ដោយ យ៉ង ចាន់តារា
2015-08-09 rfa
ក្រុមយុវជនកំពុងសម្ដែងរឿងខ្លីក្នុងទិវាយុវជនអន្តរជាតិលើកទី១៦ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន កាលពីព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៥។
RFA/Yang Chandara
|
យុវជនមួយចំនួនបានអំពាវនាវដល់រាជរដ្ឋាភិបាល អង្គការសង្គមស៊ីវិល ប្រព័ន្ធផ្សព្វផ្សាយ និងភាគីពាក់ព័ន្ធ ឱ្យធ្វើការរួមគ្នាដើម្បីលើកកម្ពស់ការចូលរួមរបស់យុវជនក្នុងជីវិតនយោបាយ និងជីវិតសាធារណៈ។ ការអំពាវនាវនេះ ត្រូវបានធ្វើឡើងក្នុងឱកាសខួបទី១៦ នៃទិវាយុវជនអន្តរជាតិ ១២ សីហា ឆ្នាំ២០១៥ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន ក្រោមប្រធានបទ "ការចូលរួមរបស់យុវជនក្នុងនាមជាពលរដ្ឋ"។
យុវជនដែលចូលរួមក្នុងខួបទី១៦ នៃទិវាយុវជនអន្តរជាតិ បានបង្ហាញពីយោបល់ប្រហាក់ប្រហែលគ្នាថា ពួកគេហាក់មិនសូវទទួលបានការលើកទឹកចិត្តច្រើនទេ នៅពេលពួកគេចូលរួមក្នុងកិច្ចការងារសង្គម។ ពលរដ្ឋមួយចំនួននៅតែទាមទារចង់បានអំណោយ អាជ្ញាធរខ្លះនៅមិនទាន់សហការជាមួយយុវជន ប្រព័ន្ធផ្សព្វផ្សាយហាក់មើលរំលងសកម្មភាពរបស់យុវជន ហើយជាពិសេសយុវជនខ្លះនៅមិនទាន់ភ្ជាប់ខ្លួនទៅនឹងកិច្ចការងារសង្គមនៅឡើយ។ ទាំងនេះជាការលើកឡើងរបស់អ្នកចូលរួម។
យ៉ាងណាមិញ យុវជនខ្លះនៅតែមានការប្ដេជ្ញាចិត្តខ្ពស់ក្នុងការបន្តសកម្មភាពរបស់ខ្លួនដដែល ហើយពួកគេរំពឹងថា នឹងនាំយកនូវការផ្លាស់ប្ដូរដ៏សំខាន់សម្រាប់អនាគតផ្ទាល់ខ្លួន និងប្រទេសជាតិ ជាពិសេស ពួកគេបានលើកឡើងពីសំណូមពរផ្សេងៗពីគ្នា៖ «សំណូមពរដល់រដ្ឋាភិបាល ចូលរួមលើកកម្ពស់ដល់យុវជន ដូចថា បង្កើតជាសិក្ខាសាលាឱ្យបានច្រើនជាងនេះទៀត ដើម្បីផ្ដល់ចំណេះដឹង និងអ្វីៗផ្សេងៗទៀត ដែលយុវជនមិនទាន់បាន។ សំណូមពរទៅខាងរដ្ឋាភិបាល សុំឱ្យមានការលើកទឹកចិត្ត ឬក៏ការឱ្យតម្លៃលើការចូលរួម ឬការសម្រេចចិត្តរបស់យុវជនឱ្យបានច្រើន ចូលក្នុងកម្មវិធីរបស់ជាតិ។ ខ្ញុំសំណូមពរដល់រដ្ឋាភិបាល ឬអង្គការលើកទឹកចិត្តដល់យុវជនថែមទៀត នៅពេលដែលយុវជនកំពុងតែឈានទៅរកភាពជោគជ័យ។ អង្គការក្រៅរដ្ឋាភិបាលក៏ដូចគ្នាដែរ បើសិនជាប្រធានអង្គការចាស់ ប៉ុន្តែគាត់កាន់ខាងអង្គការយុវជននេះ ក៏ដូចជាមិនសូវត្រូវដែរ។ គួរណាស់តែបង្រៀនយុវជនឱ្យរៀនដើរខ្លួនឯង។ ខាងព័ត៌មានក៏អ៊ីចឹងដែរ ចង់ឱ្យបង្កើនចំនួនកម្មវិធីអ្វីសម្រាប់យុវជនផ្ទាល់មួយ សម្រាប់សំឡេងជាយុវជនដើម្បីចូលរួម»។
ជំរឿនទូទៅប្រជារាស្ត្រកម្ពុជា ឆ្នាំ២០០៨ បង្ហាញថា យុវជនកម្ពុជា មានចំនួន ៣៣ភាគរយ ឬស្មើនឹងជាង ៤លាននាក់នៃចំនួនប្រជាជនសរុបទាំង ១៣លាននាក់។
ថ្លែងពីចំណាប់អារម្មណ៍នៅចំពោះមុខយុវជន និងភ្ញៀវកិត្តិយសប្រមាណ ៤០០នាក់ លោក កែម ឡី អ្នកស្រាវជ្រាវខាងការអភិវឌ្ឍសង្គម បានគូសបញ្ជាក់ថា ការចូលរួមរបស់យុវជន ចាំបាច់ត្រូវតែសកម្ម និងមានភាពពេញលេញ។ លោកពន្យល់ថា ការចូលរួមដោយសកម្ម គឺជាការចូលរួមដែលប្រកបដោយសមត្ថភាព ចំណេះដឹង និងព័ត៌មានគ្រប់គ្រាន់ ហើយពេញលេញ គឺសំដៅដល់ការចូលរួមក្នុងការសម្រេចចិត្តលើជោគវាសនាខ្លួនឯង និងសង្គមជាតិ។ យ៉ាងនេះក្តី លោកហាក់មិនទាន់ជឿជាក់ថា យុវជនកម្ពុជា អាចចូលរួមដោយពេញលេញនៅឡើយក្នុងការប្រើប្រាស់សិទ្ធិរបស់ខ្លួនក្នុងវិស័យនយោបាយ និងវិស័យសាធារណៈ។
លោក កែម ឡី៖ «យុវជនមានសមត្ថភាព មានជំនាញ មានចំណេះដឹង ប៉ុន្តែបើមិនជឿដាក់ថា យុវជនអាចជាបេក្ខភាពនាយករដ្ឋមន្ត្រីបានទេ តំណាងរាស្ត្របានទេ? គេថា មិនទាន់មានសមត្ថភាពទេ លទ្ធភាពនៅខ្សោយ។ ជួនកាលបានតែនិយាយទេ ប៉ុន្តែដល់ពេលដាក់ អត់យក»។
ដើម្បីអភិវឌ្ឍយុវជនឱ្យមានបុគ្គលិកលក្ខណៈពេញលេញលើផ្នែករាងកាយ បញ្ញា ស្មារតី សីលធម៌ តម្លៃ និងបំណិន ក្រសួងអប់រំយុវជន និងកីឡា បានដាក់ចេញនូវគោលនយោបាយថ្នាក់ជាតិមួយ ស្ដីពីការអភិវឌ្ឍយុវជនកម្ពុជា។ យុទ្ធសាស្ត្រ ១២ចំណុច ដែលត្រូវបានបង្កើតឡើងដើម្បីសម្រេចគោលបំណងនេះ រួមមាន ១. អភិវឌ្ឍក្របខ័ណ្ឌច្បាប់ និងយន្តការ ២. លើកកម្ពស់ការអប់រំ ការបណ្ដុះបណ្ដាល និងការអភិវឌ្ឍសមត្ថភាព ៣. បង្កើនការអប់រំ ការថែទាំ និងការផ្ដល់សេវាសុខភាព ៤. បណ្ដុះស្មារតីសហគ្រិនភាព និងទីផ្សារការងារ ៥. លើកកម្ពស់កិច្ចការពារ សុវត្ថិភាព សន្តិសុខ និងយុត្តិធម៌ ៦. បង្កើនការចូលរួមរបស់យុវជន ៧. លើកកម្ពស់ការសម្រាក ការកម្សាន្ត និងកីឡា ៨. លើកកម្ពស់សិល្បៈ និងវប្បធម៌ ៩. លើកកម្ពស់ការយល់ដឹងពីបរិស្ថាន កសិកម្ម ទេសចរណ៍ និងធុរកិច្ច ១០. បង្កើនការងារស្ម័គ្រចិត្ត ១១. លើកកម្ពស់សមភាពយេនឌ័រ និង ១២. ទប់ស្កាត់ការប្រើប្រាស់គ្រឿងញៀន និងស្តារយុវនីតិសម្បទា៕
No comments:
Post a Comment