A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday 11 August 2015

បណ្ដាញ​សហគមន៍​ព្រៃឡង់​ចំនួន​៤​ខេត្ត​បើក​យុទ្ធនាការ​ការពារ​ព្រៃឡង់​រយៈពេល​៥​ថ្ងៃ

ដោយ ខែ សុណង
2015-08-10 rfa

ក្រុម​យុវជន សង្គម​ស៊ីវិល និង​លោក កែម ឡី នាំ​គ្នា​ដុត​ភ្លើង​ជួប​ជុំ​នៅ​កន្លែង​សមត្ថកិច្ច​រារាំង​នៅ​ចំណុច​គល់​ស្ពាន​មិត្តភាព​កម្ពុជា-ចិត្ត​មេគង្គ ក្នុង​ភូមិ​អូរត្រើស ឃុំ​ថាឡាបរិវ៉ាត់ ស្រុក​ថាឡាបរិវ៉ាត់ ខេត្ត​ស្ទឹងត្រែង កាល​ពី​ថ្ងៃ​ទី​១៣ ខែ​ឧសភា ឆ្នាំ​២០១៥។
 RFA/Brach Chev


បណ្ដាញ​សហគមន៍​ព្រៃឡង់ ចំនួន ៤​ខេត្ត រួម​មាន​ខេត្ត​កំពង់ធំ ព្រះវិហារ ស្ទឹងត្រែង និង​ខេត្ត​ក្រចេះ បាន​បើក​យុទ្ធនាការ​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​ជុំវិញ​តំបន់​ព្រៃឡង់។ យុទ្ធនាការ​នេះ ធ្វើ​រយៈពេល ៥​ថ្ងៃ ពី​ថ្ងៃ​ទី​១០ ដល់​ថ្ងៃ​ទី​១៤ ខែ​សីហា ដោយ​ធ្វើ​ដំណើរ​តាម​ម៉ូតូ​ប្រមាណ ២០០​គ្រឿង មាន​អ្នក​ចូល​រួម​ជាង ៣០០​នាក់ ហើយ​មាន​អាជ្ញាធរ​មូលដ្ឋាន និង​មន្ត្រី​ជំនាញ​ក្នុង​ខេត្ត​មួយ​ចំនួន​ចូល​រួម​ផង​ដែរ។

បណ្ដាញ​សហគមន៍​ការពារ​ព្រៃឡង់​គ្រោង​នឹង​ដាក់​របាយការណ៍​បូក​សរុប​ពី​លទ្ធផល​រក​ឃើញ​ក្នុង​បទល្មើស​ព្រៃឈើ និង​ដីធ្លី ទៅ​ស្ថាប័ន​ពាក់ព័ន្ធ​ដើម្បី​អន្តរាគមន៍​ទប់ស្កាត់ និង​បញ្ឈប់​បទល្មើស​ព្រៃឈើ​ដែល​កំពុង​កើត​មាន​យ៉ាង​អនាធិបតេយ្យ​ក្នុង​តំបន់​ព្រៃឡង់ ប្រព្រឹត្ត​ដោយ​មន្ត្រី​មាន​អំណាច និង​អ្នក​មាន​លុយ​កាក់។

អ្នក​សម្របសម្រួល​លេខាធិការដ្ឋាន​បណ្ដាញ​សហគមន៍​ព្រៃឡង់ លោក សេង សុខហេង មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​១០ សីហា ថា ក្នុង​សកម្មភាព​ល្បាត​នេះ ពួកគាត់​នឹង​ធ្វើ​របាយការណ៍​មួយ​ដាក់​ជូន​ទៅ​ស្ថាប័ន​មួយ​ចំនួន​ដូចជា ក្រសួង​បរិស្ថាន ក្រសួង​កសិកម្ម រដ្ឋបាល​ព្រៃឈើ និង​ខុទ្ទកាល័យ​នាយករដ្ឋមន្ត្រី ហ៊ុន សែន ជា​ដើម ដើម្បី​មាន​វិធានការ​ផ្លូវ​ច្បាប់។ លោក​ថា នៅ​ពេល​ចាប់​បាន​ភស្តុតាង​ក្នុង​យុទ្ធនាការ​លើក​នេះ ពួកគាត់​នឹង​បញ្ជូន​មក​ភ្នំពេញ ដល់​ស្ថាប័ន​ពាក់ព័ន្ធ​តែ​ម្ដង។

លោក សេង សុខហេង បញ្ជាក់​ទៀត​ថា បទល្មើស​ព្រៃឈើ​ច្រើន​កើត​មាន​ឡើង ដោយ​មន្ត្រី​មាន​អំណាច និង​មាន​ទ្រព្យធន៖ «បើ​នៅ​ខាង​ស្ទឹងត្រែង និង​ក្រចេះ​នោះ ទាក់ទង​នឹង​ឧកញ៉ា អ៊ុល ឧកញ៉ា ខ្នា។ សួរ​ពី​អ្នក​ដែល​កាប់​ឈើ ឮ​ពី​អ្នក​ភូមិ​ភាគ​ច្រើន ឮ​ពី​អ្នក​ដែល​កាប់​គេ​ថា​ឲ្យ ទ្រី ភាព ទាំង​អស់។ សូម្បី​តែ​អ្នក​កាប់​ឈើ​ដែល​យើង​ជួប​ដែល​យើង​ចាប់​បាន​ដក​ម៉ាស៊ីន ដែល​យើង​ឲ្យ​កាត់​ធ្វើ​កិច្ចសន្យា​ជាមួយ​យើង​ហ្នឹង​ខាង​កំពង់ធំ ព្រះវិហារ ក៏​គាត់​បាន​និយាយ​ថា គាត់​កាប់​ឲ្យ​ឧកញ៉ា ទ្រី ភាព»។



របាយការណ៍​របស់​បណ្ដាញ​សហគមន៍​ព្រៃឡង់ ចំនួន ៤​ខេត្ត រាប់​តាំង​ពី​ដើម​ឆ្នាំ​២០១៥​នេះ បាន​រក​ឃើញ​ថា បទល្មើស​កាប់​ឈើ​មាន​ប្រមាណ ១.៥០០​ករណី កាប់​រាន​ដី​មាន​ជាង ១០០​ករណី ចាប់​បាន​ម៉ាស៊ីន​អារ​ឈើ​ជាង ៩០​គ្រឿង និង​ជន​ប្រព្រឹត្ត​ជា​អ្នក​កាប់​ផ្ទាល់ និង​ជា​កម្មករ​ស៊ីឈ្នួល​ឲ្យ​ឈ្មួញ​ចាប់​បាន ជិត ១​ពាន់​នាក់ បាន​ធ្វើ​កិច្ច​សន្យា​ហើយ​ដោះលែង​ទៅ​វិញ។

បណ្ដាញ​សហគមន៍​ដដែល​អះអាង​ថា វត្ថុ​តាង​និង​ជន​ប្រព្រឹត្ត​នេះ ពួកគេ​បាន​ធ្វើ​របាយការណ៍​បញ្ជូន​ទៅ​អាជ្ញាធរ និង​មន្ត្រី​ជំនាញ​ខេត្ត​អស់​ហើយ។

ជា​ថ្មី​ម្ដង​ទៀត បណ្ដាញ​សហគមន៍​ព្រៃឡង់ ទាំង ៤​ខេត្ត រួម​មាន​ខេត្ត​កំពង់ធំ ព្រះវិហារ ស្ទឹងត្រែង និង​ខេត្ត​ក្រចេះ បាន​បើក​យុទ្ធនាការ​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​ជុំវិញ​តំបន់​ព្រៃឡង់ ៥​ថ្ងៃ ពី​ថ្ងៃ​ទី​១០ ដល់​ថ្ងៃ​ទី​១៤ ខែ​សីហា ដោយ​ធ្វើ​ដំណើរ​តាម​ម៉ូតូ​ប្រមាណ ២០០​គ្រឿង មាន​អ្នក​ចូលរួម​ជាង ៣០០​នាក់ ហើយ​មាន​អាជ្ញាធរ​មូលដ្ឋាន និង​មន្ត្រី​ជំនាញ​ក្នុង​ខេត្ត​មួយ​ចំនួន​ចូល​រួម​ផង​ដែរ។

សមាជិក​បណ្ដាញ​ព្រៃឡង់ ខេត្ត​ស្ទឹងត្រែង លោក ជា សុខហឿន ថ្លែង​ថា ជា​គោលការណ៍​របស់​បណ្ដាញ​សហគមន៍ ដើម្បី​ធ្វើការ​គ្រប់គ្រង​ព្រៃ​ដែល​នៅ​សេសសល់​ចុង​ក្រោយ ពួកគាត់​ចង់​បាន​ការ​ចូល​រួម​សហការ​ពី​អាជ្ញាធរ និង​មន្ត្រី​ជំនាញ។ ប៉ុន្តែ​ជា​ញឹកញយ​រាល់​សកម្មភាព​នៃ​ការ​ចូលរួម​ពិត​ប្រាកដ​តែង​មាន​ការ​ខកខាន និង​បាន​ចូលរួម​តែ​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​តិច​តួច​ប៉ុណ្ណោះ។

លោក ជា សុខហឿន៖ «ពី​មុន​មក​គេ​អះអាង​ថា យើង​ការពារ​តែ​យើង​អ៊ីចឹង គេ​អត់​ដឹង​ឮ​ អ៊ីចឹង​គេ​អត់​ទទួល​ស្គាល់ អត់​ពេញ​ចិត្ត​នឹង​សកម្មភាព​របស់​យើង។ ប៉ុន្តែ​ឥឡូវ​នេះ បន្ទាប់​ពី​ខ្ញុំ​បាន​ជួប​ជាមួយ​អាជ្ញាធរ​ស្រុក​អី​ម្ដង​មក​គាត់​ថា បើ​មាន​ព័ត៌មាន ឬ​សកម្មភាព​អី ផ្ដល់​ឲ្យ​គេ​ផង គេ​នឹង​សហការ។ ប៉ុន្តែ​លើក​នេះ​ជា​រដូវ​វស្សា គាត់​មាន​ការងារ​ច្រើន​ខាង​រដ្ឋបាល​ព្រៃឈើ ខាង​អាជ្ញាធរ​គាត់​អត់​បាន​ចូលរួម​ទេ»។

ជំទប់​ទី​២ ឃុំ​អន្លង់ភេ ស្រុក​ថាឡាបរិវ៉ាត់ ខេត្ត​ស្ទឹងត្រែង លោក រស់ ឡាច ដែល​បាន​ចុះ​ល្បាត​ព្រៃ​ជាមួយ​សហគមន៍​ថ្លែង​ថា អ្នក​ជាប់​ពាក់ព័ន្ធ​នឹង​បទល្មើស​ព្រៃឈើ​ភាគ​ច្រើន​ទាក់ទង​នឹង​មន្ត្រី​មាន​បុណ្យស័ក្ដិ អ្នក​មាន​លុយ​កាក់ និង​មាន​ខ្នង​បង្អែក ដែល​ទាមទារ​ឲ្យ​មាន​ការ​ចូល​រួម​ពី​មន្ត្រី​ជំនាញ​ឲ្យ​បាន​ខ្លាំងក្លា ហ៊ាន​អារ​កាត់​ដោយ​មិន​ខ្លាច​ញញើត​ទើប​អាច​ទប់ស្កាត់​បទល្មើស​ទាំង​នេះ​បាន។

នៅ​រយៈពេល​ប្រមាណ ១០​ឆ្នាំ​ចុង​ក្រោយ​នេះ ព្រៃឡង់​កំពុង​រង​នូវ​ការ​កាប់​បំផ្លាញ​យ៉ាង​ធ្ងន់ធ្ងរ និង​រង​ការ​គំរាមកំហែង​ពី​គម្រោង​អភិវឌ្ឍន៍​ដី​សម្បទាន​សេដ្ឋកិច្ច សម្បទាន​រ៉ែ និង​អ្នក​កាប់​រាន​យក​ដី​ធ្វើ​កម្មសិទ្ធិ កាប់​ឈើ​ធ្វើ​អាជីវកម្ម​យ៉ាង​អនាធិបតេយ្យ បើ​ទោះ​ជា​មាន​គោលការណ៍​ច្បាប់​ជា​ច្រើន​បាន​ចែង​ក្នុង​កិច្ចការពារ​ព្រៃឈើ ហើយ​ប្រមុខ​រដ្ឋាភិបាល​បាន​ព្រមាន និង​បាន​ដក​មន្ត្រី​ទាំង​ឡាយ​ដែល​ពាក់ព័ន្ធ​នឹង​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ក៏​ដោយ៕

No comments: