A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Monday 8 February 2016

ពលរដ្ឋ​ខ្មែរ​នៅ​ទីក្រុង​ឡូវ៉ែល​ទាមទារ​ឲ្យ​ក្រសួង​ធម្មការ​ផ្សឹក​ភិក្ខុ​សង្ឃ ញ៉ែម គឹមតេង


ដោយ សិរីមុនី
2016-02-07  rfa

ព្រះសង្ឃ ញ៉ែម គឹមតេង ២០១២ ៨៥៥
ព្រះតេជព្រះគុណ​បណ្ឌិត ញ៉ែម គឹមតេង ក្នុង​វេទិកា​វិទ្យុ​អាស៊ីសេរី កាល​ពី​យប់​ថ្ងៃ​សុក្រ ទី​១៤ ខែ​កញ្ញា ឆ្នាំ​២០១២។

Photo: RFA



ប្រជាពលរដ្ឋ​ប្រមាណ​ជាង ៣០០​នាក់​នៅ​ទីក្រុង​ឡូវ៉ែល (Lowell) សហរដ្ឋ​អាមេរិក ទាមទារ​ឲ្យ​ក្រសួង​ធម្មការ និង​សាសនា ផ្សឹក​ព្រះ​ភិក្ខុ​សង្ឃ ញ៉ែម គឹមតេង ចេញ​ពី​ព្រះពុទ្ធ​សាសនា។ ពលរដ្ឋ​ទាំង​នោះ​អះអាង​ថា ភិក្ខុ​សង្ឃ​អង្គ​នេះ​ប្រព្រឹត្ត​ខុស​វិន័យ​ព្រះពុទ្ធ​សាសនា​ធ្ងន់ធ្ងរ មិន​គួរ​បន្ត​បង់​ស្បង់​ចីវរ​ជា​សង្ឃ​បន្ត​ទៀត​នោះ​ទេ។

ទាក់ទិន​នឹង​ការ​ចោទ​ប្រកាន់​នេះ ក្រសួង​ធម្មការ និង​សាសនា ធ្លាប់​ទទួល​ស្គាល់​ថា ព្រះ​ភិក្ខុ​សង្ឃ ញ៉ែម គឹមតេង ពិត​ជា​បាន​ប្រព្រឹត្ត​អំពើ​អាសអាភាស​ខុស​នឹង​វិន័យ​ពុទ្ធសាសនា​ពិត​ប្រាកដ​មែន។

ប្រជាពលរដ្ឋ​ប្រមាណ​ជាង ៣០០​នាក់ (៣៥២​នាក់) នៅ​ទីក្រុង​ឡូវ៉ែល រដ្ឋ​ម៉ាសាឈូសិត (Massachusetts) សហរដ្ឋ​អាមេរិក នៅ​តែ​បន្ត​ទាមទារ​ឲ្យ​ក្រសួង​ធម្មការ ចាប់​ព្រះសង្ឃ ញ៉ែម គឹមតេង ផ្សឹក​ដោយ​ចោទ​ថា បាន​សេព​មេថុនធម្ម (រួម​ភេទ) ជាមួយ​ស្ត្រី​ម្នាក់​ក្នុង​វត្ត​ដែល​ខុស​នឹង​វិន័យ​ពុទ្ធបញ្ញត្តិ។

