A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday 27 November 2015

សង្គម​ស៊ីវិល​ជំរុញ​រដ្ឋាភិបាល​ឲ្យ​បើក​ចំហ​ព័ត៌មាន​ពី​ការ​ទទួល​យក​ជន​ភៀស​ខ្លួន​ពី​កោះ​ណាវរូ


សង្គម​ស៊ីវិល​ជំរុញ​រដ្ឋាភិបាល​ឲ្យ​បើក​ចំហ​ព័ត៌មាន​ពី​ការ​ទទួល​យក​ជន​ភៀស​ខ្លួន​ពី​កោះ​ណាវរូ
ដោយ យាង សុជាមេត្តា
rfa 2015-11-26
រថយន្ត​ដឹក​ជន​ភៀស​ខ្លួន ៤​នាក់​រួម​មាន​ជនជាតិ​អ៊ីរ៉ង់ (Iran) ៣​នាក់ និង​ម្នាក់​ទៀត​ជា​ជនជាតិ​ដើម​ភាគ​តិច រ៉ូហ៊ីងយ៉ា (Rohingya) ដែល​រត់​គេច​ពី​ប្រទេស​មីយ៉ាន់ម៉ា ឬ​ភូមា ស្វែងរក​សិទ្ធិ​ជ្រក​កោន​នៅ​ប្រទេស​អូស្ត្រាលី មក​ដល់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ នៅ​ថ្ងៃ​ទី​៤ ខែ​មិថុនា ឆ្នាំ​២០១៥។
 RFA/Rann Samnang

សង្គម​ស៊ីវិល ជំរុញ​រដ្ឋាភិបាល​កម្ពុជា ឲ្យ​បើក​ចំហ​ព័ត៌មាន​រឿង​ទទួល​យក​ជន​ភៀស​ខ្លួន​ពី​កោះ​ណាវរូ (Nauru) មក​តាំង​ទីលំនៅ​ក្នុង​ប្រទេស​កម្ពុជា តាម​សំណើ​របស់​រដ្ឋាភិបាល​ប្រទេស​អូស្ត្រាលី។ ការ​ទទូច​នេះ បន្ទាប់​ពី​មាន​ព័ត៌មាន​ថា អាជ្ញាធរ​ខ្មែរ​បាន​ទទួល​យក​ជន​ភៀស​ខ្លួន ១​រូប​បន្ថែម​ទៀត​មក​រស់នៅ​កម្ពុជា កាល​ពី​សប្ដាហ៍​មុន។ ប៉ុន្តែ​ដំណឹង​នេះ មិន​ត្រូវ​បាន​អាជ្ញាធរ​រដ្ឋាភិបាល​ផ្សព្វផ្សាយ​ឲ្យ​ពលរដ្ឋ​បាន​ដឹង​ជា​សាធារណៈ​ឡើយ។

បើ​ទោះ​ជា​រឿង​នាំ​យក​ជន​ភៀស​ខ្លួន​ពី​កោះ​ណាវរូ មក​រស់នៅ​កម្ពុជា បាន​ស្ងប់ស្ងាត់​មួយ​រយៈពេល​ក្តី ប៉ុន្តែ​ក្រុម​សង្គម​ស៊ីវិល និង​ពលរដ្ឋ នៅ​តែ​បន្ត​យក​ចិត្ត​ទុក​ដាក់​ពី​បញ្ហា​នេះ។

ប្រធាន​លេខាធិការដ្ឋាន​នៃ​គណៈកម្មាធិការ​ប្រព្រឹត្តិកម្ម នៃ​អង្គការ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​កម្ពុជា ហៅ​កាត់​ថា ច្រាក់ (CHRAC) លោក សួន ប៊ុនស័ក្តិ មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​២៦ វិច្ឆិកា ទទូច​ឲ្យ​អាជ្ញាធរ​រដ្ឋាភិបាល បញ្ចេញ​ជា​សាធារណៈ​នូវ​ព័ត៌មាន​ទាក់ទង​នឹង​ការ​ទទួល​យក​ជន​ភៀស​ខ្លួន​មក​កម្ពុជា។

លោក សួន ប៊ុនស័ក្តិ ថ្លែង​បន្ត​ថា រដ្ឋាភិបាល​មិន​គួរ​បិទ​បាំង​ព័ត៌មាន​ទាំងអស់​នេះ​ពី​ពលរដ្ឋ​ឡើយ ដោយ​ហេតុ​ថា បញ្ហា​ជន​ភៀស​ខ្លួន​នេះ​វា​ជា​រឿង​របស់​ជាតិ​ទាំងអស់​គ្នា។ លោក​ថា បើ​កាល​ណា​រដ្ឋាភិបាល​ចេះ​តែ​ព្យាយាម​បិទ​បាំង​ព័ត៌មាន​ម្តង​ហើយ​ម្តង​ទៀត​មិន​ឲ្យ​ពលរដ្ឋ​បាន​ដឹង​នោះ​ទេ នោះ​បាន​សេចក្តី​ថា រដ្ឋាភិបាល​កំពុង​តែ​រំលោភ​នូវ​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​ពលរដ្ឋ​របស់​ខ្លួន។



ការ​សម្ដែង​ទស្សនៈ​របស់​ប្រធាន​លេខាធិការដ្ឋាន​របស់​គណៈកម្មាធិការ​ប្រព្រឹត្តិកម្ម នៃ​អង្គការ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​កម្ពុជា ពេល​នេះ គឺ​បន្ទាប់​ពី​មាន​សារព័ត៌មាន​ក្នុង​ស្រុក​មួយ បាន​ចុះ​ផ្សាយ​ថា មាន​ជន​ភៀស​ខ្លួន​មួយ​រូប​បន្ថែម​ទៀត​ទើប​ត្រូវ​បាន​រដ្ឋាភិបាល​កម្ពុជា ទទួល​យក​មក​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា ដោយ​ស្ងាត់ៗ ប៉ុន្តែ​មិន​មាន​ព័ត៌មាន​លម្អិត​ពី​អាជ្ញាធរ​ឡើយ ក្រៅ​តែ​ពី​បាន​ទទួល​ការ​បញ្ជាក់​ខ្លះៗ​ពី​មន្ត្រី​នៃ​អង្គការ​ទេសន្តរប្រវេសន៍​អន្តរជាតិ អំពី​ការ​មក​ដល់​នៃ​ជន​ភៀស​ខ្លួន​ថ្មី​នេះ។

ចំណែក​សារព័ត៌មាន ឌឺ ស៊ីដនី ម៉័រនីង ហេរ៉ាដ៍ (The Sydney Morning Herald) របស់​អូស្ត្រាលី ចុះ​ផ្សាយ​នៅ​ថ្ងៃ​ទី​២៦ វិច្ឆិកា ថា បុរស​ជន​ភៀស​ខ្លួន​ម្នាក់​នេះ​ជា​ជនជាតិ​រ៉ូហ៊ីងយ៉ា (Rohingya) គឺ​ជា​ជន​ភៀស​ខ្លួន​ទី​៥ ដែល​បាន​មក​ដល់​កម្ពុជា។

វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​ទី​២៦ វិច្ឆិកា មិន​អាច​ទាក់ទង​អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ និង​អ្នក​នាំ​ពាក្យ​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួង​មហាផ្ទៃ លោក គឹម សារិន ដើម្បី​សុំ​ការ​បញ្ជាក់​បាន​នៅ​ឡើយ​ទេ។

កាល​ពី​ខែ​មិថុនា ឆ្នាំ​២០១៥ រដ្ឋាភិបាល​បាន​ទទួល​យក​ជន​ភៀស​ខ្លួន​ដំបូង​ចំនួន ៤​នាក់​ពី​កោះ​ណាវរូ តាម​កិច្ច​ព្រមព្រៀង​ដែល​កម្ពុជា បាន​ចុះ​ជាមួយ​រដ្ឋាភិបាល​អូស្ត្រាលី កាល​ពី​ខែ​កញ្ញា ឆ្នាំ​២០១៤ ក្នុង​ការ​ទទួល​ជន​ភៀស​ខ្លួន​ដែល​ទៅ​សុំ​សិទ្ធិ​ជ្រក​កោន​នៅ​ប្រទេស​អូស្ត្រាលី មក​រស់នៅ​កម្ពុជា ជា​ថ្នូរ​នឹង​ទឹក​ប្រាក់​ប្រមាណ ៤០​លាន​ដុល្លារ​អូស្រ្តាលី។

ជន​ភៀស​ខ្លួន ៤​នាក់​នោះ មាន ៣​នាក់​ជា​ជនជាតិ​អ៊ីរ៉ង់ និង​ម្នាក់​ជា​ជនជាតិ​រ៉ូហ៊ីងយ៉ា មក​ពី​ប្រទេស​មីយ៉ាន់ម៉ា (Myanmar)។ ពួក​គេ​ត្រូវ​បាន​ដាក់​ឲ្យ​រស់នៅ​ក្នុង​ផ្ទះ​វីឡា​មួយ​នៅ​ក្នុង​ខណ្ឌ​ច្បារអំពៅ ដើម្បី​រៀន​សូត្រ​ភាសា ប្រពៃណី និង​វប្បធម៌​របស់​ខ្មែរ មុន​នឹង​ធ្វើ​សមាហរណកម្ម​ចូល​ក្នុង​សង្គម​កម្ពុជា។ ប៉ុន្តែ​កាល​ពី​ពេល​ថ្មីៗ​នេះ មាន​ជន​ភៀស​ខ្លួន​ជនជាតិ​រ៉ូហ៊ីងយ៉ា ម្នាក់ បាន​ស្នើ​វិល​ត្រឡប់​ទៅ​ប្រទេស​មីយ៉ាន់ម៉ា វិញ ដែល​ការ​ស្នើសុំ​នេះ ត្រូវ​បាន​អាជ្ញាធរ​អះអាង​ថា ដោយសារ​ជន​ភៀស​ខ្លួន​រូប​នេះ​នឹក​ស្រុក និង​ម្យ៉ាង​ទៀត ប្រហែល​ជា​ខក​ចិត្ត​ដែល​មិន​បាន​ទៅ​រស់នៅ​ក្នុង​ប្រទេស​អូស្ត្រាលី ដូច​ការ​រំពឹង​ទុក។

លោក សួន ប៊ុនស័ក្តិ កត់​សម្គាល់​ជា​ថ្មី​ថា ក្នុង​ស្ថានភាព​ដូច​កម្ពុជា បច្ចុប្បន្ន កម្ពុជា មិន​គួរ​ទទួល​យក​ជន​ភៀស​ខ្លួន​តាម​សំណើ​របស់​រដ្ឋាភិបាល​អូស្ត្រាលី នោះ​ឡើយ៖ «នៅ​ក្នុង​ស្ថានភាព​នយោបាយ​ដូច​បច្ចុប្បន្ន​អ៊ីចឹង ដោះស្រាយ​បញ្ហា​ស្រុក​មិន​ទាន់​បាន​ស្រួល​បួល​អ៊ីចឹង យើង​មិន​គួរ​ទទួល​ជន​ភៀស​ខ្លួន​ថ្មី​មក​ជ្រក​កោន​នៅ​ស្រុក​យើង​ទេ ព្រោះ​ថា បើ​កាល​ណា​យើង​ទទួល ហើយ​បើ​ស្រុក​យើង​ពោរពេញ​ដោយ​ការ​រំលោភ​សិទ្ធិ​មនុស្ស ហើយ​ការ​ដែល​យើង​ទទួល​មនុស្ស​ថ្មី​មក​នៅ​កម្ពុជា គឺ​បាន​សេចក្តី​ថា យើង​អាច​ចូលរួម​ចំណែក​ធ្វើ​ឲ្យ​មនុស្ស​ថ្មី​ដែល​ជា​ជន​ភៀស​ខ្លួន ទទួល​នូវ​ការ​រំលោភ​តៗ​គ្នា​អ៊ីចឹង​ដែរ»។

លោក សួន ប៊ុនស័ក្តិ មាន​ប្រសាសន៍​ថា មូលហេតុ​ដែល​រដ្ឋាភិបាល​ពុំ​មាន​ឆន្ទៈ​បញ្ចេញ​ព័ត៌មាន​ពី​រឿង​ជន​ភៀស​ខ្លួន​នេះ​ជា​សាធារណៈ​ឲ្យ​ពលរដ្ឋ​បាន​ដឹង ប្រហែល​ជា​រដ្ឋាភិបាល​ខ្លួន​ឯង​យល់​ឃើញ​ថា អ្វី​ដែល​រដ្ឋាភិបាល​កំពុង​ធ្វើ មិន​មែន​ជា​ចំណាត់​ការ​ជាតិ​មួយ​ដែល​មាន​ប្រជាប្រិយភាព ក្នុង​ចំណោម​ប្រជាជាតិ​ខ្មែរ​នោះ​ទេ។

យ៉ាង​ណា​ក៏ដោយ លោក សួន ប៊ុនស័ក្តិ ថ្លែង​ថា រដ្ឋាភិបាល​មិន​ត្រូវ​លាក់​កំបាំង​រឿង​នេះ​ជាមួយ​ពលរដ្ឋ​ខ្លួន​ដែល​ជា​ម្ចាស់​ស្រុក​នោះ​ឡើយ៕

No comments: