A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday 19 August 2015

មន្ត្រី​បក្ស​ប្រឆាំង​ចាត់​ទុក​ការ​ចាប់​សកម្មជន​ជា​បន្តបន្ទាប់​ថា​ពុំ​មែន​ជា​ដំណោះស្រាយ

ដោយ ម៉ម មុនីរតន៍
2015-08-18 rfa

ន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​អ្នក​នាំ​ពាក្យ លោក យឹម សុវណ្ណ (ឆ្វេង) និង​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា លោក ព្រំ សុខា ធ្វើ​សន្និសីទ​កាសែត​ក្រោយ​បញ្ចប់​កិច្ច​ចរចា​នៅ​រដ្ឋ​សភា នៅ​ថ្ងៃ​ទី​៥ វិច្ឆិកា ឆ្នាំ​២០១៣។
Photo: RFA


មន្ត្រី​ជាន់​ខ្ពស់​នៃ​គណបក្ស​សង្គ្រោះ​ជាតិ ហៅ​ការ​ចាប់​ខ្លួន​សកម្មជន និង​សមាជិក​ព្រឹទ្ធសភា​គណបក្ស​ជំទាស់​ថា វា​ពុំ​មែន​ជា​ដំណោះស្រាយ​ដ៏​ល្អ​ឡើយ។ ផ្ទុយ​ទៅ​វិញ បញ្ហា​នេះ​កាន់​តែ​បង្ក​ភាព​ស្មុគស្មាញ​បន្ថែម​ទៀត។

ការ​ថ្លែង​ដូច​នេះ​របស់​គណបក្ស​ប្រឆាំង ស្រប​ពេល​វីដេអូ​ឃ្លីប​មួយ​ដែល​ផលិត​ដោយ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី ត្រូវ​បាន​គេ​បញ្ចេញ​ជា​សាធារណៈ និង​ចែក​ចាយ​បន្ត​គ្នា​នៅ​បណ្ដាញ​សង្គម ជុំវិញ​សកម្មភាព​នានា​របស់​តំណាង​រាស្ត្រ​គណបក្ស​ជំទាស់ ទាក់ទិន​រឿង​ព្រំដែន​ជាមួយ​វៀតណាម។

ខ្សែ​អាត់​វីដេអូ​ដែល​មាន​ចំណង​ជើង​ថា តើ​វិធានការ​ផ្លូវ​ច្បាប់​ទៅ​លើ​សមាជិក​ព្រឹទ្ធសភា ដែល​រដ្ឋាភិបាល​ចោទ​ថា បាន​ប្រព្រឹត្ត​បទល្មើស​ជាក់ស្ដែង បាន​ធ្វើ​ឡើង​ត្រឹមត្រូវ​តាម​នីតិវិធី​ដែរ​ឬ​ទេ?

តាម​រយៈ​ឃ្លីប​វីដេអូ​ដែល​មាន​រយៈពេល​ជិត ៣០​នាទី​នេះ ត្រូវ​បាន​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ជំទាស់​យល់​ឃើញ​ថា វា​ពុំ​មែន​ជា​មធ្យោបាយ​ក្នុង​ការ​បញ្ចប់​ភាព​ប្រេះឆា​ផ្ទៃ​ក្នុង​របស់​ប្រទេស​កម្ពុជា បាន​ឡើយ ដរាប​ណា​អ្នក​នយោបាយ​នៅ​តែ​ពុំ​ព្រម​ចូល​តុ​ចរចា ហើយ​យក​គោល​នយោបាយ​ជាតិ​រួម​តែ​មួយ​នោះ។



ការ​ថ្លែង​ដូច​នេះ​របស់ លោក យឹម សុវណ្ណ មន្ត្រី​នាំ​ពាក្យ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ ធ្វើ​ឡើង​បន្ទាប់​ពី​ទីស្ដីការ​គណៈរដ្ឋមន្ត្រី បញ្ចេញ​ខ្សែ​អាត់​វីដេអូ​នៅ​ថ្ងៃ​ទី​១៨ សីហា ដែល​និយាយ​យ៉ាង​ពិស្ដារ​ជុំវិញ​ភាព​ស្រប​ច្បាប់ នៃ​ការ​ចាប់​ខ្លួន​សមាជិក​ព្រឹទ្ធសភា​ពី​គណបក្ស សម រង្ស៊ី និង​ទាញ​ភ្ជាប់​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន ម្នាក់​ទៀត​ផង។ លោក យឹម សុវណ្ណ យល់​ឃើញ​ថា ដើម្បី​ឲ្យ​កម្ពុជា មាន​ភាព​រឹងមាំ និង​ខ្លាំង​ទៅ​បាន វា​ទាល់​តែ​គ្រប់​គណបក្ស​នយោបាយ ឯកភាព​ក្នុង​គោលការណ៍​តែ​មួយ និង​បញ្ឈប់​យក​ឈ្នះ​ចាញ់​គ្នា​ក្នុង​រឿង​ជាតិ។ បើ​មិន​ដូច្នេះ​ទេ កម្ពុជា នឹង​នៅ​តែ​ត្រូវ​បាន​បរទេស​ជ្រៀតជ្រែក ហើយ​ពេបជ្រាយ​ជា​បន្ត។ លោក​បន្ត​ថា «ការ​បោះ​បង្គោល​ព្រំដែន​តម្លាភាព​ត្រឹមត្រូវ យើង​បើក​ទូលាយ យើង​រួម​គ្នា​ធ្វើ​ការ​ទាំងអស់​គ្នា​ទៅ ទាល់​តែ​ធ្វើ​បែប​ហ្នឹង​បាន​បរទេស​គេ​មិន​មើល​ងាយ​យើង។ ឥឡូវ​បើ​យើង​ចេះ​តែ​បង្កើត​ចេះ​បង្កើត​ចុះ មាន​បញ្ហា​កន្លង​មក ម្នាក់ៗ​រវល់​តែ​ដោះស្រាយ​តែ​គ្នា​ឯង​ផ្ទៃ​ក្នុង តើ​បរទេស​គេ​យល់​ឃើញ​ថា​ម៉េច?»។

ខ្សែ​អាត់​វីដេអូ​ដែល​ត្រូវ​បាន​ទីស្ដីការ​គណៈរដ្ឋមន្ត្រី បញ្ចេញ​ជា​សាធារណៈ​នៅ​ថ្ងៃ​ទី​១៨ សីហា មាន​រយៈពេល ២៨​នាទី និង ៤៨​វិនាទី គឺ​និយាយ​យ៉ាង​ពិស្ដារ​ពី​គោលការណ៍​ច្បាប់​ចំពោះ​ការ​ចាប់​ខ្លួន លោក ហុង សុខហួរ និង​ទាញ​ភ្ជាប់​ព្រឹត្តិការណ៍​រឿង​ព្រំដែន​នេះ​ទៅ លោក អ៊ុំ សំអាន ផង ហើយ​ចាត់​ទុក​ថា ការ​លើក​ឡើង​របស់​ក្រុម​គណបក្ស​ជំទាស់ គឺ​ជា​ការ​មួលបង្កាច់​រដ្ឋាភិបាល​ក្នុង​រឿង​ព្រំដែន​ដែល​ខុស​ពី​ការ​ពិត។

លោក ហុង សុខហួរ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​នៅ​ព្រឹក​ថ្ងៃ​ទី​១៥ សីហា នៅ​ភូមិគ្រឹះ​មួយ​កន្លែង​ក្នុង​ខណ្ឌ​ពោធិ៍សែនជ័យ បន្ទាប់​ពី​គេច​ខ្លួន​អស់​រយៈពេល ២​ថ្ងៃ ក្រោយ​ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បញ្ជា​ឲ្យ​តាម​ចាប់​ខ្លួន​ពី​បទ​ក្លែង​ឯកសារ​សាធារណៈ។

លោក ទិត្យ សុធា មន្ត្រី​នាំ​ពាក្យ​នៃ​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី ថ្លែង​ថា គោល​បំណង​នៃ​ការ​បញ្ចេញ​ខ្សែ​អាត់​វីដេអូ​នេះ គឺ​ចង់​បង្ហាញ​ថា ការ​ចោទ​ប្រកាន់​ប្រឆាំង​រដ្ឋាភិបាល វា​មិន​មែន​ជា​រឿង​ត្រឹមត្រូវ ជាពិសេស អ្វី​ដែល​តុលាការ​មាន​វិធានការ​នោះ គឺ​ជា​ការ​អនុវត្ត​តាម​នីតិវិធី។ លោក ទិត្យ សុធា បដិសេធ​ថា រហូត​មក​ដល់​ពេល​នេះ រដ្ឋាភិបាល​នៅ​ពុំ​ទាន់​មាន​ចំណាត់​ការ​ណា​មួយ​នៅ​ឡើយ​ទេ ជុំវិញ​សកម្មភាព​របស់ លោក អ៊ុំ សំអាន តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ នោះ។ លោក​បន្ត​ថា «គាត់​ក៏​ធ្លាប់​បាន​ប្រើប្រាស់​ភាសា​បែប​នេះ​នៅ​ក្នុង​ការ​ធ្វើ​នយោបាយ​របស់​គាត់។ អ៊ីចឹង​យើង​មិន​អាច​ទៅ​ទស្សន៍ទាយ​ជោគ​វាសនា​របស់​ឯកឧត្ដម អ៊ុំ សំអាន អាច​នឹង​ត្រូវ​ប្រឈម​មុខ​ផ្លូវ​ច្បាប់​យ៉ាង​នោះ​ទេ ក៏ប៉ុន្តែ​បុគ្គល​គ្រប់​រូប​ត្រូវ​តែ​ប្រឈម​ចំពោះ​មុខ​ច្បាប់»។

ជុំវិញ​ការ​ចាប់​ខ្លួន​សមាជិក​ព្រឹទ្ធសភា​ពី​គណបក្ស សម រង្ស៊ី នេះ​ដែរ អង្គការ និង​សមាគម​ចំនួន ១៤​ស្ថាប័ន បាន​ទាមទារ​ឲ្យ​ដោះ​លែង លោក ហុង សុខហួរ ជា​បន្ទាន់។ ការ​អំពាវនាវ​របស់​ក្រុម​អង្គការ​មិន​មែន​រដ្ឋាភិបាល​នៅ​ពេល​នេះ ធ្វើ​ឡើង​មួយ​ថ្ងៃ​បន្ទាប់​ពី​ព្រឹទ្ធសភា សម្រេច​ប្រជុំ​ដក​អភ័យ​ឯកសិទ្ធិ​សមាជិក​ព្រឹទ្ធសភា លោក ហុង សុខហួរ កាល​ពី​ថ្ងៃ​ទី​១៧ សីហា។ អង្គការ​មិន​មែន​រដ្ឋាភិបាល​ទាំង​នេះ ចាត់​ទុក​ការ​ចាប់​ខ្លួន និង​ការ​ឃុំ​ខ្លួន​នោះ ពុំ​ស្រប​នឹង​រដ្ឋធម្មនុញ្ញ និង​ក្រោម​ហេតុផល​នយោបាយ។

លោក សុក សំអឿន ប្រធាន​ការិយាល័យ​មេធាវី​ក្រុម​អ្នក​ច្បាប់​អមរិន្ទ្រ យល់​ឃើញ​ថា ខ្លឹមសារ​នៃ​ច្បាប់​ដែល​និយាយ​ពី​បទល្មើស​ជាក់ស្ដែង​នេះ នៅ​មាន​ភាព​ចន្លោះ​ប្រហោង​ក្នុង​ការ​បកស្រាយ។ លោក​បញ្ជាក់​ថា ករណី​នេះ​ជា​ហេតុផល​ដែល​ងាយ​ស្រួល​ក្នុង​ការ​ដាក់​បន្ទុក​ទៅ​លើ​ជន​ណា​ម្នាក់។ លោក​ចាត់​ទុក​ថា សម្រាប់​សំណុំ​រឿង លោក ហុង សុខហួរ អាច​រាប់​បាន​ថា ហាក់​ផុត​ពី​ភាព​ជាក់ស្ដែង​ទៅ​ហើយ។ ដោយឡែក​ករណី លោក អ៊ុំ សំអាន វិញ គឺ​ពុំ​មាន​ធាតុ​ផ្សំ​ណា​មួយ​ដែល​កំណត់​ថា ជា​បទល្មើស​ជាក់ស្ដែង ដោយ​គ្រាន់​តែ​បញ្ចេញ​មតិ​យោបល់​ក្នុង​ហេតុផល​ណា​មួយ​នោះ​ឡើយ។ លោក​បន្ត​ថា «ការ​ចាប់​ខ្លួន ហើយ​និង​សកម្មភាព​កំពុង​ប្រព្រឹត្ត​ហ្នឹង គឺ​វា​ឆ្ងាយ​ពេក​ហ្នឹង​ទី​មួយ។ ទី​ពីរ ដល់​រឿង​ឃុំ​សមាជិក​ព្រឹទ្ធសភា មិន​គួរ​ណា​យក​គន្លឹះ​ប៉ុណ្ណឹង​ថា​ជា​បទល្មើស​ជាក់ស្ដែង ចាប់​ដោយ​មិន​មាន​ការ​ដក​អភ័យ​ឯកសិទ្ធិ»។

រហូត​មក​ដល់​ពេល​នេះ រដ្ឋាភិបាល​ពុំ​ទាន់​ចេញ​លិខិត​ជា​ផ្លូវ​ការ​ណា​មួយ តាម​ចាប់​ខ្លួន​អ្នក​តំណាង​រាស្ត្រ លោក អ៊ុំ សំអាន ទេ ក៏ប៉ុន្តែ​មាន​សេចក្ដី​រាយការណ៍​ថា លោក អ៊ុំ សំអាន បាន​ភៀស​ខ្លួន​ទៅ​ក្រៅ​ប្រទេស ដោយ​គេច​ចេញ​ពី​ការ​ចាប់​ខ្លួន​ដោយ​សមត្ថកិច្ច។ ដោយឡែក លោក ខៀវ សុភ័គ ធ្លាប់​បាន​បដិសេធ​ថា ក្រសួង​មហាផ្ទៃ ពុំ​ដែល​បាន​ដឹង​ព័ត៌មាន​ចាប់​ខ្លួន​នេះ​នៅ​ឡើយ​ទេ។ រីឯ​មន្ត្រី​នាំ​ពាក្យ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ វិញ ក៏​មិន​បាន​បញ្ជាក់​ច្បាស់លាស់​ថា លោក អ៊ុំ សំអាន មាន​បេសកកម្ម​ទៅ​ប្រទេស​ណា​ដែរ៕

No comments: