A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Sunday 4 October 2015

មន្ត្រី​យោធា​ខ្មែរ​ម្នាក់​ត្រូវ​ទាហាន​ថៃ​បាញ់​សម្លាប់​នៅ​ព្រំដែន

មន្ត្រី​យោធា​ខ្មែរ​ម្នាក់​ត្រូវ​ទាហាន​ថៃ​បាញ់​សម្លាប់​នៅ​ព្រំដែន
ដោយ ខែ សុណង
2015-10-03 rfa


មន្ត្រី​យោធា​ខ្មែរ​ម្នាក់​ដែល​បម្រើការ​ក្នុង​អង្គភាព​លេខ​៤៣៥ ប្រចាំ​ខេត្ត​បាត់ដំបង ត្រូវ​បាន​ទាហាន​ឈុត​ខ្មៅ​ថៃ ឈរ​ជើង​តាម​ខ្សែ​បន្ទាត់​ព្រំដែន​ក្នុង​ខេត្ត​ចាន់បុរី (Chanthaburi) បាញ់​សម្លាប់​ភ្លាមៗ​នៅ​ក្នុង​ទឹក​ដី​ថៃ កាល​ពី​រាត្រី​ថ្ងៃ​ទី​២ ខែ​តុលា ឆ្នាំ​២០១៥។

មន្ត្រី​ការពារ​ច្រក​ព្រំដែន​ប្រចាំ​ខេត្ត​ប៉ៃលិន សន្និដ្ឋាន​ថា ការ​បាញ់​ប្រហារ​របស់​ទាហាន​ឈុត​ខ្មៅ​ថៃ មក​លើ​មន្ត្រី​យោធា​ខ្មែរ គឺ​ពាក់ព័ន្ធ​នឹង​រឿង​គំនុំ​បុគ្គល។

មេបញ្ជាការ​វរៈ​ការពារ​ព្រំដែន​គោក​លេខ​៨២១ ប្រចាំ​ខេត្ត​ប៉ៃលិន លោក អ៊ុំ នន មាន​ប្រសាសន៍​នៅ​ល្ងាច​ថ្ងៃ​ទី​៣ ខែ​តុលា ថា ការ​បាញ់​សម្លាប់​មន្ត្រី​យោធា​ខ្មែរ​ម្នាក់​ពី​សំណាក់​ទាហាន​ឈុត​ខ្មៅ​ថៃ ក្នុង​ខេត្ត​ចាន់បុរី គឺ​ដោយសារ​រឿង​ជន​រងគ្រោះ​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​ប្រពន្ធ​ទាហាន​ឈុត​ខ្មៅ​ថៃ។

លោក​ថា មន្ត្រី​យោធា​ខ្មែរ​ត្រូវ​បាញ់​ចំ​ក្បាល​ស្លាប់​ភ្លាមៗ​នៅ​ក្នុង​ទឹក​ដី​ខេត្ត​ចាន់បុរី តែ​ម្ដង៖ «នេះ​ពិត​ជា​រឿង​គំនុំ​រឿង​បុគ្គល តាម​ព័ត៌មាន​ពី​មេ​ប៉ុស្តិ៍ លោក​មេ​រង​ផ្នែក​ខាង​គ្រឿង​ញៀន គឺ​ថា គាត់​មាន​ទំនាក់​ទំនង​មួយ​ក្រុម​គ្រួសារ​គេ ប្រពន្ធ​គេ បាន​រហូត​ដល់​គេ​បាញ់។ បាញ់​នៅ​ខេត្ត​ចាន់បុរី អត់​មាន​ឆ្លង​ដែន​ដឹក​គ្រញូង ឈើ​ខុស​ច្បាប់​អី​ផង ទៅ​តាម​ច្រក​ព្រំ។ មេ​ប៉ុស្តិ៍​ខ្ញុំ​រាយការណ៍​មក គេ​មាន​ប៉ាសស្ព័រ​អី​កំផ្លេ​របស់​គេ»។

ជន​រងគ្រោះ​ត្រូវ​បាន​គេ​រាយការណ៍​ថា មាន​ឈ្មោះ ពេជ្រ សេត ភេទ​ប្រុស អាយុ ៣៨​ឆ្នាំ មាន​ស្រុក​កំណើត​នៅ​ភូមិ​ទំនប់ទឹក ឃុំ​បវេល ស្រុក​បវេល ខេត្ត​បាត់ដំបង ដោយ​បច្ចុប្បន្ន​នៅ​ភូមិ​អូរឈើក្រំ ឃុំ​ស្ទឹងកាច់ ស្រុក​សាលាក្រៅ ខេត្ត​ប៉ៃលិន ជា​មន្ត្រី​យោធា​ក្នុង​អង្គភាព​លេខ​៤៣៥ ប្រចាំ​ខេត្ត​បាត់ដំបង ត្រូវ​បាន​ទាហាន​ឈុត​ខ្មៅ​ថៃ របស់​កងវរៈសេនាតូច​លេខ​៤៣ ឈរ​ជើង​តាម​ខ្សែ​បន្ទាត់​ព្រំដែន​ត្រង់​ចំណុច​ភូមិ​នើនឌិនដែង ក្នុង​ស្រុក​ពោងណាំរ៉ន ខេត្ត​ចាន់បុរី បាញ់​ចំ​ក្បាល​ស្លាប់​ភ្លាមៗ កាល​ពី​វេលា​ម៉ោង ៨ និង ២០​នាទី​យប់ ថ្ងៃ​ទី​២ ខែ​តុលា ឆ្នាំ​២០១៥។ ប៉ុន្តែ​សេចក្ដី​រាយការណ៍​របស់​ព័ត៌មាន​ក្នុង​ស្រុក​បាន​រាយការណ៍​ថា ជន​រងគ្រោះ​បាន​លប​លួច​ឆ្លង​ដែន​ចូល​ទៅ​ក្នុង​ទឹកដី​ថៃ ត្រង់​ចំណុច​ចន្លោះ​បង្គោល​ព្រំដែន​លេខ​៦២ និង ៦៤ ដើម្បី​ទៅ​នាំ​យក​ម៉ូតូ ឬ​រថយន្ត​គេច​ពន្ធ ចូល​មក​ក្នុង​ទឹកដី​កម្ពុជា ពិសេស​គឺ​នាំ​យក​ឈើ​គ្រញូង​ឆ្លង​ដែន​ខុស​ច្បាប់ ដែល​សេចក្ដី​រាយការណ៍​នេះ​ផ្ទុយ​ពី​មន្ត្រី​ការពារ​ព្រំដែន​គោក​ដែល​ថា ការ​បាញ់​សម្លាប់​ទាក់ទង​នឹង​រឿង​គំនុំ។

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​ប្រធាន​ទំនាក់ទំនង​ច្រក​ព្រំដែន​ខ្មែរ-​ថៃ លោក ទី សុខា ដើម្បី​បក​ស្រាយ​ចំពោះ​ចំណាត់​ការ​ទំនាក់ទំនង​ទៅ​ខាង​ភាគី​ថៃ ជុំវិញ​បញ្ហា​នេះ បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​ទី​៣ ខែ​តុលា។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ មេបញ្ជាការ​ការពារ​ព្រំដែន​គោក​លេខ​៨២១ ប្រចាំ​ខេត្ត​ប៉ៃលិន លោក អ៊ុំ នន មាន​ទស្សនៈ​ថា ថ្វីត្បិត​តែ​ការ​បាញ់​សម្លាប់​នេះ​ក្នុង​រឿង​គំនុំ​ក្ដី ប៉ុន្តែ​លោក​យល់​ថា នេះ​ជា​ទង្វើ​ខុស​ច្បាប់ និង​កិច្ច​ព្រមព្រៀង​រវាង​ភាគី​ទាំង​ពីរ​ដែល​បាន​ចុះហត្ថលេខា​រួម​គ្នា​លើ​ការ​យោគយល់​គ្នា៖ «នេះ​ជា​ករណី​ទី​១​ហើយ។ អាជ្ញាធរ​មាន​ទំនាក់ទំនង​ល្អ​ណាស់​ជាមួយ​ភាគី​ខាង​ថៃ។ ធ្លាប់​បាន​ប្រជុំ​ហាម​ឃាត់​ដាច់​ខាត មិន​ឲ្យ​បាញ់​សម្លាប់​តាម​បន្ទាត់​ព្រំដែន ឬ​ខាង​ក្នុង​ទេ មាន​រឿង​អី​ត្រូវ​មាន​ការ​និយាយ​គ្នា ដោះដូរ​គ្នា​តាម​ជាក់ស្ដែង​ដែល​គួរ​និយាយ​គ្នា​ទៅ​បាន»។

រហូត​មក​ដល់​ល្ងាច​ថ្ងៃ​ទី​៣ ខែ​តុលា អាជ្ញាធរ​ពាក់ព័ន្ធ​បាន​អះអាង​ថា មិន​ទាន់​បញ្ជូន​សាកសព​មន្ត្រី​យោធា​រូប​នោះ​មក​កម្ពុជា វិញ​នៅ​ឡើយ ហើយ​ភាគី​ថៃ នៅ​រក្សា​សព​ទុក​នៅ​មន្ទីរពេទ្យ​ខេត្ត​ចានបុរី៕

1 comment:

Anonymous said...

So what is hun sen govt going to do about it?. not much.At least he got shot dead for love, and died in vain if no justice is ever not found for him which under this regime is unlikely. I hope his family gets his body back home so they can give him proper burial .