A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday 24 November 2015

សហជីព​ជំរុញ​រដ្ឋាភិបាល​ឲ្យ​ពង្រឹង​របប​ធានា​សន្តិសុខ​សង្គម​និង​ពង្រីក​ដល់​ពលរដ្ឋ​គ្រប់​រូប


សហជីព​ជំរុញ​រដ្ឋាភិបាល​ឲ្យ​ពង្រឹង​របប​ធានា​សន្តិសុខ​សង្គម​និង​ពង្រីក​ដល់​ពលរដ្ឋ​គ្រប់​រូប
ដោយ ឡេង ម៉ាលី
rfa 2015-11-22
ប្រធាន​សហភាព​ការងារ​កម្ពុជា លោក អាត់ ធន់ បង្ហាញ​តួលេខ​ពលរដ្ឋ​កម្ពុជា ដែល​ទទួល​បាន​ការ​ធានា​លើ​ការ​ថែទាំ​សុខភាព​ដោយ​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម (ប.ស.ស) កាល​ពី​ថ្ងៃ​ទី​២២ ខែ​វិច្ឆិកា ឆ្នាំ​២០១៥។
RFA/Leng Maly

មន្ត្រី​តំណាង​សហជីព​កម្មករ​មក​ពី​វិស័យ​ផ្សេងៗ​ចំនួន​ជាង ៧០​នាក់ ជួប​ពិភាក្សា​គ្នា​នៅ​ថ្ងៃ​ទី​២២ វិច្ឆិកា ដើម្បី​រៀបចំ​អនុសាសន៍​ដាក់​ជូន​រាជ​រដ្ឋាភិបាល ឲ្យ​ពង្រឹង និង​សម្រួល​ការ​ប្រើប្រាស់​ប្រព័ន្ធ​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​បច្ចុប្បន្ន ដែល​ធានា​គាំពារ​ដល់​កម្មករ​នៅ​ពេល​គ្រោះថ្នាក់ និង​មាន​ជំងឺ​ក្នុង​ការងារ។

ប្រធាន​សហភាព​ការងារ​កម្ពុជា លោក អាត់ ធន់ ឲ្យ​ដឹង​ថា កម្មករ​ជាច្រើន​លាន​នាក់​នៅ​តែ​មិន​ទាន់​ទទួល​បាន​សេវា​ធានា​លើ​ការ​ថែទាំ​សុខភាព​នៅ​ឡើយ ក្នុង​ពេល​ដែល​កម្មករ​ខ្លះ​បាន​ចុះ​បញ្ជី​ជាមួយ​ប្រព័ន្ធ​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម ហៅ​កាត់​ថា ប.ស.ស ហើយ​ក៏ដោយ។

លោក អាត់ ធន់ ក៏​ស្នើសុំ​ឲ្យ​រាជ​រដ្ឋាភិបាល សម្រួល​ដល់​ការ​អនុវត្ត​ប្រព័ន្ធ​នេះ​បន្ថែម​ទៀត ថ្វី​បើ​ពេល​នេះ កម្មករ​បាន​ទទួល​សេវា​ធានា​សុខភាព និង​គ្រោះថ្នាក់​ជា​បណ្ដើរ​ហើយ​ក្ដី។ លោក​សុំ​ឲ្យ​ពង្រីក​ការ​ចុះ​បញ្ជី​ដល់​កម្មករ​ផ្សេង​ទៀត ដែល​ស្ថិត​នៅ​ក្រោម​ច្បាប់​ស្ដីពី​ការងារ​កម្ពុជា ដូច​គ្នា៖ «ប្រជាពលរដ្ឋ ១៥​លាន​នាក់ គឺ​មាន​នៅ​ក្នុង​វិស័យ​ឯកជន ១​លាន ២​សែន​នាក់ ត្រូវ​បាន​ធានា មន្ត្រី​រាជការ​ស៊ីវិល​មាន​ប្រហែល​ជិត ២០​ម៉ឺន​នាក់ ត្រូវ​បាន​ធានា ហើយ​អតីត​យុទ្ធជន​មាន​ប្រហែល​ជា ១៥​ម៉ឺន ត្រូវ​បាន​ធានា ហើយ​និង​អ្នក​នៅ​ក្រោម​បន្ទាត់​ភាព​ក្រីក្រ ដែល​រដ្ឋាភិបាល​មាន​កាត​សម្រាប់​ចូល​មន្ទីរពេទ្យ​ដោយ​ឥត​គិត​ថ្លៃ​ហ្នឹង​ទៀត យើង​គិត​ទៅ​ប្រហែល​ថា ២​លាន​ចុះ។ អ៊ីចឹង​វា​នៅ​ជាង ១២​លាន​នាក់​ទៀត គឺ​អត់​ទាន់​បាន​ធានា​ទេ»។



លោក អាត់ ធន់ បញ្ជាក់​បន្ថែម​ថា រហូត​មក​ដល់​ពេល​នេះ ប្រទេស​កម្ពុជា នៅ​មិន​ទាន់​មាន​ប្រព័ន្ធ​សន្តិសុខ​សង្គម ដែល​ធានា​ដល់​ពលរដ្ឋ​កម្ពុជា គ្រប់​រូប​ទេ គឺ​មាន​តែ​នៅ​ក្នុង​វិស័យ​ឯកជន ដែល​ជា​កម្មករ​រៀបរយ​នៅ​តាម​រោងចក្រ និង​បុគ្គលិក​រដ្ឋ​ចូល​និវត្តន៍។ លោក​នឹង​ដាក់​លិខិត​ជំរុញ​រដ្ឋាភិបាល​ឲ្យ​បង្កើត​អាជ្ញាធរ​ជាតិ និង​ច្បាប់​សម្រាប់​ធានា​ដល់​កម្មករ​ផ្សេង​ទៀត៖ «យើង​ស្នើសុំ​ឲ្យ​បេឡា​ជាតិ​បច្ចុប្បន្ន​នេះ ចុះ​បញ្ជី​កម្មករ​និយោជិក​ពី​ម្នាក់​ដល់​ប្រាំបី​នាក់​ផង ព្រោះ​បច្ចុប្បន្ន​នេះ គឺ​គេ​ធ្វើ​ចាប់​ពី​ប្រាំបី​នាក់​ឡើង​មុន ដំណាក់​កាល​ទី​មួយ។ អ៊ីចឹង បើ​យើង​ពិនិត្យ​មើល​ជាង ៧​ពាន់​ក្រុមហ៊ុន​បច្ចុប្បន្ន​នេះ គឺ​យើង​ឃើញ​ថា ចុះ​បាន ១​លាន ២​សែន​នាក់​នេះ តែ​អ្នក​ដែល​ចាប់​ពី ៨​នាក់​ឡើង​លើ​ទេ តែ​អ្នក ៨​នាក់​ចុះ​ក្រោម គឺ​អត់​ទាន់​បាន​ចុះ​ទេ ហើយ​អ្នក​ហ្នឹង​ត្រូវ​ការ​ការពារ​ដោយ​ច្បាប់​ដែរ។ អ៊ីចឹង​នៅ​ពេល​បង្កើត​អាជ្ញាធរ​សង្គម​ជាតិ​នេះ រដ្ឋាភិបាល​ត្រូវ​បង្កើត​ច្បាប់​មួយ​បង្កើត​របប​ធានា​ទៅ​លើ​ប្រជាពលរដ្ឋ ដែល​នៅ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ហ្នឹង ដូចជា​អ្នក​រក​ស៊ី​ដោយ​ខ្លួន​ឯង ដូចជា​ប្រជាពលរដ្ឋ​ទូទៅ អ្នក​ធ្វើ​កសិកម្ម​ដែល​អត់​មាន​ការ​ធានា​ហ្នឹង»។

ទាក់ទង​នឹង​បញ្ហា​នេះ អនុប្រធាន​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម (ប.ស.ស) លោក ស៊ុម សោភ័ណ ថ្លែង​ថា បច្ចុប្បន្ន​នេះ បេឡា​ជាតិ​របប​សន្តិសុខ​សង្គម បាន​ផ្ដល់​សេវា​ធានា​ចេញ​សោហ៊ុយ​ថែទាំ​សុខភាព​ដល់​កម្មករ​នៅ​ពេល​មាន​គ្រោះថ្នាក់ និង​មាន​ជំងឺ​ទាក់ទង​នឹង​ការងារ នៅ​មន្ទីរពេទ្យ​ដែល​ទទួល​ស្គាល់​ដោយ ប.ស.ស៖ «ជាពិសេស​មន្ទីរពេទ្យ​ដែល​បាន​ចុះ​កិច្ចសន្យា ទោះ​អស់​ប៉ុន្មាន​ក៏ដោយ អា​ហ្នឹង​ជា​គ្រោះថ្នាក់​ការងារ យើង​ទូទាត់​ឲ្យ​វិញ​តម្លៃ​ពេញ ឲ្យ​តែ​មន្ទីរ​ចុះ​កិច្ចសន្យា។ មាន ៩៣​មន្ទីរពេទ្យ​ទូទាំង​ប្រទេស ដែល​យើង​បាន​ចុះ​កិច្ចសន្យា ក្នុង​ហ្នឹង​មាន ៣​ឯកជន។ រយៈពេល​ដែល​យើង​ផ្ដល់​ឲ្យ គឺ​រយៈពេល​ឈប់​សម្រាក​តាម​វេជ្ជបញ្ជា»។

ទន្ទឹម​គ្នា​នេះ​ដែរ មន្ត្រី​កម្មវិធី​គាំពារ​សង្គម​នៃ​អង្គការ​អន្តរជាតិ​ខាង​ការងារ អ្នកស្រី ឱក ម៉ាលីកា ថ្លែង​ថា កម្មករ​ដែល​ធ្វើ​ការ​មិន​នៅ​ក្រោម​ច្បាប់​ស្ដីពី​ការងារ ឬ​ក្រៅ​ផ្លូវ​ការ គឺ​ជា​ក្រុម​ត្រូវ​ពិចារណា​ខ្ពស់ ដើម្បី​ឲ្យ​ស្រប​តាម​គោលការណ៍​នៃ​អង្គការ​អន្តរជាតិ​ខាង​ការងារ៖ «សម្រាប់​ជន​វិស័យ​ក្រៅ​ផ្លូវ​ការ​នេះ គឺ​អត់​មាន​អី​សោះ។ អ៊ីចឹង​នេះ គឺ​អ្វី​ដែល​ខ្ញុំ​ជឿ​ថា​បង​ប្អូន​ទាំងអស់​កំពុង​តែ​ទាមទារ ហើយ​ក្នុង​នាម​ដៃគូ​អភិវឌ្ឍន៍ ក៏​កំពុង​ទាមទារ​ដូច​គ្នា ស្នើសុំ​រដ្ឋាភិបាល​ពិចារណា​ទៅ​លើ​ជន​ដែល​នៅ​ក្នុង​សេដ្ឋកិច្ច​ក្រៅ​ផ្លូវ​ការ ពីព្រោះ​យើង​ហើយ​ថា ៨០% នៃ​ប្រជាជន​យើង​កំពុង​ធ្វើ​ការ​ក្នុង​វិស័យ​នេះ ហើយ​អត់​មាន​អ្វី​គាំពារ»។

ស្រប​គ្នា​នេះ​ដែរ លោក អាត់ ធន់ ថ្លែង​ថា ការ​ធានា​ពី​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម ឬ ប.ស.ស ធ្វើ​ឲ្យ​កម្មករ​មាន​ជីវភាព​ប្រសើរ ព្រោះ​មិន​ចាំ​ចេញ​សោហ៊ុយ​លើ​សុខភាព និង​ស្រប​តាម​គោលការណ៍ ៩​ចំណុច​នៃ​អនុសញ្ញា​អង្គការ​អន្តរជាតិ​ខាង​ការងារ (ILO) ដែល​ត្រូវ​ធានា​ដល់​មនុស្ស​ចាប់​តាំង​ពី​កើត​រហូត​ដល់​ស្លាប់។ ទាំង​ភាគី​សហជីព និង​អង្គការ​អន្តរជាតិ​ខាង​ការងារ នៅ​តែ​បង្ហាញ​ថា ប្រទេស​កម្ពុជា នៅ​យឺត​ជាង​ប្រទេស​ដទៃ​ក្នុង​ចំណោម​ប្រទេស​អាស៊ាន ទោះ​បី​ជា​មាន​ការ​ធានា​សុខភាព​ខ្លះៗ​ហើយ​ក្ដី។ នេះ​ជា​មូលហេតុ​ដែល​សហជីព ជំរុញ​ឲ្យ​មាន​ប្រព័ន្ធ​របប​សន្តិសុខ​សង្គម​ថ្នាក់​ជាតិ​សម្រាប់​ជួយ​ពលរដ្ឋ​កម្ពុជា ទាំង​មូល៕

No comments: