A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday 4 August 2015

Hun Sen orders authority to hunt for people who committed violence ad Democracy Square on 15 July 2014 [Hun Sen is conducting a witch-hunt against the opposition] លោក ហ៊ុន សែន បញ្ជា​ឲ្យ​សមត្ថកិច្ច​ស្វែង​រក​​អ្នក​ពាក់ព័ន្ធ​នឹង​ហិង្សានៅ​​ទីលានប្រ​ជា​ធិបតេយ្យ​​

ដោយ៖​ ទូច សុខា​ | ថ្ងៃចន្ទ ទី3 សីហា 2015, 

លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន​ នៅ​ថ្ងៃ​ចន្ទនេះ​បាន​​រំឭក​ជា​ថ្មី​ ឲ្យ​កម្លាំងមាន​សមត្ថ​កិច្ច​តាម​ចាប់​ខ្លួន​អ្នក​ជាប់​​ពាក់​ព័ន្ធ​ក្នុង​អំពើ​ហិង្សា​ ដែល​​កើត​មាន​នៅ​ក្បែរ​ទីលាន​ប្រ​ជា​ធិបតេយ្យ​កាលពី​ខែ​កក្កដា ឆ្នាំ២០១៤ និងព្រមាន​វិធាន​ការ​​ផ្លូវ​ច្បាប់​លើ​តំណាងរាស្រ្ត​​សង្រ្គោះជាតិ​៧រូប។​
ក្នុងពិធីសម្ពោធស្ពានទន្លេបាសាក់តាខ្មៅ លោក​នាយក​រដ្ឋ​មន្ត្រី​បាន​ថ្លែង​ថាអំពើ​ហិង្សា​ដែល​កើត​មាន​កាលពី​​ថ្ងៃ​ទី១៥ ខែកក្កដា ឆ្នាំ២០១៤ គឺ​ជា​បទល្មើស​ព្រហ្មទណ្ឌមិន​អាច​ចរចាបញ្ចប់​តាម​រយៈ​វប្ប​ធម៌​សន្ទនា​នោះទេ។​ លោក​ ហ៊ុន សែន បាន​ក្រើន​រំឭកពីវិធាន​ការ​ផ្លូវ​ច្បាប់​លើ​តំណាងរាស្រ្ត​៧រូប​និង​អ្នក​ពាក់​ព័ន្ធ​ផ្សេងៗ​ទៀត។  លោក​បាន​បញ្ជាក់​ថា៖​ “​ហើយ​អ្នក​ទាំង​៧នាក់​ផ្សេងទៀត​ ខ្ញុំ​មិនមែន​គំរាម​ទេតុលាការ​ហៅ សុំអញ្ចើញ​ចូល បើ​មិន​ចូល​ទេប្រ​យ័ត្ន​គេ​កាត់​កំបាំងមុខ មានន័យ​ថា​ខ្លួន​បោះ​បង់​សិទ្ធិ​ការពារខ្លួន​ហើយ”
កាលពី​ឆ្នាំ​២០១៤ ​តំណាងរាស្ត្រ​៧របស់គណបក្ស​សង្គ្រោះ​ជាតិ រួមមាន លោកស្រី មូរ សុខ​ហួរ លោក ម៉ែន សុថា​វ​រិន្ទ្រ លោក ហូរ វ៉ាន់ លោក លោក រៀល ខេ​មរិ​ន្ទ្រ ​លោក កែវ ភារម្យ លោក ឡុង រី លោក នុត រំដួល បាន​ជាប់ពន្ធនាគារ​ ​ពាក់​ព័ន្ធ​នឹង​ហិង្សា​នៅ​ក្បែរ​ទី​លាន​ប្រ​ជា​ធិបតេយ្យ។ ពួកគេត្រូវ​បាន​ដោះលែង​វិញ ក្រោយ​ពីគណបក្ស​ប្រជាជនកម្ពុជា​និង​គណបក្ស​សង្រ្គោះជាតិ​បាន​ឯក​ភាព​លើ​កិច្ច​ព្រមព្រៀងនយោបាយ​មួយ​​កាលពីថ្ងៃ​ទី​២២​ខែកក្កដាឆ្នាំ​២០១៤។​
នៅថ្ងៃ​ចន្ទនេះ លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ក៏​អំពាវ​នាវ​ឲ្យ​អ្នក​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​អំពើហិង្សា​នៅ​ក្បែរទីលាន​ប្រជា​ធិបតេយ្យផ្សេងទៀត ចេញ​មក​បង្ហាញ​ខ្លួន មុន​នឹង​សមត្ថ​កិច្ច​ចាប់​ខ្លួន​។​ លោក​បញ្ជាក់​ថាកិច្ច​ព្រម​ព្រៀង​នយោ​បាយ​មិន​​អាច​បញ្ចប់​បទ​ល្មើស​ព្រហ្ម​ទណ្ឌបាន​នោះ​ទេ។ លោក​បន្ថែម​ថា៖ "ហើយ​កុំ​ថា​រឿង​នេះ​រឿង​នយោបាយ មើល​កិច្ច​ព្រម​ព្រៀង​...ថ្ងៃ​២២​ កក្កដា​ឆ្នាំ២០១៤ ...ព្រោះ​អត់​មាន​កិច្ច​ព្រម​ព្រៀង​ណា​ទៅត្រួត​ត្រា​បទ​ល្មើស​ព្រហ្ម​ទណ្ឌ​តាម​ផ្លូវ​តុលាការ​បានទេ ... ឥឡូវ​សន្ទនានៅ​តែ​សន្ទនា ប៉ុន្តែ​រឿង​ច្បាប់​ទាក់​ទង​នឹង​បទ​ល្មើស​ព្រហ្មទណ្ឌ​អត់​សន្ទនា​ជាមួយ​ បិទផ្លូវ​តវ៉ាអាហ្នឹង​ ខ្ញុំ​អត់​មាន​សិទ្ធិ ហើយ​បញ្ជា​តាម​ចាប់​ខ្លួន​នៅ​តែ​តាម​ចាប់ខ្លួន ព្រោះ​អាហ្នឹង​វា​ជារឿង​ព្រហ្មទណ្ឌ លោកឯងមិន​តាមចាប់​ខ្លួនប៉ូលិ​សខុស”។​
ទាក់​ទង​នឹង​ការ​លើក​ឡើង​របស់​លោកនាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន តំណាង​រាស្រ្ត​គណបក្ស​សង្គ្រោះជាតិ លោក ហូរ វ៉ាន់ ​បញ្ជាក់​ថា​រាល់​បញ្ហា​ដែល​កើត​មាន​ឡើង​ទាំង​អស់​គឺ​ជា​រឿង​នយោបាយ ហើយ​​គណបក្សទាំង​ពីរ​នឹងនៅ​តែ​បន្ត​ដោះ​ស្រាយ​គ្នា​បន្តទៀត​តាម​យន្តការ​នយោ​បាយ។ លោក​បន្ថែម​ថា៖ "ព្រោះ​ដូច​ខ្ញុំ​និយាយ​អញ្ចឹងរឿង​ទាំង​អស់​គឺ​ជា​រឿង​នយោបាយ ហើយ​អ្វីៗ​ទាំង​អស់​យើង​ដោះ​ស្រាយ​គ្នា​តាម​បែបនយោ​បាយ”​

អ្នក​គ្រប់គ្រង​បច្ចេកទេស​ស៊ើបអង្កេត​នៃ​អង្គការ​លីកាដូ លោក អំ សំអាត មានប្រសាសន៍ថា​​ការលើក​ឡើង​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​គឺ​កើត​ឡើង​បន្ទាប់ពី​មាន​ភាព​តាន​តឹង​ផ្នែក​នយោបាយ។ លោកចាត់​ទុក​ថា​ការលើក​ឡើង​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​នេះគឺ​ជា​ការ​ដុត​កម្តៅ​​នយោ​បាយ​មួយ​បន្ថែម​ទៀត​ផង​ដែរ។ លោក​បន្ត​ថា​ការអំពើ​ហិង្សា​ដែល​កើតមាន​នៅ​ទី​លាន​ប្រ​ជា​ធិបតេយ្យ កើត​ឡើងមក​​ពី​ការ​បិទ​ទីលាន​ប្រ​ជា​ធិបតេយ្យ មិន​ឲ្យ​មាន​ការ​ចូល​ទៅ​សម្តែង​មតិបាន។ លោក​បញ្ជាក់​ថា​ព្រឹត្តិ​ការណ៍​នេះ​កើត​ចេញ​ពី​​គំនុំដែល​កន្លង​មក​សមត្ថ​កិច្ច​បាន​បង្ក្រាបទៅ​លើ​អ្នក​តវ៉ា ហើយ​គ្មាន​ចំណាត់​ការ​ផ្លូវ​ច្បាប់ និ​ង​ផ្តល់​យុត្តិ​ធម៌​សម្រាប់​ក្រុមអ្នក​តវ៉ា​​នាពេល​កន្លង​មក។
លោក​បន្ថែម​ថា៖ “អានេះ​ហើយ​ដែល​ធ្វើឲ្យ​រីករាល​ដាល វាក្លាយ​ជា​គំនុំ អញ្ចឹង​ពេល​ដែល​មាន​គំនុំ ហើយ​ពេល​ដែល​ភាគី​ម្ខាង​ទៀត​មាន​ឱកាសវិញ នាំ​ឲ្យ​មាន​ការ​សងសឹក​វិញ”។
គួរបញ្ជាក់​ដែរថា​ ក្រោយ​ហិង្សា​ក្បែរ​ទីលាន​ប្រជាធិបតេយ្យ​ លោក មា​ជ សុវណ្ណារ៉ា និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​មួយចំនួន​ទៀត​ត្រូវបាន​អាជ្ញាធរ​ ចាប់ខ្លួន​។ នៅ​ថ្ងៃ​ទី​១៣ ខែ​មេសា ឆ្នាំ​២០១៥ មុន​ចូលឆ្នាំ​ខ្មែរ លោក មា​ជ សុវណ្ណារ៉ា និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ទាំងនោះ​ត្រូវបាន​ដោះ​លែងឲ្យ​នៅ​ក្រៅ​ឃុំ ​បណ្តោះអាសន្ន បន្ទាប់​ពី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោក សម រង្ស៊ី បាន​ជួប​ចរចា​គ្នា។ ដោយ​ឡែកនៅ​ថ្ងៃទី២១ខែកក្កដា  សាលាដំបូងរាជធានីភ្នំពេញ​បានផ្ដន្ទាទោសសកម្មជន​គណបក្ស​សង្រ្គោះជាតិ ១១​នាក់នេះឲ្យជាប់​ពន្ធនាគារ​ពី៧ឆ្នាំទៅ​២០ឆ្នាំ​ពីបទដឹកនាំនិងចូលរួមក្នុងចលនា ​​កុប្បកម្មនាំឲ្យមានហិង្សា​នៅក្បែរ​ទីលា​នប្រ​ ជាធិបតេយ្យកាលពីខែកក្កដាឆ្នាំ២០១៤៕
សូម​សរសេរ​មក​កាន់​លោក ទូច សុខា តាម​រយៈ sokha@vodhotnews.com ​

No comments: