្បាប់​ស្តីពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​នា​ពេល​ថ្មីៗ​នេះ។ ការ​ស្រាវជ្រាវ​បាន​បង្ហាញ​ថា​សមាគម​ និង​អង្គការ​មិនមែន​រដ្ឋាភិបាល​បាន​និង​កំពុង​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ផ្តួចផ្តើម​ និង​បង្រៀន​ប្រជាពលរដ្ឋ​ក្រីក្រ​ឲ្យ​ចេះ​ចូលរួម​ចំណែក និង​គាំទ្រ​នូវ​លទ្ធិប្រជាធិបតេយ្យ​សេរី​តែ​រដ្ឋ​បែរ​ជា​សម្រេច​យក​គោល​នយោបាយ​ដើរ​ថយ​ក្រោយ​ដោយ​អនុម័ត​នូវ​ច្បាប់​រឹតបន្តឹង​ដែល​អាច​ធ្វើឲ្យ​មាន​ការ​រាំងស្ទះ​ដល់​ដំណើរការ​ប្រជាធិបតេយ្យ​ទៅវិញ។

តាមរយៈ​ទង្វើ​នេះ​ហើយ​ទើប​មាន​អ្នក​អត្ថាធិប្បាយ​ជាច្រើន​បាន​ធ្វើការ​កត់សម្គាល់​ថា​រដ្ឋ​ពុំ​អាច​ឆ្លើយតប​ទៅ​នឹង​ល្បឿន​ឆ្ពោះ​ទៅកាន់​លទ្ធិប្រជាធិបតេយ្យ​សេរី​នៅក្នុង​ផ្នត់​គំនិត​របស់​ប្រជាពលរដ្ឋ​ក្រីក្រ។ ដូច្នេះ ​ហើយ​ជា​ជាង​ការ​ពង្រឹង​តួនាទី​ក្នុង​ការ​ជំរុញ​លទ្ធិប្រជាធិបតេយ្យ​រដ្ឋ​បែរ​ជា​ដើរ​ថយ​ក្រោយ​ដោយ​ងាក​ទៅ​រក​ការ​គ្រប់គ្រង​មួយ​មាន​លក្ខណៈ​ស្រដៀង​នឹង​ការ​គ្រប់គ្រង​បែប​ប្រើ​កម្លាំង​ដែល​បារាំង​ហៅ​ថា étatpolicier ដែល​ប្រទេស​យើង​បាន​លះបង់​ចោល​តាំងពី​យូរ​មក​ហើយ។ អ្វី​ដែល​កាន់តែ​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ទៀត​នោះ​គឺ​នៅ​ត្រង់​ថា​ «ពង្រឹង​និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​រវាង​រដ្ឋ​ និង​សង្គម​ស៊ីវិល» ត្រូវ​បាន​ចារឹក​ទុក​ក្នុង​កម្មវិធី​នយោបាយ​របស់​រាជរដ្ឋាភិបាល​នីតិកាល​ទី ៥ នៃ​រដ្ឋសភា។ ហេតុអ្វី​បាន​ជា​មិន​គោរព​តាម​ពាក្យ​សន្យា​នេះ?

នៅ​ក្នុង​អត្ថបទ​ក្រោម​ចំណង​ជើង​ថា «The Sources of Political Dysfunction» បោះពុម្ព​ក្នុង​ទស្សនាវដ្ដី Foreign Affairs វិទ្យាសាស្ត្រ​វិទូ​ផ្នែក​នយោបាយ​លោក Francis Fukuyama បាន​ធ្វើការ​ពន្យល់​ថា​មាន​មូលហេតុ​ពីរ​សំខាន់ៗ​ដែល​ធ្វើឲ្យ​ការ​ពុកផុយ​នយោបាយ​កើតឡើង។ មូលហេតុ​ទី​មួយ​គឺ​ទាក់ទង​នឹង​បញ្ញាញាណ​របស់​មនុស្ស​ពោល​គឺ «មនុស្ស​តែង​មាន​អារម្មណ៍​ជាក់លាក់​មួយ​អំពី​ពិភពលោក​ជុំវិញ​ខ្លួន​ហើយ​តែងតែ​ជឿ​ទៅលើ​អារម្មណ៍​នោះ​ថា​ ត្រឹមត្រូវ​ទោះ​ជា​មាន​ភ័ស្តុតាង​ផ្ទុយ​ក៏ដោយ»។

មូលហេតុ​ទី​ពីរ ​គឺ​ដោយសារ​ក្រុម​ទទួល​ផលប្រយោជន៍​មាន​ន័យ​ថា​ «ស្ថាប័ន​បង្កើត​ក្រុម​ផ្ទៃក្នុង​ដែល​បាន​ផល​ចំណេញ​ពី​ស្ថានការណ៍​បច្ចុប្បន្ន​ហើយ​ប្រឆាំង​ទៅ​នឹង​សម្ពាធ​ពី​ការ​ធ្វើ​កំណែទម្រង់»។ បែប​បទ​ពីរ​នេះ​ហាក់​បី​ដូច​​ជា​ស៊ាំ​ទៅ​ហើយ​សម្រាប់​នយោបាយ​កម្ពុជា។

តើ​យើង​អាច​ដោះស្រាយ​ការ​ពុកផុយ​នយោបាយ​នេះ​យ៉ាង​ដូចម្តេច?​នេះ​ជា​កិច្ចការ​មួយ​ដែល​មិន​ងាយ​​ស្រួល​ទេ​តែ​ក៏​មិនមែន​ធ្វើ​មិន​បាន​ដែរ។ ដំបូង​ត្រូវ​ធ្វើការ​សិក្សា​អប់រំ​ខ្លួនឯង​ដើម្បី​បង្កើន​ទំនុក​ចិត្ត​ទៅលើ​ភ័ស្តុតាង​ដែល​មាន​លក្ខណៈ​វិទ្យាសាស្ត្រ។ ប្រសិន​បើ​ពលរដ្ឋ​ខ្មែរ​ទាមទារ​លទ្ធិ​ប្រជាធិបតេយ្យ​សេរី​អ្នក​ដឹកនាំ​ដែល​មាន​ភាព​ចាស់ទុំ​ និង​ប្រយ័ត្នប្រយែង​គួរ​សម្រប​ខ្លួន​ទៅ​តាម​ទំនោរ​នេះ​ប្រសិន​បើ​ពួកគេ​ចង់​​រក្សា​តម្លៃ​ផ្នែក​នយោបាយ​របស់​ខ្លួន។ បន្ទាប់​មក​ត្រូវ​មាន​យន្តការ​មួយ​ដើម្បី​បំបែក​ត្រី​ដែល​រលួយ​ពី​ត្រី​ដែល​ល្អ​ដើម្បី​ត្រួសត្រាយ​ផ្លូវ​សម្រាប់​កំណែ​ទម្រង់​មួយ​ដែល​មាន​ភាព​រុងរឿង។

ប្រសិន​បើ​លក្ខខណ្ឌ​ទាំង​ពីរ​ខាង​លើ (ការ​ជឿ​លើ​ភ័ស្តុតាង​វិទ្យាសាស្ត្រ និង​ការ​សម្រេចចិត្ត​ឲ្យ​មុតមាំ​ក្នុង​កំណែ​ទម្រង់) មិន​ត្រូវ​បាន​បំពេញ​ទេ​នោះ​អ្នក​ដែល​មិន​ព្រម​ទទួល​ស្គាល់​ការ​ពិត​នៃ​ការ​ពុក​ផុយ​នយោបាយ​ និង​តម្រូវការ​ក្នុង​ការ​ស្វែងរក​ដំណោះស្រាយ​នឹង​ដឹង​ថា​ខ្លួន​កំពុង​ស្ថិត​នៅ​ផ្នែក​ខាង​ខុស​នៃ​ទំនោរ​ប្រវត្តិសាស្ត្រ​ហើយ​ប្រហែល​ជា​ពិបាក​រក​ផ្លូវ​ដ៏​សមគួរ​ណា​មួយ​ដើម្បី​ត្រឡប់​មក​ផ្នែក​ខាង​ត្រូវ​វិញ​ណាស់៕

ព្រាប កុល នាយក​ប្រតិបត្តិ​នៃ​អង្គការ​តម្លាភាព​កម្ពុជា

1 comment:

Kim Ea said...

This article is so right about Khmer political of to day . The crack wider in the political mechanism functionality in both main parties and the force of restriction on the role of LANGO may walk this country backward, in both policy well being and democracy as well . the equilibrium of understanding between to two winners parties tantamount to create a path for a tenacious and long lasting democracy in the country , but it start to fade away in the eyes of hopeless Khmer voters. Both parties suppose to to find genuine and sustainable democracy to take root in the country, but in contrast each one separate from their original promise of serving people to destroy the people fabric instead . they never share responsibility or create an atmosphere of understanding or live well together and work hard for their constituencies . The question is whether ,our politicians in both parties are consequential obtuseness ? The regime who enjoyed happiness from others country guide , think they do the right thing for the country, but the obscure of people life under their rule show us the unrealistic of the country political maneuver like just a phenomenon call pareidolia ( brain ability to make shapes out of random object). Politic is and art of maneuver the situation of one country to the healthy and well being of the people , but if your leader with brain uncertainty or deficiency, they can drag this country and people down to trouble as well .