A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday 5 August 2015

មន្ត្រី​ទំនាក់​ទំនង​ព្រំដែន​រារាំង​អ្នក​កាសែត​មិន​ឲ្យ​យក​ព័ត៌មាន​ពី​កិច្ច​ប្រជុំ​នៅ​ប៉ោយប៉ែត

ដោយ ហ៊ុំ ចំរើន
2015-08-04 rfa

សកម្មភាព​មន្ត្រី​ទំនាក់ទំនង​ព្រំដែន​កម្ពុជា-ថៃ រារាំង​អ្នក​កាសែត​មិន​ឲ្យ​ចូល​យក​ព័ត៌មាន​នៅ​មុខ​សណ្ឋាគារ លី​ហេង ឆាយ ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ នៅ​ថ្ងៃ​ទី​៤ ខែ​សីហា ឆ្នាំ​២០១៥។
Photo Provided

អ្នក​យក​ព័ត៌មាន​នៅ​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ចោទ​ប្រកាន់​មន្ត្រី​ការិយាល័យ​ទំនាក់ទំនង​ព្រំដែន​កម្ពុជា-ថៃ ថា​រារាំង​អ្នក​កាសែត​មិន​ឲ្យ​ចូល​យក​ព័ត៌មាន និង​ផ្ដិត​យក​រូបភាព ដើម្បី​ផ្សព្វផ្សាយ​ដល់​សាធារណជន​បាន​ដឹង នៅ​ក្នុង​កិច្ច​ប្រជុំ​បូក​សរុប​ការងារ​ប្រចាំ​ឆមាស និង​ផ្លាស់ប្ដូរ​តំណែង​មន្ត្រី​ប្រចាំ​ការ​ច្រក​មួយ​ចំនួន​នា​សណ្ឋាគារ លី​ហេង ឆាយ ក្រុង​ប៉ោយប៉ែត នៅ​ព្រឹក​ថ្ងៃ​ទី​៤ សីហា។

ក្រុម​អ្នក​កាសែត ហៅ​ការ​រារាំង​ពី​សំណាក់​មន្ត្រី​ទំនាក់ទំនង​ព្រំដែន​នេះ ថា​ជា​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​ដល់​អ្នក​សារព័ត៌មាន។

ក្រុម​អ្នក​កាសែត​នៅ​ក្រុង​ប៉ោយប៉ែត ប្រតិកម្ម​ភ្លាមៗ​ទៅ​នឹង​មន្ត្រី​ការិយាល័យ​ទំនាក់ទំនង​ព្រំដែន​កម្ពុជា-ថៃ ដែល​មិន​អនុញ្ញាត​ឲ្យ​ពួក​គាត់​ចូល​យក​ព័ត៌មាន​នៅ​ក្នុង​កិច្ច​ប្រជុំ​នោះ​ថា ជា​កាយវិការ​មួយ​ក្នុង​ចេតនា​អាក្រក់​បិទ​បាំង​ដល់​អ្នក​សារព័ត៌មាន ដើម្បី​មិន​ឲ្យ​ធ្វើ​ការ​ផ្សព្វផ្សាយ​ចេញ​ទៅ​ខាង​ក្រៅ។



ក្រុម​អ្នក​សារព័ត៌មាន​ប្រចាំ​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ថ្លែង​នៅ​ថ្ងៃ​ទី​៤ សីហា ថា មន្ត្រី​ការិយាល័យ​ទំនាក់ទំនង​ព្រំដែន​កម្ពុជា-ថៃ បាន​រារាំង​អ្នក​កាសែត​គ្រប់​ស្ថាប័ន លើក​លែង​តែ​អ្នក​យក​ព័ត៌មាន​របស់​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៥ មួយ​ប៉ុណ្ណោះ។ ក្រៅ​ពី​នោះ គឺ​មិន​អនុញ្ញាត​ឲ្យ​ចូល​យក​ព័ត៌មាន​នៃ​កិច្ច​ប្រជុំ​បូក​សរុប​ការងារ​ប្រចាំ​ឆមាស​ទី​១ និង​ទិសដៅ​ឆមាស​ទី​២ និង​ការ​ផ្លាស់ប្ដូរ​មុខ​តំណែង​មន្ត្រី​ប្រចាំ​ការ​តាម​ច្រក​ព្រំដែន​មួយ​ចំនួន ដែល​ក្រោម​អធិបតីភាព លោក សៀក សុជាតិ អគ្គនាយក​ទីចាត់ការ​ការងារ​ព្រំដែន​កម្ពុជា និង​មន្ត្រី​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត​នៅ​ក្រុង​ប៉ោយប៉ែត នៅ​ព្រឹក​ថ្ងៃ​ទី​៤ សីហា នោះ​ទេ។ ក្រុម​អ្នក​កាសែត​ឲ្យ​ដឹង​ទៀត​ថា ការ​រារាំង​អ្នក​សារព័ត៌មាន​នេះ មន្ត្រី​ទំនាក់ទំនង​ព្រំដែន​ហាក់​មាន​ព័ត៌មាន​មិន​ល្អ​តាម​បណ្ដា​ព្រំដែន​កម្ពុជា-ថៃ បិទ​បាំង​ដល់​អ្នក​សារព័ត៌មាន ដើម្បី​កុំ​ឲ្យ​ធ្វើ​ការ​ផ្សព្វផ្សាយ​ចេញ​ទៅ​ខាង​ក្រៅ​បាន​ដឹង៖ «ពេល​ដែល​ខ្ញុំ​ចូល​ទៅ​យក​ព័ត៌មាន មន្ត្រី​យោធា​ប្រមាណ ៣​នាក់ រារាំង​មិន​ឲ្យ​ខ្ញុំ​ចូល​យក​ព័ត៌មាន​ទេ។ ដោយ​មន្ត្រី​ទាំង​នោះ​លើក​ឡើង​ថា វា​ជា​ការ​ប្រជុំ​ផ្ទៃ​ក្នុង​របស់​អង្គភាព​ខ្លួន​ទេ។ ខ្ញុំ​មាន​ការ​អាម៉ាស់​មុខ​ខ្លាំង​ណាស់ នៅ​ពេល​ដែល​មន្ត្រី​ទំនាក់ទំនង​ព្រំដែន គេ​បណ្ដេញ​ពួក​ខ្ញុំ​ចេញ​ដូចជា​សត្វ​ធាតុ មិន​ឲ្យ​ចូល​យក​ព័ត៌មាន»។

វិទ្យុ​អាស៊ីសេរី ពុំ​អាច​ទាក់ទង​ប្រធាន​ការិយាល័យ​ទំនាក់ទំនង​ព្រំដែន​កម្ពុជា-ថៃ គឺ​លោក ពេជ្រ វណ្ណា ដើម្បី​អត្ថាធិប្បាយ​ជុំវិញ​បញ្ហា​នេះ​បាន​ទេ​នៅ​ថ្ងៃ​ទី​៤ សីហា ដោយ​ទូរស័ព្ទ​របស់​លោក​ត្រូវ​មន្ត្រី​ក្រោម​ឱវាទ​ទទួល​ជំនួស ហើយ​ប្រាប់​ថា​លោក​កំពុង​ជាប់​រវល់។

ទោះ​យ៉ាង​នេះ​ក្ដី មន្ត្រី​សម្រប​សម្រួល​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (Adhoc) ខេត្ត​បន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា មាន​ប្រសាសន៍​ថា មន្ត្រី​ទំនាក់ទំនង​ព្រំដែន​កម្ពុជា-ថៃ មិន​ត្រូវ​រារាំង​អ្នក​កាសែត​មិន​ឲ្យ​ចូល​យក​ព័ត៌មាន​ក្នុង​កិច្ច​ប្រជុំ​បើក​ចំហ​នោះ​ទេ លើក​លែង​តែ​កិច្ច​ប្រជុំ​នោះ​មាន​ពាក់ព័ន្ធ​នឹង​ការងារ​សម្ងាត់​របស់​ប្រទេស​ជាតិ​ប៉ុណ្ណោះ។ លោក​ហៅ​ការ​រារាំង​អ្នក​កាសែត​នេះ ថា​ជា​ការ​បិទ​សិទ្ធិ​សេរីភាព​របស់​អ្នក​សារព័ត៌មាន ដែល​ទាញ​ទម្លាក់​របប​ប្រជាធិបតេយ្យ​ក្មេង​ខ្ចី​របស់​កម្ពុជា ដើរ​ថយ​ក្រោយ​វិញ៖ «ដូច្នេះ​រាល់​កិច្ច​ប្រជុំ​ដែល​ជា​ការងារ​បម្រើ​ប្រជាពលរដ្ឋ គឺ​មិន​ត្រូវ​លាក់លៀម​នោះ​ទេ។ ការ​លាក់​បាំង​មាន​តែ​មន្ត្រី​នោះ​បាន​ប្រព្រឹត្ត​អ្វី​ខុស ឬ​មាន​បញ្ហា​អ្វី​មួយ​ដែល​ធ្វើ​ឲ្យ​ភ័យ​ខ្លួន​ទេ ទើប​គេ​ប្រជុំ​ធ្វើ​ការ​បិទ​បាំង​មិន​ឲ្យ​អ្នក​កាសែត​ចូល​យក​ព័ត៌មាន​បែប​នេះ»។

មន្ត្រី​សង្គម​ស៊ីវិល​មើល​ឃើញ​ថា នៅ​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​មក​នេះ អ្នក​សារព័ត៌មាន​មួយ​ចំនួន ត្រូវ​បាន​មន្ត្រី​ស្ថាប័ន​កំពូលៗ​របស់​រដ្ឋ រារាំង និង​បណ្ដេញ​ចេញ ក្នុង​ពេល​ចុះ​យក​ព័ត៌មាន​ជា​បន្តបន្ទាប់។ កាល​ពី​ពេល​ថ្មីៗ​នេះ លោក ឈាង វុន មន្ត្រី​នាំ​ពាក្យ​នៃ​រដ្ឋសភា ក៏​ធ្លាប់​បណ្ដេញ​អ្នក​កាសែត​ចេញ​ពី​រដ្ឋសភា​ដែរ៕

No comments: