A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday 8 August 2015

គណបក្ស​សង្គ្រោះ​ជាតិ​នឹង​ប្រគល់​ផែនទី​ឲ្យ​រាជបណ្ឌិត្យសភា​នៅ​ថ្ងៃ​ច័ន្ទ

ដោយ យាង សុជាមេត្តា
2015-08-07 rfa

មន្ត្រី​រដ្ឋាភិបាល​បង្ហាញ​ផែនទី​ដែល​ប្រើប្រាស់​ដើម្បី​បោះ​បង្គោល​ព្រំដែន​រវាង​ប្រទេស​កម្ពុជា និង​វៀតណាម នា​ទីស្ដីការ​គណៈរដ្ឋមន្ត្រី នៅ​ថ្ងៃ​ទី​២ ខែ​កក្កដា ឆ្នាំ​២០១៥។
RFA/Rann Samnang

មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ អះអាង​នៅ​ថ្ងៃ​ទី​៧ សីហា ថា គណបក្ស​ប្រឆាំង​មួយ​នេះ​នឹង​ប្រគល់​ផែនទី​ទាំងអស់​ដែល​ខ្លួន​មាន ទៅ​ឲ្យ​រាជបណ្ឌិត្យសភា​កម្ពុជា នៅ​ថ្ងៃ​ច័ន្ទ សប្ដាហ៍​ក្រោយ។ ការ​ប្រកាស​របស់​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​បាន​មន្ត្រី​រាជបណ្ឌិត្យសភា​កម្ពុជា សម្ដែង​ការ​ស្វាគមន៍។

គណបក្ស​សង្គ្រោះ​ជាតិ បាន​ត្រៀម​ខ្លួន​រួច​ហើយ​ដើម្បី​ចូលរួម​ក្នុង​ការ​សិក្សា និង​ពិនិត្យ​ជាមួយ​ភាគី​ពាក់ព័ន្ធ​ទាំងអស់ នូវ​ផែនទី​ដែល​រដ្ឋាភិបាល​កំពុង​ប្រើប្រាស់​ដើម្បី​បោះ​បង្គោល​ខណ្ឌ​សីមា​ព្រំដែន​ជាមួយ​ប្រទេស​វៀតណាម។

ការ​ប្រកាស​របស់​គណបក្ស​សង្គ្រោះ​ជាតិ បែប​នេះ គឺ​ស្រប​ពេល​ដែល​អង្គការ​សហប្រជាជាតិ យល់​ព្រម​ឲ្យ​កម្ពុជា ខ្ចី​ផែនទី​មួយ​ចំនួន​ដើម្បី​យក​មក​សិក្សា បើ​ទោះ​ជា​ផែនទី​ទាំង​នោះ​មិន​មែន​ជា​ផែនទី​បោន​ខ្នាត ១/១០០.០០០ ដែល​កម្ពុជា បាន​ស្នើសុំ​ខ្ចី​ក៏ដោយ។

មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ូ ច័ន្ទឫទ្ធិ ឲ្យ​ដឹង​ថា ក្រៅ​តែ​ពី​ប្រគល់​ផែនទី​ដែល​ខ្លួន​មាន​ទៅ​ឲ្យ​រាជបណ្ឌិត្យសភា​កម្ពុជា បក្ស​ប្រឆាំង​ក៏​នឹង​ថ្វាយ​ផែនទី​ទាំងអស់​ទៅ​ព្រះមហាក្សត្រ ទៅ​រាជ​រដ្ឋាភិបាល និង​ស្ថាប័ន​ពាក់ព័ន្ធ​ដទៃ​ទៀត​ផង​ដែរ។ យ៉ាង​ណា​ក៏ដោយ លោក អ៊ូ ច័ន្ទឫទ្ធិ បញ្ជាក់​ថា ផែនទី​ដែល​បក្ស​ប្រឆាំង​មាន មិន​មែន​ជា​ផែនទី​ក្រដាស​នោះ​ទេ តែ​វា​ជា​ផែនទី​ថត​ចម្លង​ឌីជីថល (Digital)។ លោក អ៊ូ ច័ន្ទឫទ្ធិ សម្ដែង​ការ​សាទរ​ដែល​អង្គការ​សហប្រជាជាតិ បាន​ផ្តល់​ផែនទី​មួយ​ចំនួន​ឲ្យ​កម្ពុជា ខ្ចី បើ​ទោះ​ជា​លោក​ហាក់​សោកស្ដាយ ដោយសារ​ផែនទី​ដែល​អង្គការ​សហប្រជាជាតិ ឲ្យ​ខ្ចី​នោះ មិន​មែន​ជា​ផែនទី​ដែល​កម្ពុជា បាន​សុំ​ខ្ចី​ក៏ដោយ។ យ៉ាង​ណា​ក៏ដោយ លោក​ថា បក្ស​ប្រឆាំង​នឹង​ចូលរួម​ជាមួយ​ភាគី​ពាក់ព័ន្ធ ដើម្បី​ពិនិត្យ​មើល​ផែនទី​ទាំងអស់​គ្នា៖ «យើង​នឹង​ត្រៀម​ខ្លួន​ចូល​ពិនិត្យ​ដូច​សេចក្តី​សម្រេច​របស់​រដ្ឋាភិបាល​ដែរ ដែល​រៀបចំ​មាន​គណៈកម្មការ​ទទួល ប្រគល់ ហើយ​និង​ពិនិត្យ​ផែនទី​នេះ ខ្ញុំ​គិត​ថា ជា​គ្រឿង​ផ្សំ​មួយ​ដែល​ភាគី​ទាំងអស់​ចូលរួម​តាម​ដាន​ពិនិត្យ​មើល​ផែនទី»។
អ៊ូ ច័ន្ទឫទ្ធិ ៦២០
តំណាងរាស្ត្រ​មណ្ឌល​​ស្វាយរៀង មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ូ ច័ន្ទឫទ្ធិ ផ្ដល់​បទសម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី បន្ទាប់​ពី​ចប់​វេទិកា​ជួប​ជាមួយ​ពលរដ្ឋ​នៅ​ស្រុក​ចន្ទ្រា ខេត្ត​ស្វាយរៀង កាល​ពី​ថ្ងៃ​ទី​៣ ឧសភា ឆ្នាំ​២០១៥។ RFA/Men Sothyr



ទាក់ទង​នឹង​រឿង​ផែនទី​នេះ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី​៦ សីហា បាន​ផ្ញើ​លិខិត​ថ្លែង​អំណរ​គុណ​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ លោក បាន គីមូន (Ban Ki-Moon) ដែល​បាន​អនុញ្ញាត​ឲ្យ​កម្ពុជា ខ្ចី​ផែនទី​មួយ​ចំនួន​មក​ធ្វើ​ការ​ពិនិត្យ។ ក្នុង​ពេល​ជាមួយ​គ្នា លោក ហ៊ុន សែន ក៏​បាន​សម្រេច​បង្កើត​គណៈកម្មការ​ចំពោះ​កិច្ច​មួយ ដែល​មាន​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស លោក ហោ ណាំហុង ជា​ប្រធាន ដើម្បី​បំពេញ​ភារកិច្ច​ក្នុង​ការ​ទទួល និង​ប្រគល់​ផែនទី​ពី​អង្គការ​សហប្រជាជាតិ។ រដ្ឋាភិបាល ក៏​បាន​ប្រគល់​ផែនទី​របស់​ខ្លួន​ទៅ​ឲ្យ​លោក​បណ្ឌិត សុខ ទូច ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ នៃ​រាជបណ្ឌិត្យសភា​កម្ពុជា រួច​ហើយ​ដែរ កាល​ពី​ថ្ងៃ​ទី​៦ សីហា។

លោក ហ៊ុន សែន កាល​ពី​ពេល​ថ្មីៗ​នេះ ក៏​បាន​ព្រមាន​ដែរ​ថា លោក​នឹង​មិន​លើក​លែង​ឲ្យ​ក្រុម​ណា​មួយ​ដែល​អះអាង​ថា ខ្លួន​មាន​ផែនទី រួច​មិន​ព្រម​បង្ហាញ ឬ​មិន​ព្រម​ចូលរួម​ពិនិត្យ​មើល​ផែនទី​ទាំងអស់​គ្នា តែ​នៅ​ទី​បញ្ចប់ បែរ​ជា​នាំ​គ្នា​ដើរ​ស្រែក​រិះគន់​ទៅ​លើ​រដ្ឋាភិបាល​នោះ​ឡើយ។

ចំពោះ​ការ​ប្រកាស​របស់​បក្ស​ប្រឆាំង​នៅ​ពេល​នេះ​វិញ ត្រូវ​បាន​លោក​បណ្ឌិត សុខ ទូច សម្ដែង​ការ​សាទរ។ លោក​បណ្ឌិត សុខ ទូច មាន​ប្រសាសន៍​ថា ក្រុម​ការងារ​របស់​លោក ស្វាគមន៍​រាល់​ការ​ផ្តល់​ផែនទី​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់។ លោក​ថា បើ​ទោះ​ជា​ផែនទី​នោះ​ជា​ប្រភេទ​ផែនទី​ក្រដាស ឬ​ឌីជីថល​ក្តី។ មួយ​វិញ​ទៀត លោក​បញ្ជាក់​ថា បើ​ផែនទី​ដែល​គេ​ផ្តល់​ឲ្យ​ជា​ផែនទី​ឌីជីថល ក្រុម​ការងារ​លោក​នឹង​ស្វែងរក​ប្រភព​ដើម​នៃ​ផែនទី​នោះ​ដោយ​ខ្លួន​ឯង ព្រោះ​លោក​ថា នៅ​ពេល​វាស់វែង​លើ​ដី​ជាក់ស្តែង គេ​មិន​អាច​យក​ផែនទី​ឌីជីថល ដើម្បី​ធ្វើ​ការ​វាស់វែង​បាន​នោះ​ទេ៖ «ខាង​ខ្ញុំ​ទទួល​ទាំងអស់ ដើម្បី​សិក្សា​ស្រាវជ្រាវ ដើម្បី​ជា​ការ​ឯកភាព​ជាតិ ខ្ញុំ​រីករាយ​ណាស់​ដែល​គណបក្ស​សង្គ្រោះ​ជាតិ ផ្តល់​ឲ្យ ព្រោះ​យើង​ទទួល​បាន​ពី​គ្រប់​ប្រភព​អស់​ហើយ នៅ​សល់​តែ​គណបក្ស​សង្គ្រោះ​ជាតិ មួយ​ទៀត​ប៉ុណ្ណោះ»។

គណៈកម្មាធិការ​ព្រំដែន​កម្ពុជា នៅ​ប្រទេស​បារាំង បាន​ប្រគល់​ផែនទី​ជា​ទម្រង់​ឌីជីថល​ចំនួន ៤៩​ផ្ទាំង ទៅ​ឲ្យ​ក្រុម​ការងារ​របស់​លោក​បណ្ឌិត សុខ ទូច។ ប្រធាន​គណៈកម្មាធិការ​ព្រំដែន​កម្ពុជា លោក ស៊ាន ប៉េងសែ ឲ្យ​ដឹង​តាម​ទូរស័ព្ទ​ពី​ប្រទេស​បារាំង នៅ​ថ្ងៃ​ទី​៧ សីហា ថា លោក​នៅ​មាន​ផែនទី​ចំនួន ៩​ផ្ទាំង​ទៀត ដែល​ក្រុម​លោក​អាច​នឹង​ប្រគល់​ឲ្យ​រាជបណ្ឌិត្យសភា​កម្ពុជា ក្នុង​ពេល​ខាង​មុខ។ លោក ស៊ាន ប៉េងសែ ឲ្យ​ដឹង​ដែរ​ថា ក្រុម​ការងារ​លោក​នឹង​ជួប​ប្រជុំ​គ្នា​ក្នុង​ពេល​ឆាប់ៗ ដើម្បី​សម្រេច​ថា តើ​នឹង​មក​ចូលរួម ឬ​មិន​ចូលរួម​សិក្សា​ពិនិត្យ​មើល​ផែនទី​ទាំងអស់​គ្នា​នោះ។

យ៉ាង​ណា​ក៏ដោយ លោក​បណ្ឌិត សុខ ទូច មិន​ទាន់​អាច​បញ្ជាក់​ពី​ពេលវេលា​នៃ​ការ​ជួប​ជុំ​គ្នា ដើម្បី​ធ្វើ​ការ​ពិនិត្យ​ផែនទី​បាន​នៅ​ឡើយ​ទេ៕

No comments: