A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Monday 17 August 2015

ពលរដ្ឋ​ស្នើ​រដ្ឋាភិបាល​រៀបចំ​កន្លែង​រង់ចាំ​នៅ​ខាង​ក្រៅ​មន្ទីរពេទ្យ​គន្ធបុប្ផា

ដោយ សិរីមុនី
2015-08-17 rfa


អ្នក​ជំងឺ​មក​ពី​ខេត្ត​ផ្សេងៗ​ដែល​មក​រក​សេវា​ព្យាបាល​នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា ក្នុង​ក្រុង​ភ្នំពេញ ត្រូវ​អង្គុយ​រង់ចាំ​នៅ​ខាង​ក្រៅ​មន្ទីរពេទ្យ​ដែល​គ្មាន​កៅអី​ទេ ឬ​បង់​សម្រាប់​អង្គុយ​រង់ចាំ​ឡើយ ប៉ុន្តែ​មាន​ត្រឹម​តែ​តង់​បី​បួន​សម្រាប់​ជ្រក​ម្លប់​តែ​ប៉ុណ្ណោះ។ ប្រជាពលរដ្ឋ ស្នើសុំ​ដល់​រដ្ឋាភិបាល​ឲ្យ​បង្កើត​បង់ ឬ​កន្លែង​អង្គុយ​ជូន​ពួក​គាត់ ដើម្បី​សម្រួល​ដល់​ការ​អង្គុយ​រង់ចាំ។ ឆ្លើយ​តប​នឹង​ការ​ស្នើសុំ​នេះ មន្ត្រី​ជាន់​ខ្ពស់​របស់​សាលា​ក្រុង​ភ្នំពេញ សន្យា​ថា​នឹង​ដោះស្រាយ​បញ្ហា​នេះ​ជូន​ប្រជាពលរដ្ឋ​ដែល​មក​រក​សេវា​ព្យាបាល​នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា។

«សំឡេង​ប៉ូលិស»

នេះ​ជា​សំឡេង​របស់​ប៉ូលិស​ដែល​ប្រចាំ​ការ​នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា ប្រកាស​ប្រាប់​អ្នក​ជំងឺ​ទាំងអស់​ឲ្យ​ឈរ​ជា​ជួរ តាម​លេខ​រៀង​ពេល​ចូល​មន្ទីរពេទ្យ។ ជា​រៀង​រាល់​ថ្ងៃ មាន​អ្នក​ជំងឺ​ជា​កុមារ និង​ស្ត្រី​មាន​ផ្ទៃ​ពោះ​មក​រក​សេវា​ព្យាបាល​នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា មិន​ក្រោម ៣.០០០​នាក់​ឡើយ។ អ្នក​ជំងឺ​ដែល​មក​រក​ការ​ព្យាបាល​នៅ​មន្ទីរពេទ្យ​នេះ​មក​ពី​គ្រប់​ទិសទី រួម​ទាំង​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ទីក្រុង​ភ្នំពេញ​ផង។

អ្នក​ជំងឺ​ខ្លះ​មាន​កូន​ខ្ចី​ទើប​តែ​កើត​មិន​ទាន់​បាន​មួយ​ខែ​ផង ខ្លះ​ជា​មនុស្ស​ចាស់ កុមារា កុមារី​ជាច្រើន មុន​នឹង​ចូល​ទៅ​ខាង​ក្នុង​មន្ទីរពេទ្យ ត្រូវ​តែ​អង្គុយ​រង់ចាំ គឺ​តាម​របង​នៃ​មន្ទីរពេទ្យ​គន្ធបុប្ផា ដើម្បី​ចាប់​លេខ​ឈរ​តម្រង់​ជួរ​ចូល​ទៅ​ខាង​ក្នុង​មន្ទីរពេទ្យ។ ប្រជាពលរដ្ឋ​ទាំង​នោះ គឺ​ត្រូវ​អង្គុយ​លើ​ការ៉ូឡា​ដែល​ប្រឡាក់​សុទ្ធ​តែ​ដី​ក្រោម​តង់ និង​ដើម​ឈើ​ជុំវិញ​មន្ទីរពេទ្យ​នេះ។



ស្ត្រី​វ័យ​ចំណាស់​ម្នាក់ លោកស្រី រឿន មាស និយាយ​ថា ការ​អង្គុយ​ចាំ​នៅ​ខាង​ក្រៅ​មន្ទីរពេទ្យ មិន​មាន​បញ្ហា​ទេ​សម្រាប់​រូប​លោកស្រី ប៉ុន្តែ​កូន​លោកស្រី​ក្តៅ និង​មិន​មាន​កន្លែង​សម្រាប់​ហូប​បាយ ដោយ​ត្រូវ​ហូប​បាយ​នៅ​លើ​ការ៉ូឡា​ផ្ទាល់​នឹង​ដី។ លើស​ពី​នេះ ធូលី​ហើរ​ហោះ​តាម​កម្លាំង​ខ្យល់​ដែល​បក់ និង​ស្រូប​ផ្សែង​ដែល​ចេញ​ពី​ម៉ូតូ​ឡាន​ដែល​បើក​ទៅ​វិញ​ទៅ​មក​ជុំវិញ​មន្ទីរពេទ្យ​គន្ធបុប្ផា ហើយ​ពិបាក​រក​កន្លែង​បន្ទោបង់​ណាស់។ ការ​រង់ចាំ​នេះ មិន​បាន​ធ្វើ​ឲ្យ​លោកស្រី​អន់​ចិត្ត​នឹង​មន្ទីរពេទ្យ​គន្ធបុប្ផា ទេ។ លោកស្រី​អាច​រង់ចាំ និង​អត់​ធន់​នឹង​កម្តៅ​បាន ដោយ​មិន​អន់​ចិត្ត ព្រោះ​មាន​តែ​មន្ទីរពេទ្យ​នេះ​ទេ​ដែល​លោកស្រី​ជឿ​ទុក​ចិត្ត និង​អាច​ជួយ​សម្រួល​ដល់​ជីវភាព​នៃ​ការ​ចំណាយ​ក្នុង​គ្រួសារ​របស់​លោកស្រី​បាន​ថែម​ទៀត៖ «»។

លោកស្រី​បន្ត​ថា រដ្ឋាភិបាល​កម្ពុជា គួរ​យក​ពេល​ស្វែងយល់​ទុក្ខ​វេទនា​របស់​ប្រជាពលរដ្ឋ​ផង។ ជាតិ​មនុស្ស​មិន​អាច​គេច​ផុត​ពី​ជំងឺ ពេល​ឈឺ​ត្រូវ​ការ​ពេទ្យ​ដើម្បី​ព្យាបាល និង​សង្គ្រោះ​ជីវិត​ពី​រណ្ដៅ​មរណៈ ប៉ុន្តែ​មិន​គួរ​រង់ចាំ​តែ​ការ​ជួយ​ពី​មន្ទីរពេទ្យ​គន្ធបុប្ផា នោះ​ទេ ព្រោះ​មន្ទីរពេទ្យ​គន្ធបុប្ផា សព្វថ្ងៃ​កំពុង​ប្រឈម​នឹង​ការ​ខ្វះខាត​លុយ​សម្រាប់​ផ្គត់ផ្គង់​ការ​ព្យាបាល​ជំងឺ។ លោកស្រី​បញ្ចេញ​មតិ​ថា រដ្ឋាភិបាល​របស់ លោក ហ៊ុន សែន គួរ​ខ្នះខ្នែង​សម្រួល និង​គិតគូរ​ជូន​ប្រជាពលរដ្ឋ។

ផ្ទៃ​មុខ​ស្រពោន​អម​នឹង​ញើស​ហូរ​ធ្លាក់​ចុះ​មិន​អាច​ឃាត់​បាន ស្ត្រី​វ័យ​ចំណាស់​ម្នាក់​ទៀត​លើក​ឡើង​ថា រដ្ឋាភិបាល​ក្រោម​ការ​ដឹក​នាំ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ត្រូវ​តែ​គិតគូរ​ឡើង​វិញ​នូវ​វិស័យ​សុខាភិបាល។ សុខភាព​ជា​រឿង​ចម្បង​ដែល​មនុស្ស​ម្នាក់​ត្រូវ​ការ​យក​ចិត្ត​ទុក​ដាក់ និង​មាន​សេវា​ព្យាបាល​ល្អ ហើយ​មាន​ប្រសិទ្ធភាព។ លោកស្រី​ស្នើ​ដល់​សាលា​ក្រុង​ភ្នំពេញ និង​រដ្ឋាភិបាល​កម្ពុជា គួរ​ជួយ​សម្រួល​ជា​កន្លែង​អង្គុយ​ដល់​ប្រជាជន ដែល​មក​រក​សេវា​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា។ មិន​មែន​យក​តង់​ពីរ​បី​ផ្ទាំង​មក​ដាក់​ជុំវិញ ហើយ​សរសេរ​ថា ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្ដេច​អគ្គ​មហា​សេនា​តេជោ ហ៊ុន សែន និង​លោក​ជំទាវ​នោះ​ទេ គួរ​ណាស់​ចេះ​ខ្មាស​គេ​ផង៖ «»។

លោកស្រី​មាន​មតិ​ថា ប៊េត រីច្ឆនឺរ (Beat Richner) ជា​ជន​បរទេស​មែន តែ​គាត់​បាន​ជួយ​ជីវិត​ខ្មែរ​រាប់​លាន​នាក់ ហើយ​កុមារ​ដែល​មាន​ជំងឺ​គ្រប់​ប្រភេទ​ដែល​មក​ព្យាបាល​នៅ​មន្ទីរពេទ្យ​នេះ គឺ​មាន​ឱកាស​ជា​សះ​ស្បើយ​គួរ​ជា​ទី​ទុក​ចិត្ត។ អង្គុយ​លើ​ដី​ក្រោម​មេឃ​កណ្ដាល​ថ្ងៃ​ក្តៅ​ហែង​ទាំង​គេ​ទាំង​ខ្ញុំ នរណា​មិន​ក្តៅ តែ​ដើម្បី​កូន​ទោះ​ត្រូវ​ធ្វើ​អ្វី​ក៏​សុខ​ចិត្ត​ដែរ។

លោក ទូច អ៊ុន មាន​ស្រុក​កំណើត​នៅ​ខេត្ត​កំពង់ស្ពឺ បាន​យក​កូន​ប្រុស​មាន​អាយុ ៦​ឆ្នាំ​ម្នាក់​មក​ចាក់​ថ្នាំ​ការពារ​រលាក​ស្រោម​ខួរ និយាយ​ថា កូន​របស់​លោក​បី​នាក់​ហើយ​គឺ​ជីវិត​ពឹង​លើ​មន្ទីរពេទ្យ​គន្ធបុប្ផា និង​មិន​ដែល​អស់​លុយ​ដោយសារ​ការ​ព្យាបាល​ជំងឺ​ទេ។ គុណ​បំណាច់​របស់​មន្ទីរពេទ្យ​នេះ​ចំពោះ​រូប​លោក គ្មាន​អ្វី​ថ្លែង ហើយ​មិន​ដឹង​ថា​សង​វិញ​ដោយ​របៀប​ណា? ប៉ុន្តែ​ក៏​មាន​ផល​វិបាក​ដែរ គឺ​ពិបាក​ដោយសារ​គ្មាន​កន្លែង​អង្គុយ​រង់ចាំ និង​គ្មាន​បន្ទប់​ទឹក​សម្រាប់​បត់​ជើង​តូច​ជើង​ធំ​សោះ នៅ​ពេល​រង់ចាំ​ខាង​ក្រៅ ទម្រាំ​ចាប់​លេខ​បាន មុន​នឹង​គ្រូពេទ្យ​អនុញ្ញាត​ឲ្យ​យក​កូន​ទៅ​ពិនិត្យ​ព្យាបាល។ លោក​ពិត​ចង់​ណាស់​ឲ្យ​រដ្ឋាភិបាល ធ្វើ​បង់​សម្រាប់​អង្គុយ​ចាំ បន្ទប់​ទឹក​សម្រាប់​បន្ទោបង់ និង​រោង​សម្រាប់​ជ្រក ព្រោះ​ថា ពេល​មេឃ​ភ្លៀង​ម្តងៗ​ពិបាក​ណាស់ គឺ​ពិបាក​ដោយសារ​គ្មាន​កន្លែង​សម្រាប់​ជ្រក​ទឹក​ភ្លៀង៖ «»។

ឆ្លើយ​តប​នឹង​ការ​ស្នើសុំ​នេះ អ្នក​នាំ​ពាក្យ​សាលា​ក្រុង​ភ្នំពេញ លោក ឡុង ឌីម៉ង់ អះអាង​ថា សាលា​ក្រុង​ភ្នំពេញ​នឹង​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​នូវ​កន្លែង​សម្រាប់​រង់ចាំ​នៅ​ក្រៅ​មន្ទីរពេទ្យ​គន្ធបុប្ផា។ លោក​បញ្ជាក់​ថា ខណ្ឌ​ដូនពេញ​កំពុង​សិក្សា ហើយ​ការ​សិក្សា​នេះ​នឹង​មាន​ដំណោះស្រាយ​ក្នុង​ពេល​ឆាប់ៗ៖ «»។

មន្ត្រី​អង្គការ​សង្គម​ស៊ីវិល និង​ប្រជាពលរដ្ឋ​លើក​ឡើង​ថា រដ្ឋាភិបាល​ត្រូវ​គោរព​ពាក្យ​សន្យា និង​ដោះស្រាយ​នូវ​កន្លែង​សម្រាប់​ប្រជាពលរដ្ឋ​អង្គុយ​រង់ចាំ​ត្រឹមត្រូវ ដោយ​ជៀសវាង​ការ​សន្យា​ខ្យល់។

របាយការណ៍​ធនាគារ​ពិភពលោក (World Bank) បង្ហាញ​ថា ប្រជាជន​កម្ពុជា មាន​ប្រមាណ​ជាង ១៥​លាន​នាក់។ ប្រជាជន​ជាង ៣​លាន​នាក់​មាន​ជីវភាព​ក្រីក្រ ហើយ​ជាង ៨​លាន​នាក់​មាន​ជីវភាព​ជិត​ក្រ។ របាយការណ៍​ដដែល​បង្ហាញ​ថា កុមារ​កម្ពុជា ប្រហែល ៤២% ដែល​មាន​អាយុ​ក្រោម​ប្រាំ​ឆ្នាំ គឺ​កង្វះ​អាហារូបត្ថម្ភ ហើយ​ពាក់​កណ្ដាល​នៃ​ប្រជាជន​កម្ពុជា មិន​ទាន់​មាន​បង្គន់​អនាម័យ​ប្រើប្រាស់​ត្រឹមត្រូវ។

មាត្រា​៧២ នៃ​រដ្ឋធម្មនុញ្ញ​កម្ពុជា ចែង​ថា សុខភាព​របស់​ប្រជារាស្ត្រ​ត្រូវ​បាន​ធានា។ រដ្ឋ​យក​ចិត្ត​ទុក​ដាក់​ដល់​ការពារ​ជំងឺ និង​ព្យាបាល​ជំងឺ។ ប្រជារាស្ត្រ​ក្រីក្រ ត្រូវ​បាន​ទទួល​ពិនិត្យ​រោគ​ដោយ​ឥត​បង់​ថ្លៃ​នៅ​តាម​មន្ទីរពេទ្យ គិលានដ្ឋាន និង​មន្ទីរ​សម្ភព​សាធារណៈ។ រីឯ​មាត្រា​៧៣ ចែង​ថា រដ្ឋ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​កុមារ និង​មាតា។ រដ្ឋ​រៀបចំ​ឲ្យ​មាន​ទារកដ្ឋាន និង​ជួយ​ឧបត្ថម្ភ​នារី​ដែល​មាន​កូន​ច្រើន​ក្នុង​បន្ទុក ហើយ​ឥត​ទីពឹង។

រៀង​រាល់​ថ្ងៃ មន្ទីរពេទ្យ​គន្ធបុប្ផា មាន​កុមារ​ជាង ៣.០០០​នាក់ ត្រូវ​បាន​ពិនិត្យ​ព្យាបាល។ កុមារ​ទាំង​នោះ​ភាគ​ច្រើន​មាន​ជំងឺ​ធ្ងន់​ស្មើ​ប្រមាណ ៨៥% ហើយ​កុមារ​ដែល​មាន​ជំងឺ​គ្រុន​ឈាម ៩២% បាន​ទៅ​រក​ការ​ព្យាបាល​នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា។

ប្រធាន​រដ្ឋបាល​នៃ​មន្ទីរពេទ្យ​គន្ធបុប្ផា លោក មាស សារិទ្ធ ប្រាប់​ថា ក្នុង​មួយ​ថ្ងៃ​មន្ទីរពេទ្យ​គន្ធបុប្ផា ចំណាយ​លុយ​លើ​ការ​ព្យាបាល​ប្រមាណ ១២​ម៉ឺន​ដុល្លារ ហើយ​មួយ​ឆ្នាំ​ចំណាយ​ប្រមាណ​ជាង ៤២​លាន​ដុល្លារ។ មន្ទីរពេទ្យ​គន្ធបុប្ផា ចាប់​ផ្ដើម​ប្រកាស​រក​ជំនួយ​ពី​សប្បុរសជន​នៅ​ប្រទេស​កម្ពុជា ចាប់​តាំង​ពី​ពាក់​កណ្ដាល​ឆ្នាំ​២០១៣ មក។

ប្រធាន​មន្ទីរពេទ្យ​គន្ធបុប្ផា លោក​វេជ្ជបណ្ឌិត ប៊េត រីច្ឆនឺរ បាន​ទទូច​ដល់​រដ្ឋាភិបាល​កម្ពុជា រដ្ឋាភិបាល​ស្វីស និង​សហគមន៍​អឺរ៉ុប សូម​ឲ្យ​ផ្ដល់​ជំនួយ​ជា​ចាំបាច់​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា សម្រាប់​ការ​ព្យាបាល​រយៈពេល ១០​ឆ្នាំ​ទៅ​មុខ​ទៀត។ បើ​ពុំ​នោះ​សោត​ទេ មន្ទីរពេទ្យ​មួយ​នេះ​នឹង​បាត់បង់​វត្តមាន​ពី​ទឹក​ដី​កម្ពុជា នៅ​ពេល​ខាង​មុខ​ឆាប់ៗ​នេះ​ជាក់​ជា​មិន​ខាន៕

No comments: