ដោយ ហ៊ុំ ចំរើន
2015-08-06 rfa
ក្រុមយុវជន និងព្រះសង្ឃ ចូលរួមវេទិកាស្ដីពីធនធានយើង អនាគតយើង ដែលរៀបចំដោយអង្គការកម្មវិធីអភិវឌ្ឍន៍ធនធានធម្មជាតិ នាខេត្តបាត់ដំបង កាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០១៥។ RFA/Hum Chamroeun |
ក្រុមយុវជនប្រមាណជាង ២០០នាក់ និងព្រះសង្ឃប្រមាណ ៥០អង្គ កាលពីថ្ងៃទី១ សីហា បានបង្ហាញការខ្វល់ខ្វាយទៅលើការគ្រប់គ្រងសម្បត្តិធនធានធម្មជាតិក្រោមដីរបស់រដ្ឋ ថាគ្មានតម្លាភាព នៅក្នុងវេទិកាយុវជនស្ដីពីធនធានយើង អនាគតយើង ដែលរៀបចំដោយអង្គការកម្មវិធីអភិវឌ្ឍន៍ធនធានធម្មជាតិ នៅសណ្ឋាគារខេមរាបាត់ដំបង១ ខេត្តបាត់ដំបង។
ក្រុមយុវជន និងព្រះសង្ឃទាំងនោះ ស្នើឲ្យអាជ្ញាធរពាក់ព័ន្ធ ធ្វើយ៉ាងណាគ្រប់គ្រងសម្បត្តិធនធានធម្មជាតិរបស់រដ្ឋឲ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីជាផលប្រយោជន៍រួមរបស់ប្រទេសជាតិនៅថ្ងៃអនាគត។
យុវជន និងព្រះសង្ឃដែលបានចូលរួមក្នុងវេទិកានោះ ភាគច្រើនមកពីតាមបណ្ដាខេត្តទូទាំងប្រទេស និងមានការចាប់អារម្មណ៍ខ្លាំងពីផលប៉ះពាល់នៃការវិនិយោគរ៉ែក្រោមដីរបស់រដ្ឋ ទៅឲ្យក្រុមហ៊ុនធ្វើអាជីវកម្ម និងអត្ថប្រយោជន៍ដែលរដ្ឋទទួលបានពីការវិនិយោគនោះ។ ក្រុមយុវជន និងព្រះសង្ឃលើកឡើងស្រដៀងគ្នាថា ការធ្វើអាជីវកម្មលើសម្បត្តិធនធានធម្មជាតិក្រោមដីរបស់រដ្ឋ រួមមានការរុករករ៉ែមាស និងប្រេងកាត ជាដើម ទាំងនៅក្នុងដែនដីគោក និងដែនសមុទ្រកន្លងទៅ តើរដ្ឋាភិបាលបានសិក្សាពីផលចំណេញ និងផលប៉ះពាល់ទៅលើប្រជាពលរដ្ឋដែរឬទេ?
ព្រះតេជព្រះគុណ សយ ចាន់សុមាលី គង់នៅវត្តប៉ាឆា ក្រុងបាត់ដំបង ខេត្តបាត់ដំបង មានព្រះថេរដីកាជាសំណួរពាក់ព័ន្ធនឹងការវិនិយោគរុករករ៉ែរបស់ក្រុមហ៊ុននានា ដែលកំពុងធ្វើសកម្មភាពនៅស្រុកកែវសីមា និងស្រុកអូររាំង ខេត្តមណ្ឌលគិរី ដើម្បីឲ្យវាគ្មិនដែលចូលរួមក្នុងកម្មវិធី ពន្យល់អំពីហេតុផលដែលរដ្ឋាភិបាលបានផ្ដល់អាជ្ញាប័ណ្ណឲ្យទៅក្រុមហ៊ុននានា ធ្វើអាជីវកម្មនៅតំបន់នោះ។
ព្រះអង្គ និងយុវជន ហាក់មានការព្រួយបារម្ភទៅលើការវិនិយោគនេះ ខ្លាចបង្កផលប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋ ច្រើនជាងផលប្រយោជន៍ដែលរដ្ឋទទួលបានពីការវិនិយោគនោះ៖ «ក្នុងការវិនិយោគរ៉ែនោះ តើខាងក្រសួងមានបានធ្វើការសិក្សាវាយតម្លៃពីផលប៉ះពាល់ផ្នែកបរិស្ថានដែរឬទេ? ហើយធ្វើឡើងដោយរបៀបណា?»។
ឆ្លើយតបនឹងការលើកឡើងនេះ អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានរ៉ែ នៃក្រសួងរ៉ែ និងថាមពល លោក យស មុនីរ៉ាត់ មានប្រសាសន៍នៅក្នុងកម្មវិធីនោះថា រាល់ការផ្ដល់អាជ្ញាប័ណ្ណរបស់រដ្ឋទៅឲ្យក្រុមហ៊ុនណាមួយធ្វើការវិនិយោគរ៉ែ ក្រសួងបានសិក្សាយ៉ាងល្អិតល្អន់ពីផលប៉ះពាល់នៃការរស់នៅរបស់ប្រជាពលរដ្ឋ និងផលប្រយោជន៍ដែលរដ្ឋទទួលបានរួចមកហើយ។ លោកអះអាងថា លុះណាផលប្រយោជន៍ដែលរដ្ឋទទួលបានច្រើនជាងផលប៉ះពាល់ទ្វេដង ទើបខាងក្រសួងផ្ដល់អាជ្ញាប័ណ្ណឲ្យក្រុមហ៊ុនធ្វើអាជីវកម្មរុករករ៉ែនោះបាន៖ «ខ្ញុំសូមជម្រាបជូនថា ការធ្វើអាជីវកម្មជីករ៉ែដែលអង្គការបានយកមកបង្ហាញក្នុងវេទិកានេះ គឺជាការធ្វើអាជីវកម្មដោយក្រុមប្រជាពលរដ្ឋចំណាកស្រុក រួមជាមួយប្រជាពលរដ្ឋក្នុងមូលដ្ឋានដោយខុសច្បាប់ទេ»។
លោកបន្តថា ក្រសួងរ៉ែ និងថាមពល កំពុងយកចិត្តទុកដាក់ទៅលើការធ្វើអាជីវកម្មរ៉ែដោយខុសច្បាប់របស់ប្រជាពលរដ្ឋ ដើម្បីឲ្យពួកគាត់បានយល់ដឹងជុំវិញបញ្ហានេះ និងរួមចំណែកការពារជាមួយក្រសួងពាក់ព័ន្ធ ដើម្បីទប់ស្កាត់ការរុករករ៉ែអនាធិបតេយ្យបន្តទៀត។
ក្រៅអំពីធនធានរ៉ែក្រោមដីនេះហើយ ក្រុមយុវជន និងព្រះសង្ឃ ក៏សម្ដែងការព្រួយបារម្ភអំពីការរុករករ៉ែប្រេងកាតនៅដែនសមុទ្ររបស់កម្ពុជា ដូចគ្នានេះដែរ។ ក្រុមយុវជន និងព្រះសង្ឃខ្លះ មានការព្រួយបារម្ភខ្លាចរដ្ឋាភិបាល មិនអាចគ្រប់គ្រងប្រាក់ចំណូលដែលរដ្ឋទទួលបានពីការវិនិយោគឲ្យក្រុមហ៊ុន ធ្វើអាជីវកម្មប្រេងកាតនៅដែនសមុទ្រកម្ពុជា នោះ ដោយលើកឡើងថា ប្រទេសកម្ពុជា ខ្វះខាតធនធានមនុស្ស និងខ្វះថវិកាក្នុងការគ្រប់គ្រងចាត់ចែងទៅលើផ្នែកនេះ។ បញ្ហានេះហាក់បង្ហាញឲ្យឃើញថា ប្រសិនបើរដ្ឋាភិបាលគ្រប់គ្រងប្រាក់ចំណូលផ្នែកនេះមិនបានល្អ វាអាចធ្វើឲ្យបាត់បង់ប្រាក់ចំណូលរបស់ជាតិ ធ្លាក់ទៅលើឯកជនបាន៖ «បើសិនជាយើងខ្វះធនធានមនុស្សក្នុងការកែច្នៃបែបនេះ តើវាជាការចំណេញ ឬខាតយ៉ាងណាដែរ? ប្រសិនបើប្រៀបធៀបការប៉ះពាល់ទៅបរិស្ថាននោះ តើការបែងចែកប្រេងកាតតាមរបៀបកិច្ចព្រមព្រៀង និងកិច្ចសន្យាបែងចែកផលិតផលនោះ មានគុណសម្បត្តិ និងគុណវិបត្តិអ្វីខ្លះដល់រដ្ឋ?»។
ជីករ៉ែមាសត្បូង ប៉ៃលិន ៦២០
សកម្មភាពរុករករ៉ែត្បូងរបស់ក្រុមហ៊ុនមរតកជីម នៅចំណុចធូរេន២ដើម សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន កាលពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៤។ Photo Provided
|
ឆ្លើយតបនឹងបញ្ហានេះដែរ អគ្គនាយកនៃអគ្គនាយកដ្ឋានប្រេងកាតកម្ពុជា លោក ជៀប សួរ មានប្រសាសន៍ថា តំបន់ប្រេងកាតរបស់កម្ពុជា បែងចែកជា ២៥ប្លុក ឬក្រុម គឺនៅតំបន់ដែនគោកចំនួន ១៩ប្លុក និងដែនសមុទ្រចំនួន ៦ប្លុក ក្នុងនោះតំបន់ប្រេងកាតនៅដែនសមុទ្រចំនួន ២ប្លុក កំពុងធ្វើការរុករក ប៉ុន្តែលោកមិនបានបញ្ជាក់អំពីក្រុមហ៊ុនដែលទទួលបានអាជ្ញាប័ណ្ណរុករករ៉ែប្រេងកាតនោះច្បាស់លាស់នៅឡើយទេ។ លោកបញ្ជាក់ថា ប្រាក់ចំណូលដែលរដ្ឋទទួលបានពីវិស័យនេះ ត្រូវឆ្លងកាត់មន្ត្រីជំនាញត្រួតពិនិត្យត្រឹមត្រូវ ពោលគឺក្រុមហ៊ុនដែលទទួលបានអាជ្ញាប័ណ្ណវិនិយោគធ្វើអាជីវកម្មប្រេងកាតទាំងអស់ ត្រូវបង់ពន្ធជូនរដ្ឋយ៉ាងតិចពី ៦៨% ទៅ ៧៨% នៃប្រាក់ចំណូលដែលទទួលបានពីវិស័យនេះ៖ «គឺមុននឹងយើងធ្វើការសម្រេចឲ្យមានការវិនិយោគណា យើងមានការវិភាគសេដ្ឋកិច្ចជាមុនសិន ថាផលប្រយោជន៍ពីគម្រោងនោះបានទៅខាងឯកជនប៉ុន្មាន? គឺធ្វើយ៉ាងណាយើងទទួលបានផលចំណេញខ្ពស់បំផុត»។
ទោះជាយ៉ាងនេះក្ដី ប្រធានអង្គការសម្ព័ន្ធកម្ពុជា ដើម្បីតម្លាភាពចំណូលធនធាន អ្នកស្រី គឹម ណាតាសា មានប្រសាសន៍ថា ការគ្រប់គ្រងប្រាក់ចំណូលទាំងវិស័យប្រេងកាត និងការរុករករ៉ែក្រោមដីជាប្រាក់ចំណូលសំខាន់របស់ប្រទេសជាតិ ដើម្បីយកទៅអភិវឌ្ឍក្នុងវិស័យផ្សេងៗឲ្យរីកចម្រើន។ អ្នកស្រីជំរុញឲ្យអាជ្ញាធរពាក់ព័ន្ធ យកចិត្តទុកដាក់ធ្វើយ៉ាងណាគ្រប់គ្រងប្រាក់ចំណូលនេះឲ្យមានតម្លាភាព ដើម្បីជាប្រយោជន៍ដល់ការអភិវឌ្ឍសង្គមជាតិទៅថ្ងៃអនាគត៖ «ពីព្រោះថាត្រូវរាល់ការអភិវឌ្ឍទាំងអស់ យើងចាំបាច់ត្រូវការខ្លួនឲ្យបានរឹងមាំ មានន័យថា យើងត្រូវគិតគូរឲ្យបានច្បាស់លាស់ទៅលើការគ្រប់គ្រងចំណូល ទៅលើវិស័យប្រេងកាតនោះជាមុនឲ្យបានល្អ»។
ទោះយ៉ាងណា អ្នកស្រីបញ្ជាក់ថា ទាំងការរុករករ៉ែ និងប្រេងកាត ស្ថិតនៅក្នុងការសិក្សានៅឡើយ គឺរដ្ឋាភិបាលកម្ពុជា ពុំទាន់ទទួលបានប្រាក់ចំណូលលើផ្នែកធនធានធម្មជាតិនេះនៅឡើយទេ ក៏ប៉ុន្តែការសិក្សាស្រាវជ្រាវពីការរុករកធនធានរ៉ែនេះ ខាងរដ្ឋាភិបាលហាក់មិនទាន់បង្ហាញឯកសារឲ្យបានទូលំទូលាយនៅឡើយ៕
No comments:
Post a Comment