អាជ្ញាធរខេត្តសៀមរាបរៀបចំពិធីបុណ្យអុំទូករយៈពេលពីរថ្ងៃនៅកណ្ដាលទីក្រុង
ដោយ ហង្ស សាវយុត
rfa 2015-11-23
ពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក គឺជាបុណ្យប្រពៃណីជាតិខ្មែរ ដែលតែងប្រារព្ធជារៀងរាល់ឆ្នាំធំជាងគេនៅទន្លេចតុមុខ រាជធានីភ្នំពេញ ក៏ប៉ុន្តែក្នុងឆ្នាំនេះ រដ្ឋាភិបាលបានប្រកាសមិនធ្វើពិធីបុណ្យអុំទូកទេនៅទីក្រុងភ្នំពេញ។
ចំណែកនៅឯខេត្តសៀមរាប ដែលជាទីក្រុងទាក់ទាញភ្ញៀវទេសចរបរទេសដ៏សំខាន់វិញ កំពុងរៀបចំធ្វើពិធីបុណ្យអុំទូកនេះ ក្នុងគោលបំណងកៀរគរ និងទាក់ទាញភ្ញៀវទេសចរឲ្យចូលទៅកម្សាន្តនៅខេត្តនេះកាន់តែច្រើនឡើងថែមទៀត។
អាជ្ញាធរខេត្តសៀមរាប ឲ្យដឹងថា គេកំពុងរៀបចំទូកអុំ និងទូកងចំនួន ១៥គូ ព្រមទាំងប្រទីបចំនួន ១៦ទៀតនៅថ្ងៃច័ន្ទ ទី២៣ ខែវិច្ឆិកា ដើម្បីត្រៀមខ្លួនប្រារព្ធធ្វើពិធីបុណ្យអុំទូកនៅក្នុងស្ទឹងរយៈពេល ២ថ្ងៃ។
អភិបាលរងខេត្តសៀមរាប គឺលោក ប៊ុន ថាឬទ្ធិ។ លោកមានប្រសាសន៍កាលពីរសៀលថ្ងៃច័ន្ទ ទី២៣ ខែវិច្ឆិកា ថា ពិធីបុណ្យអុំទូក នឹងធ្វើឡើងនៅក្នុងស្ទឹងកណ្ដាលទីក្រុង ចាប់ពីថ្ងៃទី២៤-២៥ ខែវិច្ឆិកា។ លោក ប៊ុន ថាឬទ្ធិ បញ្ជាក់ទៀតថា អាជ្ញាធរខេត្តសៀមរាប កំពុងប្រឹងប្រែងរៀបចំពិធីបុណ្យអុំទូកក្នុងឆ្នាំនេះឲ្យបានអធិកអធមជាងឆ្នាំមុនៗ ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ នៅស្របពេលដែលរាជធានីភ្នំពេញ និងបណ្ដាខេត្តខ្លះទៀត មិនបានធ្វើពិធីអុំទូកនេះ៖ «ការរៀបចំយើងដំណើរការបើកហើយ យើងអុំទូកពេលចប់ហ្នឹងឲ្យវាល្មមនឹងពេលព្រលប់ ដើម្បីយើងបាញ់កាំជ្រួច»។
នៅតាមដងផ្លូវមួយចំនួនក្នុងខេត្តសៀមរាប នៅថ្ងៃច័ន្ទ នេះ គឺអាជ្ញាធរបានរៀបចំតុបតែងដាក់ភ្លើងលំអ ព្រមទាំងមានមន្ត្រីដើរសម្អាតសំរាម និងបរិស្ថាន ហើយនៅអមដងស្ទឹងនាមុខព្រះរាជដំណាក់ គឺមានសភាពអ៊ូអរ ដោយសម្រែកអ្នកសមអុំទូក ព្រមទាំងឧបករណ៍បំពងសំឡេងដែលចេញពីតាមតូប ដែលដាក់តាំងលក់ផលិតផលនានា។
ស្នងការរងនគរបាលខេត្តសៀមរាប លោក ថង សាគុណ មានប្រសាសន៍ថា ចាប់តាំងពីថ្ងៃច័ន្ទ រហូតដល់ទៅមួយសប្ដាហ៍ខាងមុខ គឺសមត្ថកិច្ចបានរាយបណ្ដាក់កម្លាំងប៉ូលិស និងកងរាជអាវុធហត្ថនៅកន្លែងប្រារព្ធពិធីបុណ្យអុំទូក ព្រមទាំងនៅតាមរមណីយដ្ឋានទេសចរណ៍ជាច្រើនកន្លែងប្រហែលជិត ១.០០០នាក់ ដើម្បីការពារសន្តិសុខជូនប្រជាពលរដ្ឋ និងភ្ញៀវបរទេសដែលមកកម្សាន្ត៖ «ការពារ គឺកងកម្លាំងនគរបាលយើងដាក់កម្លាំងការពារសន្តិសុខបង្ក្រាបបទល្មើសនៅក្នុងហ្វូងប្រជាពលរដ្ឋ ដែលចូលរួមពិធីបុណ្យជាស៊ីវិល»។
ក្នុងពិធីបុណ្យអុំទូកនេះ ក៏មានពាណិជ្ជករថៃ ខ្លះ បានដឹកជញ្ជូនទំនិញរបស់ខ្លួនមកដាក់តាំងលក់ដូរឲ្យប្រជាពលរដ្ឋខ្មែរទិញយកទៅប្រើប្រាស់ដែរ។
ចាប់តាំងតែពីឆ្នាំ២០១១ រហូតមកដល់ឆ្នាំនេះ ខេត្តសៀមរាប បានអាក់ខានប្រារព្ធពិធីបុណ្យអុំទូកទៅតាមប្រពៃណីចំនួន ២លើក គឺនៅឆ្នាំ២០១១ បានខកខានម្ដងដោយសារតែទឹកជំនន់ធ្ងន់ធ្ងរ និងនៅឆ្នាំ២០១៣ ក៏បានអាក់ខានម្ដងទៀត ដោយសារតែចូលរួមកាន់ទុក្ខរបស់អតីតព្រះមហាក្សត្រព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ ដែលទ្រង់យាងសោយទិវង្គត៕
No comments:
Post a Comment