តំណាង​ប្រជាពលរដ្ឋ​នៅ​ទីក្រុង​ឡូវ៉ែល ៤​នាក់​រួម​មាន លោក មាស សេម លោក ខឹម ច័ន្ទថា មុំ រ៉ាឌី និង​លោក ឃន សុវណ្ណ បាន​ប្ដឹង​ភិក្ខុ​សង្ឃ ញ៉ែម គឹមតេង ទៅ​អាជ្ញាធរ​កម្ពុជា ដើម្បី​ឲ្យ​ចាប់​ផ្សឹក​ចេញ​ពី​ព្រះពុទ្ធ​សាសនា ក្នុង​ន័យ​ជៀសវាង​កុំ​ឲ្យ​ភិក្ខុ​អង្គ​នេះ​បន្ត​ប្រព្រឹត្ត​ខុស​ធម៌​វិន័យ និង​យក​ព្រះពុទ្ធ​សាសនា​ធ្វើ​ជា​ខែល​សម្រាប់​ប្រយោជន៍​ផ្ទាល់​ខ្លួន​ជា​បន្ត​ទៀត។ លោក ខឹម ច័ន្ទថា និយាយ​ថា ព្រះសង្ឃ​អង្គ​នេះ​ប្រព្រឹត្ត​ខុស​វិន័យ​ពុទ្ធសាសនា​យូរ​ណាស់​មក​ហើយ ប៉ុន្តែ​ក្រសួង​ធម្មការ និង​សាសនា មិន​ទាន់​ចាប់​ផ្សឹក​នៅ​ឡើយ​ទេ៖ «លោក​ហ្នឹង​ធ្លាប់​និយាយ​ថា គ្មាន​នរណា​អាច​ធ្វើ​អី​គាត់​កើត​ទេ។ ខ្ញុំ​សូម​សំណូមពរ​ដល់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា សម្ដេច​នាយក ហ៊ុន សែន មេត្តា​ពិនិត្យ និង​មើល​រឿង​ហ្នឹង​តាម​រយៈ​វិទ្យុ​អាស៊ីសេរី។ ខ្ញុំ​សូម​ផ្ដាំ​ក្នុង​នាម​ប្រជាពលរដ្ឋ​ដែល​គោរព​ព្រះពុទ្ធ​សាសនា មិន​គួរ​ឲ្យ​បុគ្គល​ម្នាក់​មក​បំផ្លាញ​សាសនា​របស់​រដ្ឋ​ទាំង​មូល មិន​មែន​តែ​ប្រជាពលរដ្ឋ​នោះ​ទេ គឺ​ឲ្យ​តែ​អ្នក​កាន់​ពុទ្ធសាសនា គេ​ស្អប់​ខ្ពើម​អំពើ​លាមក ព្រោះ​អី​ស្ថាប័ន​ក្រោម​មិន​ហ៊ាន​ធ្វើ​រឿង​ហ្នឹង»។

លោក​បន្ត​ថា ប្រជាពលរដ្ឋ​នៅ​ទីក្រុង​ឡូវ៉ែល សហរដ្ឋ​អាមេរិក មិន​ចង់​ទាមទារ​អ្វី​ផ្សេង​នោះ​ទេ គឺ​គ្រាន់​តែ​ចង់​ឲ្យ​ក្រសួង​ធម្មការ និង​សាសនា ចាប់​ភិក្ខុ​សង្ឃ​នោះ​ផ្សឹក​ចេញ​ពី​ព្រះពុទ្ធ​សាសនា។ ពលរដ្ឋ​នៅ​ទីក្រុង​ឡូវ៉ែល បាន​ចោទ​ប្រកាន់​ភិក្ខុ​សង្ឃ​អង្គ​នេះ​តាំង​ពី​ឆ្នាំ​២០១៣។

វិទ្យុ​អាស៊ីសេរី មិន​ទាន់​អាច​ទាក់ទង​សុំ​ការ​ឆ្លើយ​តប​ពី​ភិក្ខុ​សង្ឃ ញ៉ែម គឹមតេង បាន​នៅ​ឡើយ​ទេ​នៅ​ថ្ងៃ​ទី​៧ កុម្ភៈ នេះ។

ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ កាល​ពី​ថ្ងៃ​ទី​១២ ខែ​វិច្ឆិកា ឆ្នាំ​២០១៥ ព្រះតេជព្រះគុណ ញ៉ែម គឹមតេង បាន​សរសេរ​លិខិត​បង្ហោះ​ក្នុង​បណ្ដាញ​ទំនាក់ទំនង​សង្គម​ហ្វេសប៊ុក (Facebook) របស់​ព្រះអង្គ ដោយ​បដិសេធ​ថា ព្រះតេជព្រះគុណ​មិន​បាន​ប្រព្រឹត្ត​ខុស​វិន័យ​ព្រះពុទ្ធ​សាសនា​ដូច​ការ​ចោទ​ប្រកាន់​របស់​ប្រជា​ពុទ្ធ​បរិស័ទ​ទាំង ៣៥២​នាក់​នៅ​ទីក្រុង​ឡូវ៉ែល នោះ​ទេ។

កំណត់​ហេតុ​អង្គ​ប្រជុំ​ស្ដីពី​ករណី​ប្រព្រឹត្ត​អនាចារ​អាសអាភាស​របស់​ព្រះតេជព្រះគុណ ញ៉ែម គឹមតេង នៅ​ក្នុង​វត្ត​ត្រៃ​រតនា​រាម ក្រុង​ឡូវ៉ែល រដ្ឋ​ម៉ាសាឈូសិត សហរដ្ឋ​អាមេរិក កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៣ ដែល​មាន​សមាសភាព​ចូលរួម​ប្រជុំ គឺ​មាន​សម្ដេច​ព្រះ​វនរ័ត ណយ ច្រឹក ព្រះ​ញាណវង្ស ឃឹម សន ព្រះ​សិរី​សម្មតិ​វង្ស លន់ សុគន្ធា រដ្ឋមន្ត្រី​ក្រសួង​ធម្មការ លោក មិន ឃិន អ្នក​នាំ​ពាក្យ​ក្រសួង​ធម្មការ លោក សេង សុមុនី និង​លេខា​កត់ត្រា លោក សោម រតនា បាន​ចុះ​ហត្ថលេខា​បញ្ជាក់​ថា វីដេអូ​ដែល​ថត​បាន​សកម្មភាព​ប្រព្រឹត្ត​អំពើ​អាសអាភាស​នោះ គឺ​ពិត​ជា​រូប​ភិក្ខុ​សង្ឃ ញ៉ែម គឹមតេង ពិត​ប្រាកដ​មែន។

ក្នុង​លិខិត​នោះ​បញ្ជាក់​ទៀត​ថា អង្គ​ប្រជុំ​បាន​ឯកភាព​គ្នា​ព្យួរ​តួនាទី​ទាំងអស់​របស់​ព្រះតេជព្រះគុណ ញ៉ែម គឹមតេង ប្រធាន​ផ្នែក​ពុទ្ធិក​ឧត្ដមសិក្សា និង​អគ្គាធិការដ្ឋាន​ពុទ្ធិកសិក្សា​ជាតិ​ជា​បណ្ដោះអាសន្ន បង្កើត​គណៈកម្មការ​ចម្រុះ​រវាង​ក្រសួង​ធម្មការ និង​សាសនា គណៈសង្ឃ​នាយក​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ថេរ​សភា​សង្ឃ ដើម្បី​ស៊ើប​អង្កេត សិក្សា​ស្រាវជ្រាវ ក្នុង​គោលដៅ​អនុវត្ត​ទៅ​តាម​វិន័យ​ព្រះពុទ្ធ​សាសនា​ឲ្យ​បាន​ឆាប់​រហ័ស។ ទោះ​បី​ជា​ការ​សរសេរ​ជា​លាយលក្ខណ៍​អក្សរ​ថា នឹង​ដោះស្រាយ​ជុំវិញ​ករណី​នេះ​ក៏ដោយ ប៉ុន្តែ​រហូត​មក​ដល់​នឹង​ពេល​នេះ ក្រសួង​ធម្មការ និង​សាសនា មិន​មាន​ចំណាត់​ការ​ណា​មួយ​ជាក់លាក់​ចំពោះ​ភិក្ខុ​សង្ឃ ញ៉ែម គឹមតេង នៅ​ឡើយ​ទេ។

តំណាង​ប្រជាពលរដ្ឋ​នៅ​ទីក្រុង​ឡូវ៉ែល អះអាង​ថា ព្រះ​ភិក្ខុ​សង្ឃ មួង រ៉ា ព្រះចៅ​អធិការ​វត្ត​មុនី​ប្រសិទ្ធី​វង្ស ហៅ​វត្ត​ព្រែក​ព្នៅ និង​ជា​អគ្គាធិការ​រង​នៃ​អគ្គាធិការដ្ឋាន​ពុទ្ធិកសិក្សា​ជាតិ ធ្លាប់​សន្យា​ថា នឹង​ចាប់​ភិក្ខុ​សង្ឃ ញ៉ែម គឹមតេង ផ្សឹក​មក​ជា​គ្រហស្ថ​ធម្មតា​ភ្លាម នៅ​ពេល​ភិក្ខុ​អង្គ​នេះ​និមន្ត​មក​ដល់​ទឹក​ដី​កម្ពុជា។

បច្ចុប្បន្ន ភិក្ខុ​សង្ឃ ញ៉ែម គឹមតេង និមន្ត​មក​ដល់​កម្ពុជា ជាង ១​ខែ​ហើយ។ ភិក្ខុ​សង្ឃ​នេះ បើ​តាម​ការ​បង្ហោះ​ក្នុង​បណ្ដាញ​ទំនាក់ទំនង​សង្គម​ហ្វេសប៊ុក​របស់​ព្រះអង្គ គឺ​ព្រះអង្គ​គង់​នៅ​វត្ត​មហាមន្ត្រី កុដិ​លេខ​២៤ ក្រុង​ភ្នំពេញ។

វិទ្យុ​អាស៊ីសេរី មិន​ទាន់​អាច​សុំ​ការ​ពន្យល់​ពី​ព្រះ​ភិក្ខុ​សង្ឃ មួង រ៉ា ព្រះចៅ​អធិការ​វត្ត​មុនី​ប្រសិទ្ធី​វង្ស ហៅ​វត្ត​ព្រែក​ព្នៅ និង​លោក មិន ឃិន រដ្ឋមន្ត្រី​ក្រសួង​ធម្មការ បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​ទី​៧ កុម្ភៈ។

វិន័យ​ព្រះពុទ្ធ​សាសនា ភិក្ខុ​សង្ឃ​អង្គ​ណា​ដែល​បាន​សព​មេថុនធម្ម (រួម​ភេទ) ជាមួយ​ស្ត្រី និង​ញ៉ាំង​ឲ្យ​ចេញ​ទឹក​កាម​នោះ គឺ​ត្រូវ​អាបត្តិ​បរាជិក។

សមណ​និស្សិត​ផ្នែក​ទស្សនវិជ្ជា​ពុទ្ធសាសនា ព្រះតេជព្រះគុណ ផល្លា មាន​ថេរ​ដីកា​ថា ភិក្ខុ​សង្ឃ​ដែល​រួម​ភេទ​ជាមួយ​ស្ត្រី​ហើយ មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​បួស​ក្នុង​សំណាក់​សាសនា​ព្រះពុទ្ធ​នោះ​ឡើយ៖ «ភិក្ខុ​សង្ឃ​ដែល​ត្រូវ​អាបត្តិ​បរាជិក​នេះ លោក​អត់​មាន​អី​ត្រូវ​ធ្វើ​ទេ លោក​ប្រៀប​បាន​នឹង​ដើម​ត្នោត​កំបុត​ចុង​អ៊ីចឹង។ នៅ​ពេល​ដែល​ត្រូវ​ហើយ ចាំបាច់​ភិក្ខុ​នោះ​ត្រូវ​តែ​សឹក​ចេញ នៅ​អាច​នៅ​ជា​សង្ឃ​បាន​ទេ»។

ប្រជាពលរដ្ឋ​ជាង ៣០០​នាក់​នៅ​ទីក្រុង​ឡូវ៉ែល រដ្ឋ​ម៉ាសាឈូសិត សហរដ្ឋ​អាមេរិក ស្នើសុំ​ឲ្យ​ក្រសួង​ធម្មការ និង​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន សែន ត្រូវ​ចាត់​វិធានការ​ចំពោះ​ភិក្ខុ​សង្ឃ ញ៉ែម គឹមតេង ជា​បន្ទាន់ ដោយ​ត្រូវ​ចាប់​ផ្សឹក​ពី​ភិក្ខុ​សង្ឃ​អង្គ​នេះ​មក​ជា​គ្រហស្ថ​ធម្មតា ដើម្បី​ជៀសវាង​កុំ​ឲ្យ​មាន​ផល​ប៉ះពាល់​ដល់​ភិក្ខុ​សង្ឃ​ដទៃ​ផ្សេង​ទៀត​ក្នុង​ព្រះពុទ្ធ​សាសនា ព្រោះ​ករណី​នេះ បាន​កើត​ឡើង​ជាច្រើន​ឆ្នាំ​មក​ហើយ តែ​ក្រសួង​ធម្មការ មិន​ទាន់​មាន​វិធានការ​ណា​មួយ​ជាក់លាក់​នៅ​ឡើយ​នោះ​ទេ៕

No comments: