A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday 25 August 2015

លោក កឹម សុខា អះអាង​ថា​មាន​ប្រទេស​មហា​អំណាច​ចាំ​ជួយ​បក្ស​ប្រឆាំង

លោក កឹម សុខា ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ ផ្ដល់​បទសម្ភាសន៍​ដល់​អ្នក​កាសែត​នៅ​មុខ​ពន្ធនាគារ​ព្រៃ​ស កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៧ ខែ​កក្កដា ឆ្នាំ​២០១៥។
RFA/Brach Chev
ដោយ ម៉ម មុនីរតន៍
2015-08-24


មន្ត្រី​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បញ្ជាក់​ថា នឹង​មិន​ខ្លាច​រអា​ចំពោះ​ការ​ប្រកាស​ជំហរ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​សំអាង​ថា បក្ស​នេះ​មាន​ប្រទេស​មហា​អំណាច​នៅ​ចាំ​ជួយ​ពី​ក្រោយ​ខ្នង​នោះ​ឡើយ។

គណបក្ស​កាន់​អំណាច ចំអក​ថា សារ​នយោបាយ​របស់​គណបក្ស​ជំទាស់​នៅ​ពេល​នេះ គឺ​ធ្វើ​ឡើង​ប្រៀប​ដូចជា​ទូង​ស្គរ ដើម្បី​បាន​ឮ​សំឡេង​ប៉ុណ្ណោះ ចំណែក​ធាតុ​ពិត​វិញ គឺ​ពុំ​មាន​ឥទ្ធិពល​អ្វី​ទៀត​ឡើយ​សម្រាប់​អ្នក​គាំទ្រ។

ការ​ពេប​ជ្រាយ​របស់​គណបក្ស​គ្រប់គ្រង​អំណាច​ចំពោះ​បក្ស​ប្រឆាំង​នៅ​ពេល​នេះ បន្ទាប់​ពី​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ អះអាង​ពី​ប្រទេស​មហា​អំណាច​ផ្នែក​ប្រជាធិបតេយ្យ ដោយ​មិន​សំដៅ​ឈ្មោះ​ចំៗ​នោះ ថា​ជា​អ្នក​នៅ​ចាំ​ជួយ​ជ្រោមជ្រែង​ពី​ខាង​ក្រោយ​ដើម្បី​បើក​ផ្លូវ និង​ផ្ដល់​លទ្ធផល​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ អាច​ឈាន​ទៅ​ដឹក​នាំ​ប្រទេស​នៅ​ក្នុង​ការ​បោះ​ឆ្នោត​សកល​ឆ្នាំ​២០១៨ ខាង​មុខ។

ការ​ចំអក​ឡកឡឺយ​របស់​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា ធ្វើ​ឡើង​មួយ​ថ្ងៃ​ក្រោយ​ពី លោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ប្រកាស​ជំហរ​កាល​ពី​ថ្ងៃ​ទី​២៣ សីហា នៅ​ទីក្រុង​ម៉ែលប៊ន (Melbourne) ប្រទេស​អូស្ត្រាលី។ លោក កឹម សុខា អនុប្រធាន​ទី​១ រដ្ឋសភា និង​ជា​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​ថ្លែង​ចំពោះ​មុខ​អ្នក​គាំទ្រ និង​សកម្មជន​គណបក្ស​នៅ​ទីនោះ​ថា គណបក្ស​ជំទាស់​ក្រៅ​ពី​ធ្វើ​កំណែ​ទម្រង់​ផ្ទៃ​ក្នុង​បក្ស រៀបចំ​រចនា​សម្ព័ន្ធ​ចាប់​ពី​ថ្នាក់​ជាតិ​រហូត​ដល់​មូលដ្ឋាន​ហើយ លើស​ពី​នេះ​ទៀត មាន​ប្រទេស​មហា​អំណាច​សន្យា​ថា​នឹង​ចាំ​ជួយ ដើម្បី​ឲ្យ​គណបក្ស​មួយ​នេះ​មាន​លទ្ធភាព​គ្រប់គ្រាន់ ដែល​អាច​ឈាន​ទៅ​រៀបចំ​រដ្ឋាភិបាល​ក្រោយ​ការ​បោះ​ឆ្នោត​សកល​ឆ្នាំ​២០១៨។ បើ​ទោះ​ជា​បែប​នេះ​ក៏ដោយ​ចុះ លោក កឹម សុខា ពុំ​បាន​បញ្ជាក់​ទេ​ថា តើ​ប្រទេស​ដែល​ចាស់​ទុំ​ផ្នែក​ប្រជាធិបតេយ្យ​នោះ ជា​ប្រទេស​មហា​អំណាច​ណា​មួយ​នៅ​ឡើយ​ទេ? លោក​បន្ត​ថា «ឥឡូវ​នេះ​មាន​ប្រទេស​មហា​អំណាច​មួយ ហើយ​កាន់​លទ្ធិប្រជាធិបតេយ្យ​កំពុង​ជួយ​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​រៀបចំ​គោល​នយោបាយ កម្មវិធី​នយោបាយ​របស់​គណបក្ស ដើម្បី​ត្រៀម​ទៅ​ដឹក​នាំ​ប្រទេស»។

ពាក់ព័ន្ធ​រឿង​នេះ លោក សុខ ឥសាន មន្ត្រី​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ចាត់​ទុក​ថា គណបក្ស​ប្រឆាំង​លែង​មាន​លទ្ធផល​ត​ទៅ​ទៀត​ហើយ ដែល​ថា​អាច​ឈាន​ទៅ​សម្រេច​គោលដៅ​របស់​ខ្លួន​បាន​ទៀត​នោះ។ លោក​មើល​ឃើញ​ថា គណបក្ស​នេះ​បាន​ដើរ​ដល់​ចំណុច​កំពូល​របស់​ខ្លួន​នៅ​ឆ្នាំ​២០១៣ ក៏ប៉ុន្តែ​មក​ដល់​ដំណាក់​កាល​នេះ គណបក្ស​សង្គ្រោះ​ជាតិ អស់​សន្លឹក​បៀ​ដែល​នឹង​ត្រូវ​លេង​ត​ទៅ​ទៀត​ហើយ។ លោក សុខ ឥសាន ហៅ​ការ​ពឹង​ផ្អែក​ប្រទេស​មហា​អំណាច​មក​ដាក់​ក្បែរ​ខ្លួន គឺ​មិន​ខុស​ពី​សត្វ​ចៀម​ពាក់​ស្បែក​ខ្លា ដើម្បី​សម្ញែង​ក្ដាន់​នោះ​ឡើយ។ លោក​បន្ត​ថា «ខ្ញុំ​យល់​ថា​នេះ​គ្រាន់​តែ​ជា​គេ​ហៅ​ថា វ៉ៃ​ហ៊ួន​មុន​ឡើង​ប្រកួត​លើ​រេញ។ ខ្មែរ​យើង​ពាក្យ​ថា​វ៉ៃ​ហ៊ួន ដើម្បី​អួត​ក្អេងក្អាង​បង្ហាញ​គួរ​ប្រជែង ក៏ដូចជា​សាធារណជន​អ្នក​ទស្សនា​ថា គ្រាន់​តែ​បង្ហាញ​ទេ មិន​ទាន់​ជា​ការ​ពិត​ទេ»។

មន្ត្រី​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ដដែល​បញ្ជាក់​ថា មូលហេតុ​ដែល​អាច​ទស្សន៍ទាយ​បាន​ថា គណបក្ស​សង្គ្រោះ​ជាតិ អាច​នឹង​បាត់បង់​ការ​គាំទ្រ​នៅ​ត្រង់​ថា មាន​សកម្មជន​បក្ស​បាន​បំបែក​ខ្លួន​ជា​ចំណែក​តូចៗ​ស្ទើរ​តែ​អស់​ទៅ​ហើយ ក្នុង​នោះ លោក ម៉ម សូណង់ដូ បង្កើត​បក្ស​សម្បុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ លោក យ៉េង វីរៈ និង​បញ្ញវន្ត​មួយ​ចំនួន​ទៀត បង្កើត​បក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន និង​អ្នកស្រី ឡាក់ សុភាព បង្កើត​បក្ស​ខ្មែរ​សាមគ្គី។ ការ​ប្រឈម​នៅ​ចំពោះ​មុខ​របស់​គណបក្ស​ជំទាស់​នេះ នៅ​មិន​ទាន់​គិត​ដល់​គណបក្ស​របស់ លោក សួន សេរីរដ្ឋា គណបក្ស​រាជា​និយម​ហ៊្វុនស៊ិនប៉ិច និង​គណបក្ស​នយោបាយ​ដទៃ​ទៀត​នៅ​ឡើយ​ផង។

លោក កែម ឡី អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម យល់​ឃើញ​ថា គេ​ពិត​ជា​ពិបាក​ទស្សន៍ទាយ​ណាស់​ថា គណបក្ស​ប្រឆាំង​អាច​ឡើង​កៅអី ឬ​ចុះ​នោះ? លោក​មើល​ឃើញ​ថា អ្វី​ដែល​ជា​បញ្ហា​នៅ​ចំពោះ​មុខ​នោះ នៅ​ត្រង់​ថា ប្រសិន​បើ​គណបក្ស​ជំទាស់​មិន​ធ្វើ​កំណែ​ទម្រង់​ឲ្យ​បាន​ស៊ី​ជម្រៅ​ទេ ហើយ​នៅ​បន្ត​ពឹង​ផ្អែក​បរទេស​ច្រើន​ជាង​កម្លាំង​ផ្ទៃ​ក្នុង គណបក្ស​នេះ​អាច​នឹង​បាត់បង់​ការ​ជឿ​ទុក​ចិត្ត​មែន។ លោក​បន្ត​ថា «ភាព​ឈ្នះ​ភាព​ចាញ់​នៅ​មើល​មិន​ទាន់​ឃើញ​នេះ​ជា​ចំណុច​ទី​មួយ។ ចំណុច​ទី​ពីរ យើង​ពឹង​ផ្អែក​លើ​ប្រជាពលរដ្ឋ ល្អ​ជាង​ពឹង​ផ្អែក​ខាង​ក្រៅ។ ខាង​ក្រៅ​យើង​គ្រាន់​តែ​រៀន​យក​បទពិសោធន៍ យក​ចំណង​ការទូត​ទេ ប៉ុន្តែ​អ្វី​ដែល​ជា​ចំណុច​ខ្លាំង​របស់​អ្នក​នយោបាយ នៅ​ជាមួយ​ប្រជាពលរដ្ឋ»។

ការ​វិវឌ្ឍ​ក្នុង​ដំណាក់​កាល​ចុង​ក្រោយ​នេះ គណបក្ស​ប្រឆាំង​ហាក់​បង្ហាញ​ជំហរ​ស្ងប់ស្ងាត់ ខណៈ​សកម្មជន និង​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​យ៉ាង​ហោច​ណាស់​ក៏ ១៥​នាក់​ហើយ ត្រូវ​បាន​សមត្ថកិច្ច​ចាប់ និង​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ព្រៃ​ស។

អ្នក​វិភាគ​សង្គម​មើល​ឃើញ​ថា ប្រសិន​បើ​គណបក្ស​ជំទាស់​នៅ​បន្ត​ជំហរ​មិន​ប្រតិកម្ម​តប​ណា​មួយ ជុំវិញ​ចំណាត់​ការ​ម្ដង​ជា​ពីរ​ដង​របស់​រដ្ឋាភិបាល អាច​នឹង​រុញ​ច្រាន​លទ្ធភាព​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ បាត់បង់​ជំនឿ​ចិត្ត​ពី​អ្នក​គាំទ្រ។ ក៏ប៉ុន្តែ​មេ​ដឹក​នាំ​គណបក្ស​ប្រឆាំង បាន​អះអាង​ថា ចាប់​ពី​គណបក្ស​នេះ​បាន​ចូល​សភា មាន​តំណាង​រាស្ត្រ​មួយ​ចំនួន​បាន​កោះ​ហៅ​រដ្ឋមន្ត្រី​ពី​ខាង​រដ្ឋាភិបាល មក​ដុស​ក្អែល​ជា​ហូរហែ​មក​ហើយ។ ទន្ទឹម​នឹង​នេះ កិច្ចការ​មួយ​ចំនួន​ទៀត​ដូចជា​ច្បាប់​បោះ​ឆ្នោត​ជាដើម គណបក្ស​សង្គ្រោះ​ជាតិ បាន​ចូលរួម​ដ៏​សកម្ម ដើម្បី​ជំរុញ​ឲ្យ​មាន​ការ​កែ​ទម្រង់។

លើស​ពី​នេះ​ទៀត បញ្ហា​ព្រំដែន គណបក្ស​ជំទាស់​បាន​តស៊ូ​មតិ​រហូត​ឈាន​ទៅ​ដល់​ការ​ផ្ទៀងផ្ទាត់​ផែនទី ដែល​ជា​ដំណោះស្រាយ​នយោបាយ​ចុង​ក្រោយ ហើយ​អាច​បញ្ចប់​ការ​ខ្វែង​គំនិត​គ្នា​លើ​រឿង​ព្រំដែន​នេះ​ថែម​ទៀត​ផង៕

1 comment:

Unknown said...

នយោបាយត្រវិវ័ត្ត ឆ្កែអង្គែរសីុហុ៊ន សែនត្រូវយើងបិទទ្វារ យើងបិទទ្វាយាយឆ្កែអង្គែរសីុ ក្នុងពេលឆាប់ៗ…………?