ដោយ ម៉ម មុនីរតន៍
2015-08-05 rfa
សកម្មជនគណបក្សសង្គ្រោះជាតិ ៣នាក់ក្នុងចំណោម ៥នាក់បន្ថែមទៀត ត្រូវបានចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ សម្រេចចេញដីកាឃុំខ្លួន និងបញ្ជូនទៅពន្ធនាគារព្រៃស ភ្លាមៗ បន្ទាប់ពីចំណាយពេលសួរដេញដោលអស់ពេលជាច្រើនម៉ោង នៅថ្ងៃទី៥ សីហា។
ចំណែកគណបក្សសង្គ្រោះជាតិ បានចេញសេចក្ដីថ្លែងការណ៍បន្ទាន់មួយ ដោយថ្កោលទោសប្រឆាំងការចាប់ខ្លួននេះ ហើយទាមទារឲ្យដោះលែងដោយគ្មានលក្ខខណ្ឌ។
រយៈពេលសឹងមិនដល់ ២៤ម៉ោងនៅឡើយផងបន្ទាប់ពី លោក ហ៊ុន សែន ប្រកាសតាមចាប់ខ្លួនអ្នកពាក់ព័ន្ធក្នុងអំពើហិង្សានៅស្ពាននាគក្បែរទីលានប្រជាធិបតេយ្យ កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៤ នោះមិនយូរប៉ុន្មាន ត្រូវបានចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាចាប់ខ្លួនសកម្មជនគណបក្សសង្គ្រោះជាតិ ជាបន្តបន្ទាប់ទៀត ក្រោមបទចោទចូលរួមអំពើកុបកម្ម។
ភ្លាមៗក្រោយពីការចាប់ខ្លួនសកម្មជនប្រមាណ ៣នាក់បន្ថែមទៀតនេះ គណបក្សជំទាស់ដែលជាដៃគូប្រកួតប្រជែងដ៏ធំរវាងគណបក្សប្រជាជនកម្ពុជា បានចេញសេចក្ដីថ្លែងការណ៍នៅថ្ងៃទី៥ សីហា ដោយថ្កោលទោសការចាប់ខ្លួននេះ។ នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន គណបក្សសង្គ្រោះជាតិ បានអំពាវនាវឲ្យដោះលែងសកម្មជនទាំងនេះដោយគ្មានលក្ខខណ្ឌ និងបញ្ឈប់ជាបន្ទាន់ការប្រើប្រាស់ប្រព័ន្ធតុលាការ ដើម្បីចោទប្រកាន់ និងចាប់ខ្លួន។ គណបក្សប្រឆាំងចាត់ទុកថា ការធ្វើដូចនេះរបស់រដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា គឺធ្វើឡើងក្នុងបំណងគំរាមកំហែងសកម្មជនគណបក្សសង្គ្រោះជាតិ មិនឲ្យបំពេញតួនាទីរបស់ខ្លួនបាន ស្របតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ។
ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ លោក កែវ មុនី បានសម្រេចចេញដីកាឃុំខ្លួនភ្លាមៗ បន្ទាប់ពីចំណាយពេលសាកសួរប្រមាណ ៦ម៉ោងនៅថ្ងៃទី៥ សីហា។
ទាំង លោក រឿន ចិត្រា អាយុ ៣៣ឆ្នាំ និងលោក យន់ គឹមហួរ អាយុ ២៨ឆ្នាំ បាននិយាយក្រោយចេញពីបន្ទប់សាកសួរថា ពួកគេពុំបានប្រព្រឹត្តបទល្មើសដូចការចោទប្រកាន់ទេ ក្នុងព្រឹត្តិការណ៍កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៤ នោះ។ ក្រៅពីនេះ សកម្មជនទាំងនេះអះអាងទៀតថា ក្នុងហេតុការណ៍កាលណោះ ពួកគេពិតជាបានចូលរួមមែន ប៉ុន្តែការចូលរួមនោះ ពុំបានធ្វើសកម្មភាពអ្វីល្មើសនឹងច្បាប់ ក្រៅពីទាមទារដោយសន្តិវិធីនោះឡើយ។ លោកបន្តថា «សូមផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋ ជួយគាំទ្រដល់យុវជនយើងខ្ញុំផង ព្រោះថាពួកយើងត្រូវគេចោទប្រកាន់ទេ។ តាមពិត រូបភាពទាំងអស់ហ្នឹង គឺមិនពិតទេ។ បាទ! បានទៅ ប៉ុន្តែនិយាយឲ្យចំទៅ គឺមិនបានប្រើហិង្សាទេ គ្រាន់តែយើងទៅធម្មតាៗ»។
ជុំវិញបញ្ហានេះ គណបក្សសង្គ្រោះជាតិ បង្ហាញការសោកស្ដាយចំពោះការចាប់ខ្លួនសកម្មជនគណបក្សជាបន្តបន្ទាប់នេះ ដែលគណបក្សជំទាស់ចាត់ទុកថា គឺជាការអនុវត្តផ្ទុយពីស្មារតីនៃកិច្ចព្រមព្រៀងនយោបាយរួម កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤។ ម្យ៉ាងវិញទៀត គណបក្សសង្គ្រោះជាតិ យល់ឃើញថា គណបក្សទាំងពីរដែលមានអាសនៈនៅក្នុងរដ្ឋសភា មានករណីយកិច្ចសហការគ្នា ដើម្បីបញ្ចប់ភាពតានតឹងផ្នែកនយោបាយ ហើយដើម្បីឈានទៅដោះស្រាយបញ្ហាសំខាន់ៗរបស់ជាតិ និងប្រជាពលរដ្ឋខ្មែរ។
ប្រពន្ធរបស់ លោក រឿន ចិត្រា គឺអ្នកស្រី អាត សុភា ថ្លែងនៅខាងមុខបរិវេណរបងតុលាការ ដោយចាត់ទុកថា នីតិវិធីដែលតុលាការកំពុងអនុវត្តនេះ គឺមិនបានផ្ដល់ភាពយុត្តិធម៌ដល់ស្វាមីរបស់គាត់ឡើយ។ ដីកាតាមចាប់ខ្លួនសកម្មជនគណបក្សសង្គ្រោះជាតិ បន្ថែមទៀតនៅពេលនេះ ធ្វើឡើងបន្ទាប់ពីមនុស្សចំនួន ១១នាក់មុន ត្រូវបានប្រធានក្រុមប្រឹក្សាជំនុំជម្រះ លោក លឹម មករន្ទ ផ្ដន្ទាទោសដាក់ពន្ធនាគារកាលពីខែកក្កដា ចន្លោះពី ៧ ទៅ ២០ឆ្នាំ។
ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាចាប់ខ្លួនសកម្មជនគណបក្សសង្គ្រោះជាតិ ៥នាក់បន្ថែមទៀត ក្រោមបទចោទចូលរួមអំពើកុបកម្ម ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៤។ គិតមកដល់ពេលនេះ មានសកម្មជន ៣នាក់ហើយត្រូវបានចាប់ខ្លួន និងបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារព្រៃស បន្ទាប់ពីសាកសួររួចកាលពីថ្ងៃទី៥ សីហា។ ចំណែកមនុស្ស ២នាក់ផ្សេងទៀត ក្នុងចំណោមនោះ អាជ្ញាធរកំពុងស្វែងរកចាប់ខ្លួន។
មេធាវីការពារក្ដីឲ្យជនត្រូវចោទ គឺលោក សំ សុគង់ ថ្លែងថា ការចាប់ខ្លួនកូនក្តីរបស់លោកនេះ ទំនងធ្វើឡើងតាមរយៈខ្សែអាត់វីដេអូ ហើយឈានទៅកំណត់មុខសញ្ញាតែម្ដង។ បន្ថែមពីលើនេះ លោកអះអាងថា អាចនឹងមានមនុស្សច្រើនជាងនេះទៀតដែលនឹងត្រូវចាប់ខ្លួន។
លោក អំ សំអាត មន្ត្រីជាន់ខ្ពស់អង្គការលីកាដូ (Licadho) ចាត់ទុកថា ការចាប់ខ្លួននេះ គឺធ្វើឡើងក្រោមរូបភាពនយោបាយច្រើនជាងហេតុផលផ្សេង។ លោកបន្តថា ក្រោយពី លោក ហ៊ុន សែន ប្រតិកម្មមិនបានប៉ុន្មានម៉ោង ទាំងមន្ត្រីតុលាការ និងសមត្ថកិច្ច ចាប់អនុវត្តយ៉ាងមានប្រសិទ្ធភាព។ លោកបន្តថា «វាមិនមែនជាទិដ្ឋភាពមួយអនុវត្តតាមបែបនីតិវិធីប្រព័ន្ធច្បាប់។ នេះបើសិនជាយើងមើល គឺឲ្យគេមើលឃើញយ៉ាងដូច្នេះ ពីព្រោះរឿងនេះវាជាងមួយឆ្នាំហើយ ដំណើរការវាជាបន្តបន្ទាប់ ហើយហេតុអីជនត្រូវចោទហ្នឹង ទើបតែសម្ដេចស្រែក ទើបតុលាការចេញដីកាចាប់ខ្លួនជាបន្តបន្ទាប់ដូច្នេះ»។
ទាក់ទិនការអនុវត្តច្បាប់នេះ ត្រូវបានអង្គការមិនមែនរដ្ឋាភិបាលរិះគន់ថា ប្រទេសកម្ពុជា សព្វថ្ងៃ កំពុងអនុវត្តស្តង់ដារពីរដាច់ដោយឡែកពីគ្នា។ មន្ត្រីមានអំណាច ឬមនុស្សដែលស្និទ្ធនឹងរដ្ឋាភិបាល តួយ៉ាងដូច លោក ឈូក បណ្ឌិត ជាដើម កម្រឃើញអនុវត្តទោសបានឆាប់ដូចនេះណាស់ ឬមួយបណ្ដឹងចេញពីប្រជាពលរដ្ឋប្រឆាំងក្រុមហ៊ុន គឺកម្រឃើញតុលាការចាត់វិធានការដោយប្រញាប់ណាស់។ ដោយឡែកការអនុវត្តដោយតក់ក្រហល់ ឬជាបន្ទាន់វិញ ភាគច្រើនគេសង្កេតឃើញទៅលើបណ្ដឹងរបស់អាជ្ញាធរ ក្រុមហ៊ុន ឬតាមការប្រកាសរបស់អ្នកទទួលខុសត្រូវជាន់ខ្ពស់រដ្ឋាភិបាលតែម្ដង៕
1 comment:
Khmer is so passive and so coward . when they use force to shoot and kill us or brutally harm Khmer ,they said they protect the security of the country and democracy . But when Khmer innocent fightback to protect their life from their ferocious act, they accuse us as an agitator thug intend to put down the government . Did this is a ridiculous and farcical lough of the century or what else you can say ? where are Khmer as a whole, what they think about it ? Mum hiding behind the veil of cowardice Buddhist teaching methodology ?
Post a Comment