A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday 6 August 2015

ក្រសួង​អភិវឌ្ឍន៍​ជនបទ​គ្រោង​រៀបចំ​ទិវា​អន្តរជាតិ​ជនជាតិ​ដើម​ភាគ​តិច​នៅ​ខេត្ត​កោះកុង

ដោយ អ៊ុក សាវបូរី
2015-08-06 rfa

សកម្មភាព​ជម្លោះ​រវាង​ក្រុមហ៊ុន​ចិន យូញៀន ឌីវីឡុបមែន គ្រុប (Union Development Group Co., Ltd) និង​ប្រជាពលរដ្ឋ​នា​ភូមិ​ព្រែកស្មាច់ ឃុំ​កោះស្ដេច ស្រុក​គីរីសាគរ ខេត្ត​កោះកុង កាល​ពី​ថ្ងៃ​ទី​៧ ខែ​មករា ឆ្នាំ​២០១៥។
Photo Licadho

«ការ​ធានា​សុខភាព និង​សុខុមាលភាព​ជនជាតិ​ដើម​ភាគ​តិច» នឹង​ក្លាយ​ជា​ប្រធានបទ​នៃ​ទិវា​អន្តរជាតិ​ជនជាតិ​ដើម​ភាគ​តិច ខួប​ទី​២១ ដែល​នឹង​ត្រូវ​ប្រារព្ធ​ឡើង​ក្នុង​ខេត្ត​កោះកុង នៅ​ថ្ងៃ​ទី​៩ ខែ​សីហា ចុង​សប្ដាហ៍​នេះ។

ជនជាតិ​ដើម​ភាគតិច​ជា​ច្រើន​បាន​ឲ្យ​ដឹង​ថា សហគមន៍​ពួកគេ​បាន​អភិវឌ្ឍន៍​ខ្លះៗ​ហើយ និង​បាន​ទទួល​យក​បច្ចេកវិទ្យា​ទំនើប​មួយ​ចំនួន​មក​ប្រើប្រាស់។ ប៉ុន្តែ​ក៏​មាន​បញ្ហា​ប្រឈម​មួយ​ចំនួន​ទៀត​ពី​ការ​រស់​នៅ​ពាក់ព័ន្ធ​នឹង​ការ​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ខ្លាំង​ដល់​វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ ជំនឿ​របស់​ជនជាតិ​ដើម​ភាគតិច។

នាយក​ប្រតិបត្តិ​វេទិកា​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល​ស្ដីពី​កម្ពុជា ( NGO Forum) លោក តឹក វណ្ណារ៉ា ថ្លែង​ថា ថ្ងៃ​ទី​៩ ខែ​សីហា ជា​ទិវា​អន្តរជាតិ​សម្រាប់​ជនជាតិ​ដើម​ភាគតិច​លើ​ពិភពលោក ខួប​ទី​២១ ចំណែក​នៅ​កម្ពុជា ជា​ខួប​លើក​ទី​១១។ លោក​ថា រដ្ឋធម្មនុញ្ញ​ប្រទេស​កម្ពុជា បាន​ចែង​ឲ្យ​ការពារ​សិទ្ធិ​ជនជាតិ​ដើម​ភាគតិច​ច្រើន​មាត្រា​ដែរ។ ប៉ុន្តែ​ក្នុង​ចំណោម​ជន​ជាតិ​ដើម​ភាគតិច​ជាង ៥០០​សហគមន៍​ មាន ២៤​ក្រុម​ដែល​រស់​នៅ​ទូទាំង​ប្រទេស​នោះ រដ្ឋាភិបាល​កម្ពុជា ទើប​ចុះ​បញ្ជី​ដីធ្លី​ជូន​ជនជាតិ​ដើម​ភាគ​តិច​បាន ៨​សហគមន៍​ទេ។ ហេតុ​នេះ​នៅ​ក្នុង​ការ​ប្រារព្ធ​ទិវា​អន្តរជាតិ​ជនជាតិ​ដើម​ភាគតិច ខួប​លើក​ទី​២១ និង​លើក​ទី​១១ ​នៅ​កម្ពុជា នា​ខេត្ត​កោះកុង នោះ អង្គការ​នេះ​នឹង​ស្នើសុំ​ឲ្យ​រដ្ឋាភិបាល​បង្កើន​ការ​ចុះ​បញ្ជី​ដីធ្លី ជូន​​សហគមន៍​ជន​ជាតិ​ដើម​ភាគ​តិច​ឲ្យ​បាន​ចប់​សព្វគ្រប់។



លោក តឹក វណ្ណារ៉ា៖ «ដើម្បី​ឲ្យ​ជនជាតិ​ដើម​ភាគ​តិច​គាត់​មាន​សិទ្ធិ​ក្នុង​ការ​ប្រើប្រាស់​លើ​ធនធាន​ធម្មជាតិ ក៏​ដូចជា​ដីធ្លី ហើយ​រដ្ឋាភិបាល ក៏​ដូចជា​ដៃគូ​អភិវឌ្ឍន៍ គួរ​ពិចារណា​ក្នុង​ការ​ពន្លឿន​ការ​ចុះបញ្ជី​ដី​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ហ្នឹង​ឲ្យ​បាន​ច្រើន ហើយ​លឿន​ប្រកប​ដោយ​ប្រសិទ្ធភាព»។

របាយការណ៍​របស់​ក្រសួង​អភិវឌ្ឍន៍​ជនបទ​ជនជាតិ​ដើម​ភាគតិច​ច្រើន​អម្បូរ​រស់​នៅ​ក្នុង​ប្រទេស​កម្ពុជា មាន ១,៤% នៃ​ចំនួន​ប្រជាពលរដ្ឋ​សរុប។ ជនជាតិ​ដើម​ភាគ​តិច ច្រើន​រស់​នៅ​តំបន់​ព្រៃភ្នំ​ដាច់​ស្រយាល​ពី​ទីប្រជុំជន​ក្នុង​ខេត្ត​កោះកុង ពោធិ៍សាត់ កំពង់ស្ពឺ កំពង់ធំ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី រតនគិរី ជាដើម។

តំណាង​ជនជាតិ​ដើម​ភាគ​តិច​សួយ រស់​នៅ​ក្នុង​ខេត្ត​កំពង់ស្ពឺ លោកស្រី វ៉ែន សាមីន ថ្លែង​ថា ជនជាតិ​ដើម​ភាគ​តិច​តែងតែ​ចង់​ការពារ និង​អភិរក្ស​វប្បធម៌ និង​ប្រពៃណី​របស់​ខ្លួន ទើប​តាំង​លំនៅ​ឲ្យ​បាន​ឆ្ងាយ​ពី​ទីប្រជុំជន។ ប៉ុន្តែ​បញ្ហា​ប្រឈម​ខ្លាំង​របស់​ជន​ជាតិ​ដើម​ភាគ​តិច គឺ​បទបញ្ជា​លេខ ០០១ ដែល​ជា​បទបញ្ជា​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​បាន​បង្ក​បញ្ហា​ប៉ះពាល់​ខ្លាំង​ដល់​ជន​ជាតិ​ដើម​ភាគតិច៖ «ការ​ពិត ជនជាតិ​ខ្ញុំ​គោរព​តាម​ព្រហ្មញ្ញ​សាសនា ក៏​គោរព​ព្រះពុទ្ធ​សាសនា​ក៏​គោរព»។

​ដូចគ្នា​ដែរ តំណាង​ជនជាតិ​ដើម​ភាគ​តិច​កួយ ខេត្ត​កំពង់ធំ និង​ខេត្ត​ព្រះវិហារ លោក គង់ ឈៀន និង​លោកស្រី ទេព ទឹម អះអាង​ថា ពួកគាត់​នឹង​បាត់បង់​បណ្តើរៗ ទាំង​ប្រពៃណី ទាំង​វប្បធម៌ ទាំង​ជំនឿ ទំនៀម​ទម្លាប់​ជាដើម ព្រោះតែ​ការ​ផ្ដល់​ដី​សម្បទាន​មិន​បាន​ពិភាក្សា​ជាមួយ​ជនជាតិ​ដើម​ភាគតិច​ដែល​រស់​នៅ​ក្នុង​តំបន់​ព្រៃស្រោង។ ពួកគេ​បញ្ជាក់​ថា ជនជាតិ​ដើម​ភាគ​តិច​បាន​រង​នូវ​ការ​បណ្ដេញ​​​តាម​រយៈ​ការ​ផ្លាស់ប្ដូរ​តំបន់​រស់​នៅ​ដោយ​ការ​អភិវឌ្ឍ​គម្រោង​ផ្សេងៗ ពិសេស​គម្រោង​វារីអគ្គិសនី។

លោក គង់ ឈៀន៖ «ព្រៃ​ឈើ​មួយ​ចំនួន​ដែល​យើង​កំពុង​ប្រើប្រាស់​អាស្រ័យ​ផល រក​អនុផល ឥឡូវ​បច្ចុប្បន្ន​វា​បែរ​ទៅ​ជា​ស្ថិត​នៅ​ក្នុង​ប្លង់​ក្រុមហ៊ុន​គេ​ចូល​វិនិយោគ ដោយសារ​ពុំ​មាន​ការ​ពិគ្រោះ​យោបល់​អ៊ីចឹង​ទៅ វា​ធ្វើ​ឲ្យ​ប៉ះពាល់​ជីវភាព​រស់​នៅ​របស់​ជន​ជាតិ​ដើម​ភាគ​តិច»។ លោកស្រី ទេព ទឹម៖ «នៅ​តែ​មាន​ការ​រំលោភបំពាន​លើ​ដីធ្លី​ជនជាតិ​ដើម​​ភាគ​តិច»។

​តំណាង​ជនជាតិ​ដើម​ភាគ​តិច​ព្នង លោក ក្រែង តុលា ថ្លែង​ថា ការ​ធានា​សុខភាព និង​សុខុមាលភាព​ជនជាតិ​ដើម​ភាគ​តិច និង​លើក​ជា​ប្រធានបទ​នៃ​ការ​ប្រារព្ធ​ទិវា​អន្តរជាតិ​ជនជាតិ​ដើម​ភាគ​តិច។ ប៉ុន្តែ​នៅ​ក្នុង​ខេត្ត​មណ្ឌលគិរី បញ្ហា​ខ្វះ​អនាម័យ​ប្រើប្រាស់​ទឹក​ស្អាត​កំពុង​ប្រឈម​ខ្លាំង​ដែរ៖ «វា​អត់​មាន​ទឹក​ស្អាត​ត្រឹមត្រូវ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​កើត​អាសន្នរោគ​ច្រើន និង​ជំងឺ​ផ្ដាសាយ​ច្រើន»។

លោក តឹក វណ្ណារ៉ា នាយក​ប្រតិបត្តិ​វេទិកា​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល​ស្ដីពី​កម្ពុជា បញ្ជាក់​បន្ថែម​ថា នឹង​ប្រារព្ធ​ទិវា​អន្តរជាតិ​ជនជាតិ​ដើម​ភាគតិច​នៅ ៦​ខេត្ត​ទៀត ក្នុង​ប្រទេស​កម្ពុជា ដើម្បី​ទាមទារ​ឲ្យ​មហា​ជន​យល់​ពី​តម្លៃ​ពិត​នៃ​ការ​ទាមទារ​អភិរក្ស​ប្រពៃណី​វប្បធម៌ ទំនៀម​ទម្លាប់ ជំនឿ និង​សិទ្ធិ​សេរីភាព​របស់​ជនជាតិ​ដើម​ភាគ​តិច៕

No comments: