A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday 9 February 2016

តុលាការ​ចោទ​ប្រកាន់​មន្ត្រី​សហជីព​៤​នាក់​បន្ថែម​ទៀត​ក្នុង​សំណុំ​រឿង​ក្រុមហ៊ុន​កាពីតូល


ដោយ ម៉ម មុនីរតន៍
អតីត​អ្នក​បើក​ឡាន​ក្រុង​កាពីតូល ២០១៦ ៨៥៥
អតីត​អ្នក​បើកបរ​រថយន្ត​ក្រុង​ឲ្យ​ក្រុមហ៊ុន​កាពីតូល (CAPITOL) តវ៉ា​នៅ​ខាង​មុខ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ស្នើសុំ​តុលាការ ពិចារណា​ដោះ​លែង​អតីត​អ្នក​បើកបរ​ឡាន​ក្រុង ២​នាក់ នៅ​ព្រឹក​ថ្ងៃ​ទី​៨ ខែ​កុម្ភៈ ឆ្នាំ​២០១៦។ RFA/Morm Moniroth
2016-02-08  rfa



អតីត​អ្នក​បើកបរ​រថយន្ត​ក្រុង​ឲ្យ​ក្រុមហ៊ុន​កាពីតូល (CAPITOL) ២​នាក់ ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ​នៃ​តុលាការ​ក្រុង​ភ្នំពេញ សម្រេច​ចោទ​ប្រកាន់ និង​បញ្ជូន​ទៅ​ឃុំ​ខ្លួន​បណ្ដោះអាសន្ន​នៅ​ពន្ធនាគារ​ព្រៃ​ស នៅ​ល្ងាច​ថ្ងៃ​ទី​៨ កុម្ភៈ។

ការ​ចោទ​ប្រកាន់ និង​ឃុំ​ខ្លួន​នេះ ត្រូវ​បាន​អង្គការ​មិន​មែន​រដ្ឋាភិបាល​ផ្នែក​សិទ្ធិ​មនុស្ស យល់​ឃើញ​ថា អ្នក​ដែល​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​ទាំង​នោះ ត្រូវ​តែ​ផ្ដល់​សេរីភាព​ឲ្យ​ពួក​គេ​ឡើង​វិញ ព្រោះ​រក​ពុំ​ឃើញ​មាន​ធាតុ​ផ្សំ​ណា​មួយ​ដែល​ឈាន​ទៅ​រក​ការ​ចោទ​ប្រកាន់​នោះ​ទេ។

ក្រោយ​ពី​បញ្ចប់​ការ​សាកសួរ​ស្ទើរ​ពេញ​មួយ​ថ្ងៃ​នៅ​ថ្ងៃ​ទី​៨ កុម្ភៈ មន្ត្រី​សហជីព​ចំនួន ៤​នាក់​បន្ថែម​ទៀត ត្រូវ​បាន​មន្ត្រី​តុលាការ​ក្រុង​ភ្នំពេញ សម្រេច​ចោទ​ប្រកាន់​ចំនួន ៣​បទល្មើស​ដូច​គ្នា។

ការ​សម្រេច​ចោទ​ប្រកាន់​ប្រឆាំង​មន្ត្រី​សហជីព​ចំនួន ៤​នាក់​បន្ថែម​ទៀត​នេះ បាន​ធ្វើ​ឲ្យ​ចំនួន​អ្នក​ដែល​ត្រូវ​ចោទ​ប្រកាន់​ក្នុង​សំណុំ​រឿង​តែ​មួយ បាន​កើន​ឡើង​រហូត​ដល់ ៦​នាក់​ហើយ។

ចៅក្រម​ស៊ើបសួរ​នៃ​តុលាការ​ក្រុង​ភ្នំពេញ លោក រស់ ច័ន្ទពិសិដ្ឋ សម្រេច​ចោទ​ប្រកាន់​អ្នក​ទាំង ៦​នាក់​នោះ​ចំនួន ៣​បទល្មើស​ក្នុង​សំណុំ​រឿង​ដូច​គ្នា នៃ​ក្រម​ព្រហ្មទណ្ឌ និង​ច្បាប់​ចរាចរណ៍ គឺ​ទី​១ បង្ក​ហិង្សា​ដោយ​ចេតនា មាន​ស្ថាន​ទម្ងន់​ទោស។ ទី​២ ប្រឆាំង​អ្នក​រាជការ មាន​ស្ថាន​ទម្ងន់​ទោស និង​បទ​ចោទ​ទី​៣ បង្ក​ឧបសគ្គ​រារាំង​ដល់​សណ្ដាប់ធ្នាប់​សាធារណៈ។ នៅ​ពេល​បញ្ចប់​ការ​សាកសួរ អតីត​អ្នក​បើកបរ​រថយន្ត​ក្រុង​ទាំង ២​នាក់ គឺ​លោក រស់ ស៊ីថៃ និង​លោក ម៉ន វណ្ណា ត្រូវ​បាន​គេ​បញ្ជូន​ទៅ​ឃុំ​ខ្លួន​ភ្លាមៗ​នៅ​ពន្ធនាគារ​ព្រៃ​ស ខណៈ​មន្ត្រី​សហជីព​ទាំង ៤​រូប កំពុង​ស្ថិត​ក្នុង​ដំណាក់​កាល​នៃ​ការ​ចោទ​ប្រកាន់​នៅ​ឡើយ។

បើ​ទោះ​ជា​បែប​ណា ការ​ប្រមូល​ផ្តុំ​នៅ​ព្រឹក​ថ្ងៃ​ទី​៤ កុម្ភៈ ក្រុម​អ្នក​តវ៉ា​សូម​ឲ្យ​តុលាការ ពិចារណា​លើ​ការ​ដោះ​លែង​អតីត​អ្នក​បើកបរ​ឡាន ២​នាក់ ដែល​ត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួន និង​សូម​ឲ្យ​អាជ្ញាធរ​រក​ក្រុម​អ្នក​បង្ក​អំពើ​ហិង្សា យក​មក​ផ្ដន្ទាទោស។ ទាំង​នេះ គឺ​ជា​សារ​ដែល​ក្រុម​អ្នក​តវ៉ា​ប្រមាណ ៥០​នាក់ ស្រែក​ទាមទារ​ដ៏​កង​រំពង​នៅ​ខាង​មុខ​សាលា​ដំបូង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​៨ កុម្ភៈ៖ «សូម​តុលាការ​ដោះ​លែង​ទៅ សូម​តុលាការ​ដោះ​លែង​ទៅ»។

ការ​ស្រែក​តវ៉ា​នៅ​ខាង​ក្រៅ​របង​តុលាការ​របស់​ក្រុម​អ្នក​តវ៉ា​នេះ ស្រប​ពេល​អតីត​អ្នក​បើកបរ​ឲ្យ​រថយន្ត​ក្រុង​របស់​ក្រុមហ៊ុន​កាពីតូល ២​នាក់ ត្រូវ​បាន​ព្រះរាជអាជ្ញា​រង​នៃ​តុលាការ​ក្រុង​ភ្នំពេញ លោក ស្រី ម៉ាកនី បន្ត​សាកសួរ​ពេញ​មួយ​ព្រឹក​នៅ​ថ្ងៃ​ទី​៨ កុម្ភៈ ជុំវិញ​អំពើ​ហិង្សា​នៅ​ក្បែរ​ផ្សារ​អូរឫស្សី។

អតីត​អ្នក​បើកបរ​រថយន្ត​ក្រុង​ឲ្យ​ក្រុមហ៊ុន​កាពីតូល លោក មុំ ប៊ុនធឿន បញ្ជាក់​ថា ពួក​គេ​នៅ​តែ​រក្សា​ជំហរ​ក្នុង​ការ​តវ៉ា​មិន​កែប្រែ​ឡើយ។ ការ​ទាមទារ​របស់​ពួក​គេ​នេះ គឺ​ដើម្បី​ឲ្យ​ក្រុមហ៊ុន​ព្រម​ទទួល​អ្នក​បើកបរ​រថយន្ត​ទាំងអស់ បាន​ចូល​បម្រើ​ការ​ឡើង​វិញ។ លោក​បន្ត​ថា «ខ្ញុំ​នៅ​តែ​ទាមទារ​តវ៉ា​ចូល​បើក​ឡាន​វិញ ឲ្យ​តែ​បាន។ អត់​ទេ ខ្ញុំ​ទាមទារ​នេះ គឺ​ទាមទារ​ដើម្បី​ចូល​ធ្វើ​ការ​កន្លែង​ដើម​វិញ»។

ប្រធាន​សហភាព​ការងារ​កម្ពុជា ហៅ​កាត់​ថា ស៊ី.អិល.ស៊ី (CLC) លោក អាត់ ធន់ អះអាង​ថា ដោយសារ​ប្រព័ន្ធ​តុលាការ អាជ្ញាធរ និង​ម្ចាស់​ក្រុមហ៊ុន​រថយន្ត​ក្រុង​កាពីតូល មាន​សម្ពន្ធភាព​ដ៏​ជិតស្និទ្ធ និង​ជា​សាច់ញាតិ​ផង​នោះ ហេតុ​នេះ​ការ​រំពឹង​ទទួល​បាន​យុត្តិធម៌​ពី​ការ​ជំនុំ​ជម្រះ​នេះ គឺ​តិចតួច​ណាស់។ មិន​តែ​ប៉ុណ្ណោះ អ្នក​ប្រព្រឹត្តិ​បទល្មើស​ប្រឆាំង​អ្នក​តវ៉ា​ដោយ​សន្តិវិធី ក្រុម​សមត្ថកិច្ច​មិន​ចាប់​ខ្លួន បែរ​ជា​បណ្ដោយ​ឲ្យ​មាន​អំពើ​ហិង្សា​កើត​ឡើង​ហើយ ថែម​ទាំង​ចាប់​ខ្លួន​អ្នក​តវ៉ា​ដែល​ជា​អតីត​អ្នក​បើកបរ​រថយន្ត​របស់​ក្រុមហ៊ុន​នេះ និង​ពុំ​មាន​អ្វី​នៅ​ក្នុង​ដៃ​ទៅ​វិញ​ថែម​ទៀត​ផង។ លោក​បន្ត​ថា «ការ​ចាប់​ខ្លួន ឬ​ក៏​ការ​ចោទ​ប្រកាន់​ដោយ​រឿង​ហ្នឹង គឺ​វា​អយុត្តិធម៌។ វា​គ្មាន​ភាព​យុត្តិធម៌​ទេ​នៅ​ក្នុង​ប្រទេស​កម្ពុជា នោះ ជាពិសេស​សាលា​ក្រុង ឬ​ក៏​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ឬ​ក៏​នាយក​រដ្ឋមន្ត្រី ត្រូវ​ពិនិត្យ​មើល​សំណុំ​រឿង​ហ្នឹង​វិញ តើ​អាជ្ញាធរ​ខណ្ឌ ហើយ​និង​អាជ្ញាធរ​បឹង​ព្រលិត ហ្នឹង ហើយ​និង​ក្រុមហ៊ុន​កាពីតូល ហ្នឹង ឃុបឃិត​ជាមួយ​យ៉ាង​ម៉េច​បាន​ជា​ឥត​មាន​ការ​ចោទ​ប្រកាន់​ចាប់​ខ្លួន​អ្នក​ដែល​ប្រព្រឹត្ត​បទល្មើស​សោះ»។

ក្រោយ​ពី​កើត​ហេតុ​ភ្លាម ក្រុម​អង្គការ​មិន​មែន​រដ្ឋាភិបាល ចេញ​សេចក្ដី​ថ្លែងការណ៍​រួម​គ្នា ដោយ​ថ្កោលទោស​ការ​ប្រើ​ហិង្សា​ប្រឆាំង​អ្នក​តវ៉ា។ សេចក្ដី​ថ្លែងការណ៍​រួម​ដែល​មាន​ស្ថាប័ន​ជាង ៣០​ស្ថាប័ន បាន​ហៅ​ការ​ប្រើ​អំពើ​ហិង្សា​កាល​ពី​ថ្ងៃ​ទី​៦ កុម្ភៈ ពី​ក្រុម​សមាជិក​សមាគម​រួប​រួម​គ្នា​ដើម្បី​អភិវឌ្ឍន៍​កម្ពុជា ហៅ​កាត់​ថា ស៊ី.ស៊ី.ឌី.អេ (CCDA) របស់ លោក ឯ សុភាស់ ទៅ​លើ​អតីត​អ្នក​បើកបរ​រថយន្ត​ក្រុង។

វិទ្យុ​អាស៊ីសេរី ពុំ​អាច​សុំ​ការ​បំភ្លឺ​បាន​ភ្លាម​ទេ​ពី​ម្ចាស់​ក្រុមហ៊ុន​កាពីតូល និង​ប្រធាន​សមាគម​រ៉ឺម៉ក​កង់​បី ហៅ​កាត់​ថា ស៊ី.ស៊ី.ឌី.អេ នៅ​ថ្ងៃ​ទី​៨ កុម្ភៈ។

មន្ត្រី​ជាន់​ខ្ពស់​អង្គការ​លីកាដូ (LICADHO) លោក អំ សំអាត ដែល​ឃ្លាំ​មើល​ក្នុង​ពេល​ធ្វើ​កូដកម្ម​នេះ ចាត់​ទុក​ថា ផ្អែក​លើ​អង្គ​ហេតុ ក្រុម​អ្នក​បើកបរ​ឲ្យ​រថយន្ត​ក្រុង​របស់​ក្រុមហ៊ុន​កាពីតូល ពុំ​មាន​ធាតុ​ផ្សំ​ណា​មួយ​នៃ​បទល្មើស ដែល​ឈាន​ទៅ​ចោទ​ប្រកាន់​ទេ។ ផ្ទុយ​ទៅ​វិញ អ្នក​ដែល​សមត្ថកិច្ច​ត្រូវ​ចាប់​ខ្លួន និង​តុលាការ​ត្រូវ​ចោទ​ប្រកាន់​នោះ គឺ​អ្នក​បង្ក​អំពើ​ហិង្សា​របស់​ភាគី​ម្ខាង​ទៀត​ទៅ​វិញ​ទេ ទើប​ត្រូវ។ លោក​បន្ត​ថា «ទិដ្ឋភាព​ជាក់ស្ដែង​ទាំង​យើង​ឃើញ​នៅ​ក្នុង​រូប​វីដេអូ និង​ទិដ្ឋភាព​ជាក់ស្ដែង សួរ​ថា​អ្នក​ណា​ដែល​ប្រើ​ដំបង​ប្រើ​ញញួរ ដើម្បី​ប្រើ​ហិង្សា ហើយ​ទិដ្ឋភាព​ភ្លាម​ហ្នឹង សមត្ថកិច្ច​គាត់​ឃើញ​ហើយ ប៉ុន្តែ​ហេតុ​បាន​ជា​មិន​ចាប់​ខ្លួន​អ្នក​ប្រើប្រាស់​អំពើ​ហិង្សា​ពិត​ប្រាកដ»។

រហូត​មក​ដល់​ពេល​នេះ បុគ្គលិក​បម្រើ​ការ​ផ្នែក​បើកបរ​រថយន្ត​ឲ្យ​ក្រុមហ៊ុន​កាពីតូល ប្រមាណ ៤០​នាក់​ហើយ ត្រូវ​បាន​ភាគី​ក្រុមហ៊ុន​បញ្ឈប់ ក្រោម​ហេតុផល​ព្រោះ​តែ​បុគ្គលិក​ព្យាយាម​បង្កើត​សហជីព​នៅ​ក្នុង​ក្រុមហ៊ុន។ សង្គម​ស៊ីវិល​ផ្នែក​សិទ្ធិ​មនុស្ស ដែល​ឃ្លាំ​មើល​អំពើ​ហិង្សា យល់​ឃើញ​ថា អាជ្ញាធរ និង​ភាគី​ពាក់ព័ន្ធ ជាពិសេស​ម្ចាស់​ក្រុមហ៊ុន​ផ្ទាល់ ត្រូវ​បើក​ផ្លូវ​ឲ្យ​មាន​ដំណោះស្រាយ ជា​ជាង​បង្កើត​បញ្ហា ពីព្រោះ​ថា អតីត​អ្នក​បើកបរ​រថយន្ត​ក្រុង​កាពីតូល​នេះ គឺ​ទាមទារ​សុំ​បើកបរ​ឡើង​វិញ នៅ​ក្រោយ​ពេល​អតីត​អ្នក​បើកបរ​ទាំង​នេះ បាន​មក​បង្កើត​សហជីព​អ្នក​បើកបរ​នោះ។

ដោយឡែក​ក្រុម​សហជីព​វិញ អះអាង​ថា ដោយសារ​ម្ចាស់​ក្រុមហ៊ុន​កាពីតូល មាន​កូន​ជា​ព្រះរាជអាជ្ញា​រង​តុលាការ​ក្រុង​ភ្នំពេញ ថែម​ទាំង​មាន​សាច់ញាតិ​ជា​ម្ចាស់​ផ្សារ​អូរឫស្សី ផង ទើប​ក្រុមហ៊ុន​នេះ​មាន​ឥទ្ធិពល​លើ​តុលាការ​បែប​នេះ។ លោក អាត់ ធន់ ចាត់​ទុក​ថា នេះ​ជា​មូលហេតុ​រំលោភ​ទៅ​លើ​សេចក្ដី​បង្គាប់​របស់​ក្រុម​ប្រឹក្សា​អាជ្ញាធរ​កណ្ដាល ដែល​តម្រូវ​ឲ្យ​ក្រុមហ៊ុន​ព្រម​ទទួល​យក​អ្នក​បើកបរ​ទាំង​នោះ ចូល​ធ្វើ​ការ​ឡើង​វិញ។ ផ្ទុយ​ទៅ​វិញ បញ្ហា​នេះ​បាន​រុញ​ច្រាន​ឲ្យ​សេចក្ដី​បង្គាប់​នេះ លែង​មាន​ប្រសិទ្ធភាព​ថែម​ទៀត​ផង៕

No comments: