A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday 26 November 2015

រដ្ឋាភិបាល​កម្ពុជា​ប្រតិកម្ម​នឹង​អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ

រដ្ឋាភិបាល​កម្ពុជា​ប្រតិកម្ម​នឹង​អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ
ដោយ ឡេង ម៉ាលី
2015-11-25
អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ (អ.ស.ប) ទទួល​បន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) (ឆ្វេង​ទី​២) ជួប​មន្ត្រី​សង្គម​ស៊ីវិល និង​តំណាង​សហគមន៍​ដីធ្លី នៅ​ខេត្ត​កោះកុង កាល​ពី​ថ្ងៃ​ទី​១៨ កញ្ញា ឆ្នាំ​២០១៥។
RFA/Den Ayuthyea

រដ្ឋាភិបាល​ កម្ពុជា ប្រតិកម្ម​តប​ទៅ​នឹង​សេចក្ដី​ថ្លែងការណ៍​របស់​អ្នក​រាយការណ៍​ពិសេស​របស់​ អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា ដោយ​ចាត់​ទុក​ការ​ថ្លែង​នោះ ថា​ជា​ការ​គ្មាន​ពិសោធ​ចំពោះ​រឿង​កម្ពុជា។

មន្ត្រី ​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​២៥ វិច្ឆិកា ថា លោក​មិន​ជឿ​លើ​ពាក្យ​សម្ដី​របស់​អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​ សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា គឺ​អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) ដែល​ថា ស្ថានភាព​នយោបាយ​នៅ​កម្ពុជា កំពុង​ឈាន​ដល់​ចំណុច​កំពូល​ដ៏​គ្រោះថ្នាក់​ឡើង​នោះ​ទេ៖ «លោកស្រី​ហ្នឹង​មិន​មាន​ការ​ពិសោធន៍​ចំពោះ​រឿង​កម្ពុជា ទេ។ យើង​ឃើញ​ហើយ​ថា អង្គការ​សហប្រជាជាតិ ដែល​ឲ្យ​លោកស្រី​ជា​អ្នក​តំណាង គ្រាន់​តែ​ជា​អ្នក​សម្រប​សម្រួល​ទេ ក៏ប៉ុន្តែ​យើង​ជឿ​ថា លោកស្រី​នៅ​តែ​សហការ​ជាមួយ​ប្រជាពលរដ្ឋ​កម្ពុជា មិន​ចង់​ឃើញ​ជា​វប្បធម៌​មួយ​ថា អនាគត​របស់​កម្ពុជា ឋិត​នៅ​កណ្ដាប់​ដៃ​របស់​បុគ្គល​ណា​មួយ​ឡើយ គឺ​ឋិត​នៅ​ក្នុង​ស្ថាប័ន​ជាតិ និង​នីតិរដ្ឋ ច្បាប់​ទម្លាប់​នេះ​ឯង។ ដូច្នេះ ការ​បាត់ សម រង្ស៊ី ពី​សភា គឺ​គេ​ឆ្លើយ​តប​អ្វី​ទៅ​ជា​ការ​រំលោភ​ច្បាប់​របស់​ទណ្ឌិត សម រង្ស៊ី ទៅ​លើ​ការ​វិវាទ​បុគ្គល និង​បុគ្គល​សុទ្ធសាធ អត់​មាន​ពាក់ព័ន្ធ​ទៅ​នឹង​រឿង​នយោបាយ។ រីឯ​គណបក្ស​ប្រឆាំង​នៅ​កម្ពុជា មិន​មែន​ឋិត​នៅ​តែ​គណបក្ស​សង្គ្រោះ​ជាតិ នោះ​ទេ គឺ​យើង​មាន​គណបក្ស​ដទៃ​ទៀត ដែល​បង្កើត​ជាច្រើន​បន្ថែម​ទៀត ហើយ​ការងារ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ក៏​នៅ​តែ​បន្ត ដូចជា​ថ្មីៗ​នេះ ឯកឧត្ដម កឹម សុខា លោក​បាន​ចាត់​ការងារ​ជា​កាតព្វកិច្ច​របស់​សមាជិក​របស់​លោក​ហ្នឹង​ឲ្យ​ដំណើរ​ ការ​ក្នុង​ការ​ពន្យល់​អំពី​នយោបាយ​របស់​គណបក្ស»។

ការ ​ឆ្លើយ​តប​នេះ គឺ​បន្ទាប់​ពី​ការិយាល័យ​ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា នៅ​ថ្ងៃ​ទី​២៤ វិច្ឆិកា ចេញ​ផ្សាយ​សេចក្ដី​ថ្លែងការណ៍​មួយ​របស់​អ្នក​រាយការណ៍​ពិសេស គឺ​អ្នកស្រី រ៉ូណា ស្មីត។ នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​នោះ អ្នកស្រី រ៉ូណា ស្មីត សរសេរ​ថា ការ​ចាត់​វិធានការ​បំបាក់​ផ្នែក​នយោបាយ​នៅ​កម្ពុជា កំពុង​ឈាន​ដល់​ចំណុច​កំពូល​ដ៏​គ្រោះថ្នាក់ ហើយ​អ្នក​ជំនាញ​ការ​សិទ្ធិ​មនុស្ស​សហប្រជាជាតិ ដាស់​តឿន ដោយសារ​តែ​បញ្ហា​នេះ​ពាក់ព័ន្ធ​នឹង​ការ​អនុវត្ត​សិទ្ធិ​មនុស្ស​របស់​ ប្រជាពលរដ្ឋ​កម្ពុជា។

អ្នកស្រី រ៉ូណា ស្មីត កត់​សម្គាល់​ដោយ​ក្ដី​ព្រួយ​បារម្ភ​អំពី​ស្ថានការណ៍​តានតឹង​រវាង​គណបក្ស​ នយោបាយ​ប្រឆាំង និង​គណបក្ស​កាន់​អំណាច ឧប្បត្តិហេតុ​ហិង្សា ការ​បំភិត​បំភ័យ​បុគ្គល​មួយ​ចំនួន ការ​ប្រើប្រាស់​ភាសា​ប្រទូសរ៉ាយ​ដាក់​គ្នា​នៅ​ក្នុង​កិច្ច​សន្ទនា​នយោបាយ។ អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​រូប​នេះ កំពុង​ឃ្លាំ​មើល​ស្ថានការណ៍​នៅ​កម្ពុជា ចាប់​តាំង​ពី​ពេល​វាយ​ដំ​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ខាង​មុខ​រដ្ឋសភា ការ​ទម្លាក់ លោក កឹម សុខា ពី​តួនាទី​អនុប្រធាន​រដ្ឋសភា និង​ចុង​ក្រោយ គឺ​ដក​អភ័យ​ឯកសិទ្ធិ​សភា​ពី លោក សម រង្ស៊ី និង​ចេញ​ដីកា​ចាប់​ខ្លួន​ពី​បទ​ក្លែង​ឯកសារ​សាធារណៈ ការ​ញុះញង់​ឲ្យ​មាន​ភាព​ចលាចល​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ និង​សណ្ដាប់ធ្នាប់​សង្គម។

ឆ្លើយ​តប​បញ្ហា​ទាំង​នេះ មន្ត្រី​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ថ្លែង​ថា រាជ​រដ្ឋាភិបាល​នៅ​តែ​ឲ្យ​តម្លៃ​លើ​នីតិរដ្ឋ ដោយ​មិន​ឲ្យ​មាន​អ្នក​ណា​ម្នាក់​លើ​ច្បាប់ ហើយ​រឿង​នយោបាយ គឺ​កម្ពុជា កំពុង​កសាង​លទ្ធិប្រជាធិបតេយ្យ៖ «យើង​យល់​ឃើញ​ថា លទ្ធិប្រជាធិបតេយ្យ​របស់​កម្ពុជា គឺ​មិន​មែន​ឋិត​នៅ​ក្នុង​បាត​ដៃ​របស់​ឯកឧត្ដម សម រង្ស៊ី ជា​បុគ្គល​នោះ​ទេ គឺ​ឋិត​នៅ​លើ​គោលការណ៍ ឋិត​នៅ​លើ​នីតិរដ្ឋ និង​ការ​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់ និង​ការ​ទទួល​ខុស​ត្រូវ​ចំពោះ​រដ្ឋធម្មនុញ្ញ។ ដូច្នេះ លទ្ធិប្រជាធិបតេយ្យ គឺ​ជា​គោល​បំណង​របស់​ប្រជាពលរដ្ឋ​ខ្មែរ មិន​មែន​ក្រោម​គំនាប​របស់​បុគ្គល សម រង្ស៊ី នោះ​ទេ គឺ​ឋិត​នៅ​ក្នុង​របប​សេរី​ពហុ​បក្ស។ អា​ហ្នឹង​ជា​លទ្ធិប្រជាធិបតេយ្យ​របស់​កម្ពុជា»។

លោក​មាន​ ប្រសាសន៍​ទៀត​ថា ការ​លូកលាន់​របស់​អង្គការ​សហប្រជាជាតិ ដោយ​មិន​យល់​ច្បាប់ និង​វប្បធម៌​របស់​កម្ពុជា ជា​ការ​លំបាក និង​មាន​សោកនាដកម្ម ដូច​ដែល​អង្គការ​សហប្រជាជាតិ ទទួល​ស្គាល់​របប ប៉ុល ពត ហើយ អ៊ុនតាក់ (UNTAC) ធ្លាប់​បរាជ័យ​ក្នុង​ការ​រៀបចំ​សន្តិភាព​នៅ​កម្ពុជា។

អ្នក ​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ អ្នកស្រី រ៉ូណា ស្មីត ថា អ្នកស្រី​មិន​ជ្រៀតជ្រែក​ផ្នែក​នយោបាយ​នៅ​កម្ពុជា ហើយ​ក៏​មិន​ធ្វើ​អត្ថាធិប្បាយ​លើ​ចំណាត់​ការ​របស់​តុលាការ​ដែរ រាប់​ទាំង​ករណី លោក សម រង្សី ប៉ុន្តែ​ក្ដី​កង្វល់​ធំ​សម្រាប់​អ្នកស្រី គឺ​អំពើ​ហិង្សា​ដែល​បាន​ប្រព្រឹត្ត​លើ​ការ​ប្រើប្រាស់​សិទ្ធិ​សេរីភាព ដើម្បី​សម្ដែង​មតិ​ដោយ​សន្តិវិធី​នៅ​ក្នុង​ជីវភាព​នយោបាយ។ ដើម្បី​ឲ្យ​ស្ថានភាព​ល្អ​ប្រសើរ អ្នកស្រី​អំពាវនាវ​ដល់​គណបក្ស​នយោបាយ​ទាំង​ពីរ ឲ្យ​បន្ត​វប្បធម៌​សន្ទនា​នយោបាយ​ឡើង​វិញ។

ទាក់ទង​នឹង​ការ​ អំពាវនាវ​របស់​អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា ឲ្យ​ចាប់​ផ្ដើម​កិច្ច​សន្ទនា​ឡើង​វិញ គណបក្ស​នយោបាយ​ទាំង​ពីរ​បញ្ជាក់​ថា រហូត​មក​ដល់​ពេល​នេះ នៅ​មិន​ទាន់​មាន​ការ​ទាក់ទង​គ្នា​ជា​ផ្លូវ​ការ​សម្រាប់​ដាក់​កាលបរិច្ឆេទ​ ជួប​គ្នា​នៅ​ឡើយ​ទេ។

អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​ កម្ពុជា គឺ​លោក សុខ ឥសាន មាន​ប្រសាសន៍​ថា ខាង​លោក​នៅ​មិន​ទាន់​ទទួល​បាន​តម្រុយ​អ្វី​មួយ​សម្រាប់​ជំនួប​សន្ទនា​ជាមួយ​ គណបក្ស​សង្គ្រោះ​ជាតិ ទេ៖ «រហូត​មក​ដល់​ពេល​នេះ នៅ​មិន​មាន​តម្រុយ​អី ឬ​មួយ​ថា ឈប់​សម្រាក​បុណ្យ​អុំ​ទូក ឬ​មួយ​យ៉ាង​ម៉េច គ្រាន់​តែ​ឯកឧត្ដម កឹម សុខា បង្ហើរ​តាម​រលក​ធាតុ​អាកាស តាម​វាយោ​តែ​ប៉ុណ្ណឹង។ បើ​ថា​មាន​និន្នាការ​អី គាត់​ស្នើ​អី​ជា​លាយលក្ខណ៍​អក្សរ អា​ហ្នឹង​បាន​ជា​ផ្លូវ​ការ បើ​គ្រាន់​តែ​ស្រែក​តាម​មេក្រូ អា​ហ្នឹង​មិន​ទាន់​ផ្លូវ​ការ​ទេ»។

ដូច​គ្នា​នេះ​ដែរ ខាង​អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ ថ្លែង​បញ្ជាក់​បន្ថែម​ថា លោក កឹម សុខា ដែល​ជា​ប្រធាន​ស្ដីទី​គណបក្ស លោក​កំពុង​ធ្វើ​កិច្ចការ​នេះ៖ «លោក​ប្រធាន​ស្ដីទី​នឹង​ត្រិះរិះ​ពិចារណា ហើយ​លោក​កំពុង​ធ្វើ​ការ​ហ្នឹង​ហើយ​បាទ។ បើ​សិន​ជា​មាន​អី​វិវឌ្ឍន៍​ទៅ គឺ​យើង​ខ្ញុំ​នឹង​ជូន​ព័ត៌មាន​ជា​សាធារណៈ»។

ស្ថានការណ៍​ នយោបាយ​តានតឹង​នៅ​កម្ពុជា ក្នុង​ពេល​បច្ចុប្បន្ន​នេះ កំពុង​តែ​ទាញ​ឲ្យ​សហគមន៍​អន្តរជាតិ​ព្រួយ​បារម្ភ​កាន់​តែ​ច្រើន។ ថ្មីៗ​នេះ អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ លោក បាន គីមូន (Ban Ki-moon) ក៏​បាន​សម្ដែង​ក្ដី​កង្វល់​អំពី​វិធានការ​របស់​រដ្ឋាភិបាល​លើ​អ្នក​នយោបាយ​ បក្ស​ប្រឆាំង ហើយ​នៅ​ពេល​នេះ សមាជិក​សភា​សហភាព​អឺរ៉ុប ក៏​បង្ហាញ​ការ​ព្រួយ​បារម្ភ​របស់​ខ្លួន​ដែរ៕

No comments: