A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Monday 23 November 2015

អ្នក​នេសាទ​ក្នុង​ឃុំ​កំពង់ភ្លុក​ខេត្ត​សៀមរាប​ចោទ​មន្ត្រី​ជលផល​ថា​គាប​សង្កត់​ទារ​យក​ប្រាក់

អ្នក​នេសាទ​ក្នុង​ឃុំ​កំពង់ភ្លុក​ខេត្ត​សៀមរាប​ចោទ​មន្ត្រី​ជលផល​ថា​គាប​សង្កត់​ទារ​យក​ប្រាក់
ដោយ ហង្ស សាវយុត
rfa 2015-11-22

៣០-មករា-២០១៥៖ ប្រជា​នេសាទ​នៅ​ភូមិ​ត្នោតកំបុត ឃុំ​កំពង់ភ្លុក ស្រុក​សូទ្រនិគម ខេត្ត​សៀមរាប ជួសជុល​មង​របស់​គេ​ដើម្បី​ចុះ​ទៅ​នេសាទ​ជា​លក្ខណៈ​គ្រួសារ​ក្នុង​បឹង​ ទន្លេសាប ដើម្បី​បាន​កម្រៃ​ចិញ្ចឹម​ជីវិត។
RFA/Hang Savyouth

រដ្ឋាភិបាល​បាន​ប្រកាស​ បើក​រដូវ​នេសាទ​សម្រាប់​ឆ្នាំ​២០១៥-២០១៦ ចាប់​តាំង​តែ​ពី​ថ្ងៃ​ទី១ ខែ​តុលា រហូត​មក​ដល់​ពេល​នេះ​មាន​រយៈពេល​ជិត ២​ខែ​មក​ហើយ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ដែល​មាន​មុខ​របរ​នេសាទ​ត្រី​ក្នុង​បឹង​ទន្លេសាប អាច​ចូល​ទៅ​រក​ស៊ី​ចិញ្ចឹម​ជីវិត។ ក៏ប៉ុន្តែ​នៅ​ឯ​ឃុំ​កំពង់ភ្លុក ស្រុក​ប្រាសាទបាគង វិញ អ្នក​នេសាទ​មួយ​ចំនួន​សម្ដែង​ការ​មិន​សប្បាយ​ចិត្ត​ទេ ដោយ​ពួក​គេ​អះអាង​ថា មន្ត្រី​ជលផល​ខ្លះ​បាន​គាប​សង្កត់​យក​ប្រាក់​ពី​ពួក​គេ។

ប្រជាពលរដ្ឋ ​មួយ​ចំនួន​ដែល​រស់នៅ​ក្នុង​បឹង​ទន្លេសាប​នៃ​ឃុំ​កំពង់ភ្លុក ស្រុក​ប្រាសាទបាគង ចម្ងាយ​ជិត ៣០​គីឡូ​ម៉ែត្រ​ភាគ​ខាង​កើត​ពី​ទី​រួម​ខេត្ត​សៀមរាប ត្អូញត្អែរ​ថា ពួក​គេ​កំពុង​តែ​ពិបាក​ប្រកប​មុខ​របរ​នេសាទ​ត្រី​តូចតាច ដោយសារ​តែ​មាន​មន្ត្រី​ជលផល​ខ្លះ​ទៅ​គាប​សង្កត់​យក​ប្រាក់​ពី​លើ​មុខ​របរ​ នេះ។

ក្រុម​អ្នក​ភូមិ​បាន​ចោទ​ប្រកាន់​មន្ត្រី​ជលផល​ចំនួន ២​រូប ថា​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ទៅ​គាប​សង្កត់​យក​ប្រាក់​ពី​ពួក​គេ ជា​ថ្នូរ​នឹង​ការ​បើក​ឲ្យ​ទៅ​នេសាទ​ត្រី​ក្នុង​បឹង​ទន្លេសាប​បាន​ដោយ​ស្រួល។

បុរស ​ម្នាក់​ជា​អ្នក​ភូមិ​ត្នោតកំបុត នៃ​ឃុំ​កំពង់ភ្លុក ក្នុង​ចំណោម​អ្នក​នេសាទ​ជាច្រើន​ទៀត សុំ​មិន​ហ៊ាន​បញ្ចេញ​ឈ្មោះ មាន​ប្រសាសន៍​ថា គាត់​មិន​សប្បាយ​ចិត្ត​ទេ ពីព្រោះ​តែ​គាត់​មាន​មុខ​របរ​ជា​អ្នក​នេសាទ​ត្រី​តូចតាច និង​បាន​កម្រៃ​ប្រចាំ​ថ្ងៃ​តិចតួច​គ្រាន់​ចិញ្ចឹម​ជីវិត ប៉ុន្តែ​បែរ​ជា​មន្ត្រី​ជលផល​ខ្លះ​ទៅ​គាប​សង្កត់​ឲ្យ​គាត់​បង់​ប្រាក់​ថ្លៃ​ នេសាទ​ត្រី​នៅ​ក្នុង​បឹង​ទន្លេសាប។ បុរស​ដដែល​បញ្ជាក់​ថា កាល​ពី​សប្ដាហ៍​មុន គាត់​បាន​បង់​ប្រាក់​ចំនួន ១៥​ម៉ឺន​រៀល​ឲ្យ​ទៅ​មន្ត្រី​ជលផល​ប្រចាំ​ឃុំ​កំពង់ភ្លុក ម្ដង​រួច​មក​ហើយ ស្រាប់​តែ​កាល​ពី ៣-៤​ថ្ងៃ​មុន ក៏​មាន​មន្ត្រី​ជលផល​មក​ពី​តំបន់​ចុងឃ្នៀស ម្នាក់​ទៀត​ទៅ​ទារ​ឲ្យ​ពួក​គាត់​បង់​លុយ​ក្នុង​ទូក​នេសាទ ១​គ្រឿង​ចំនួន ១០​ម៉ឺន​ថែម​ទៀត៖ «ថា​ជំរុញ​ឲ្យ​បង់ ១០​ម៉ឺន​គ្រប់​ក្រុម​គ្រួសារ​ក្នុង ១​ក្បាល​កាណូត។ ថ្លៃ​រាយ​មង​គេ​យក​ដែល​យើង​នេសាទ​ត្រី»។

អ្នក ​នេសាទ​ត្រី​ម្នាក់​ទៀត​នៅ​ភូមិ​ត្នោតកំបុត ឃុំ​កំពង់ភ្លុក មាន​ប្រសាសន៍​ប្រហាក់​ប្រហែល​គ្នា​ថា បច្ចុប្បន្ន​ពួក​គាត់​នេសាទ​បាន​ត្រឹម​តែ​ដាក់​មង​ចង្វា​ពោត ដើម្បី​ចាប់​យក​ត្រី​តូចៗ​ទៅ​លក់​ដូរ​គ្រាន់​បាន​ប្រាក់​ទិញ​អង្ករ​គីឡូ ដាំ​បាយ​ចែក​កូន​ហូប​ប៉ុណ្ណោះ ប៉ុន្តែ​បើ​មន្ត្រី​ជលផល​ម្នាក់​មក​ទារ​ឲ្យ​បង់​លុយ ១៥​ម៉ឺន​រៀល និង​ម្នាក់​ទៀត​មក​ទារ ១០​ម៉ឺន​រៀល​ដូច្នេះ តើ​ពួក​លោក​ទៅ​រក​លុយ​ពីណា​បាន?៖ «ការ​ដែល​យក​នេះ​ធ្ងន់ធ្ងរ​ពេក បើ​សិន​ណា​មិន​ឲ្យ​លុយ គេ​នឹង​ដក​យក​សម្ភារៈ​នេសាទ។ អា​ហ្នឹង​ខ្ញុំ​មិន​ដឹង​ជា​យល់​ថា​យ៉ាង​ម៉េច? យើង​អ្នក​នេសាទ​តូចតាច​ពិបាក​រក​លុយ​ណាស់ គ្នា​គ្រាន់​តែ​រាយ​មង​ត្រី​ចង្វា​ពោត ១០-២០​ដៃ»។

ក្រុម​ អ្នក​នេសាទ​ឃុំ​កំពង់ភ្លុក ចោទ​ប្រកាន់ លោក វៃ វ៉ន មន្ត្រី​ជលផល​កំពង់ភ្លុក និង​លោក ស្រី សុភ័ក្រ ជា​មន្ត្រី​ជលផល​នៅ​ចុងឃ្នៀស ថា​បាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​គាប​សង្កត់​យក​លុយ​ពី​ពួក​គាត់​នោះ។

វិទ្យុ ​អាស៊ីសេរី មិន​អាច​ស្វែងរក​លេខ​ទូរស័ព្ទ​ទាក់ទង​ទៅ លោក វៃ វ៉ន និង​លោក ស្រី សុភ័ក្រ ដើម្បី​សុំ​ការ​បំភ្លឺ​ជុំវិញ​ការ​ចោទ​ប្រកាន់​នេះ​បាន​ថា​យ៉ាង​ណា​នៅ​ឡើយ​ នៅ​ថ្ងៃ​ទី​២២ វិច្ឆិកា។

ចំណែក​អាជ្ញាធរ​ឃុំ​កំពង់ភ្លុក បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​របស់​អ្នក​នេសាទ​ទៅ​លើ​មន្ត្រី​ជលផល​ទាំង​នោះ ថា​ជា​រឿង​មិន​ពិត។

មេ ​ឃុំ​កំពង់ភ្លុក លោក នឹង នី មាន​ប្រសាសន៍​ថា មិន​មាន​មន្ត្រី​ជលផល​ណា​ទៅ​គាប​សង្កត់​ទារ​លុយ​ពី​អ្នក​នេសាទ ដូច​ការ​ចោទ​ប្រកាន់​នោះ​ទេ។ លោក នឹង នី បញ្ជាក់​ទៀត​ថា ចាប់​តាំង​ពី​រដូវ​បើក​នេសាទ​ថ្ងៃ​ទី​១ ខែ​តុលា រហូត​មក​ដល់​ពេល​នេះ គឺ​មាន​ប្រជាពលរដ្ឋ​ខ្លះ​ចេញ​ទៅ​នេសាទ​ត្រី​ក្នុង​បឹង​ទន្លេសាប ដោយ​បំពាន​ទៅ​លើ​អនុក្រឹត្យ​របស់​រដ្ឋាភិបាល​ដែល​ណែនាំ ដូចជា​ប្រើ​មង​វែងៗ​រហូត​ទៅ​ដល់​ចម្ងាយ ២០​គីឡូ​ម៉ែត្រ​ក៏​មាន។ ដោយសារ​បញ្ហា​នេះ គឺ​មន្ត្រី​ជលផល​បាន​ចុះ​ទៅ​ពិន័យ​ជា​អន្តរកាល ចំពោះ​ការ​ប្រើ​ឧបករណ៍​នេសាទ​ខុស​ច្បាប់​ទាំង​នេះ មិន​មែន​ទៅ​គាប​សង្កត់​យក​លុយ​ទេ។ លោក​មេ​ឃុំ​អះអាង​ថា លោក​បាន​ដឹង​រឿង​នេះ​ច្បាស់ ព្រម​ទាំង​ទៅ​ជួយ​អង្វរ​កុំ​ឲ្យ​មន្ត្រី​ជលផល ផាក​ពិន័យ​ជា​ប្រាក់​ច្រើន​ពេក ពីព្រោះ​អ្នក​នេសាទ​ក្នុង​ឃុំ​របស់​លោក​សុទ្ធតែ​ជា​អ្នក​ក្រីក្រ​ខ្លាំង៖ «ខាង​បង​ប្អូន​នេសាទ​កំពង់ភ្លុក នោះ មាន​ការ​ព្រមព្រៀង​ផ្ដិត​មេដៃ​ឲ្យ​គេ​ពិន័យ​អន្តរកាល ដោយសារ​យើង​រក​ត្រី​ដោយ​ប្រើ​ឧបករណ៍​ហួស​ពី​អនុក្រឹត្យ​ដែល​បាន​កំណត់»។

ចំណែក ​តំណាង​សហគមន៍​នេសាទ​ខេត្ត​សៀមរាប លោក ឱម ឈឹម មាន​ប្រសាសន៍​ថា លោក​មិន​ទាន់​បាន​ដឹង​ពី​បញ្ហា​ដែល​ថា មាន​មន្ត្រី​ជលផល​ទៅ​គាប​សង្កត់​ទារ​ប្រាក់​ពី​អ្នក​នេសាទ​នៅ​កំពង់ភ្លុក នោះ​ទេ។ លោក ឱម ឈឹម បញ្ជាក់​ថា លោក​ក៏​ជា​អ្នក​រស់នៅ​ក្នុង​ឃុំ​កំពង់ភ្លុក ប្រសិន​បើ​មាន​មន្ត្រី​ជលផល​មក​គាប​សង្កត់​ទារ​ប្រាក់​មែន ហេតុ​អ្វី​បាន​ជា​អ្នក​នេសាទ​ទាំង​នោះ​មិន​ហ៊ាន​មក​ប្រាប់?

ទោះ ​យ៉ាង​ណា លោក ឱម ឈឹម សង្ស័យ​ថា បញ្ហា​ដែល​មន្ត្រី​ទៅ​គាប​សង្កត់​ទារ​លុយ​ពី​អ្នក​នេសាទ​នោះ គឺ​ទំនង​ជា​អាច​មាន​មែន ក៏ប៉ុន្តែ​អាច​ធ្វើ​ឡើង​ដោយ​ស្ងាត់ៗ​រវាង​មន្ត្រី​ជលផល ជាមួយ​នឹង​អ្នក​នេសាទ​ខ្លះ ដែល​ប្រើ​ឧបករណ៍​នេសាទ​ខុស​ច្បាប់។ លោក ឱម ឈឹម ផ្ដោត​ការ​សង្ស័យ​បែប​នេះ ដោយសារ​តែ​លោក​ដឹង​ថា កាល​ពី​រដូវ​បើក​នេសាទ​ឆ្នាំ​២០១៤ កន្លង​ទៅ គឺ​មាន​អ្នក​នេសាទ​ជាច្រើន​បាន​ប្រើ​ឧបករណ៍​នេសាទ​ខុស​ច្បាប់​នៅ​ក្នុង​បឹង​ ទន្លេសាប នៃ​ឃុំ​កំពង់ភ្លុក។ ក្នុង​ចំណោម​អ្នក​ប្រើ​ឧបករណ៍​នេសាទ​ខុស​ច្បាប់​ទាំង​នោះ ខ្លះ​បាន​បង់​លុយ​ជា​សម្ងាត់​ទៅ​ឲ្យ​មន្ត្រី​ជលផល ជា​ថ្នូរ​នឹង​ការ​បិទ​មាត់ បិទ​ភ្នែក មិន​ឲ្យ​មើល​ឃើញ​ការ​ប្រើ​ឧបករណ៍​នេសាទ​ខុស​ច្បាប់​របស់​ពួក​គេ ហើយ​ពួក​គេ​ក៏​រក​កម្រៃ​បាន​ច្រើន​កាក់​កប​ក្នុង​ការ​នេសាទ​ត្រី ជាង​អ្នក​ដែល​ប្រើ​ឧបករណ៍​នេសាទ​ត្រឹមត្រូវ​ដែរ៕

No comments: