A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Sunday 7 February 2016

មនុស្ស​២​នាក់​ត្រូវ​ចាប់​ខ្លួន​និង​ជាង​១០​នាក់​​របួស​ក្នុង​ពេល​តវ៉ា​នៅ​ក្រុមហ៊ុន​កាពីតូល


ដោយ ខែ សុណង
2016-02-06  rfa

តវ៉ា កាពីតូល ៨៥៥ ២០១៦
អតីត​អ្នក​បើក​បរ​រថយន្ត​របស់​ក្រុមហ៊ុន​កាពីតូល ម្នាក់​ដែល​រង​របួស​ក្នុង​ពេល​តវ៉ា ផ្ដល់​បទសម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី នៅ​ព្រឹក​ថ្ងៃ​ទី​៦ កុម្ភៈ ឆ្នាំ​២០១៦។
 RFA/Sorn Chanratha


សមត្ថកិច្ច​ខណ្ឌ​៧​មករា ចាប់​ខ្លួន​មនុស្ស ២​នាក់ ក្នុង​ពេល​អតីត​អ្នក​បើកបរ​រថយន្ត​ឱ្យ​ក្រុមហ៊ុន​រថយន្ត​ក្រុង​កាពីតូល តវ៉ា​ឲ្យ​ថៅកែ​ក្រុមហ៊ុន​ចរចា និង​យក​ពួកគាត់​ចូល​ធ្វើ​ការ​វិញ នៅ​ព្រឹក​ថ្ងៃ​ទី​៦ ខែ​កុម្ភៈ។ ការ​ចាប់​ខ្លួន​បន្ទាប់​ពី​ក្រុម​អ្នក​តវ៉ា​ប៉ះទង្គិច​ជាមួយ​សមាគម​អ្នក​រត់​រ៉ឺម៉ក​កង់បី ដែល​ប្រើ​ដំបង​ឈើ បំពង់​ទីប និង​ដុំ​ថ្ម បណ្ដាល​ឲ្យ​មនុស្ស​ជាង ១០​នាក់​រង​របួស​ធ្ងន់​ស្រាល។

ក្រុម​អ្នក​រត់​រ៉ឺម៉ក​កង់​បី ដែល​គេ​ស្គាល់​ថា សមាគម​រួបរួម​ដើម្បី​អភិវឌ្ឍន៍​កម្ពុជា ដែល​ក្នុង​ដៃ​មាន​កាន់​ដំបង​ឈើ បំពង់​ទីប ម្នាក់ៗ​មាន​វិទ្យុ​ទាក់ទង និង​ពាក់​មួក​សុវត្ថិភាព​ផង បាន​វាយ​ប្រតប់​គ្នា និង​ដណ្ដើម​បដា​ជាមួយ​ក្រុម​អតីត​អ្នក​បើកបរ​រថយន្ត​ឱ្យ​ក្រុមហ៊ុន​កាពីតូល នៅ​ខាង​មុខ​ក្រុមហ៊ុន ជិត​ផ្សារ​អូរឫស្សី ក្នុង​សង្កាត់​បឹងព្រលិត ខណ្ឌ​៧​មករា។

បន្ទាប់​ពី​វាយ​តប់​គ្នា​មួយ​ប្រាវ កម្លាំង​សមត្ថកិច្ច​ដែល​មាន​ទាំង​ខែល និង​ដំបង​ឆក់ បាន​ព្យាយាម​រុញ​ច្រាន​ឲ្យ​អ្នក​តវ៉ា​ជា​អតីត​អ្នក​បើក​រថយន្ត​ក្រុង​អោយ​ដើរ​ចេញ​ពី​កន្លង​តវ៉ា។

អតីត​អ្នក​បើក​រថយន្ត​ក្រុង​មួយ​រូប លោក ថេត វុទ្ធី ដែល​មាន​របួស​ត្រង់​ក្បាល ចោទ​ថា ក្រុមហ៊ុន​កាពីតូល បាន​ជួល​ក្រុម​អ្នក​រត់​រ៉ឺម៉ក​កង់​បី​វាយ​បំបែក​ហ្វូង​អ្នក​តវ៉ា៖ «ទោះ​ត្រូវ​វាយដំច្រំធាក់​យ៉ាង​ម៉េច​ក៏​ដោយ ព្រោះ​នេះ​ជា​ឆន្ទៈ​របស់​ពួក​ខ្ញុំ​ដែល​ទទួល​រង​ការ​កៀបសង្កត់​ជិះជាន់​មក​លើ​ពួក​ខ្ញុំ​ជា​ច្រើន​ឆ្នាំ​មក​ហើយ។ លោក​ថៅកែ​កាពីតូល នោះ​គាត់​ប្រើ​ពួក​ខ្ញុំ​ធ្វើ​ការ​ថ្ងៃ​អាទិត្យ ថ្ងៃ​បុណ្យ មិន​មាន​ពេល​ឈប់​សម្រាក មិន​មាន​បំណាច់​ឆ្នាំ​មិន​មាន​កាត​ ប.ស.ស ទៅ​ព្យាបាល​ជំងឺ»។



អតីត​អ្នក​បើក​រថ​យន្ត​ក្រុម​ហ៊ុន​កា​ពី​តូល របួស ៨៥៥

អតីត​អ្នក​បើក​រថ​យន្ត​ក្រុម​ហ៊ុន​កា​ពី​តូល របួស ៨៥៥
អតីត​អ្នក​បើក​បរ​រថយន្ត​របស់​ក្រុមហ៊ុន​កាពីតូល ម្នាក់​ដែល​រង​របួស​ក្នុង​ពេល​តវ៉ា នៅ​ក្បែរ​ក្រុមហ៊ុន កាល​ពី​ព្រឹក​ថ្ងៃ​ទី​៦ កុម្ភៈ ឆ្នាំ​២០១៦។ RFA/Sorn Chanratha


អតីត​អ្នក​បើក​រថយន្ត​ក្រុង​មួយ​រូប​ទៀត គឺ​លោក ប៉ិល វឿន ថ្លែង​ថា ពួកគាត់​ទាំង ​៤៥​នាក់​ដែល​ក្រុមហ៊ុន​បាន​បញ្ឈប់​ស្នើ​ឲ្យ​ក្រុមហ៊ុន​យក​ចូល​ធ្វើការ​វិញ ទៅ​តាម​សេចក្ដី​បង្គាប់​របស់​ស្ថាប័ន​ពាក់ព័ន្ធ ប៉ុន្តែ​ក្រុមហ៊ុន​មិន​អនុវត្ត​តាម ហើយ​បែរ​ជា​ដាក់​ពាក្យ​ប្ដឹង​ពួកគាត់​ទៅ​តុលាការ​ទៀត​ផង៖ «សូម្បី​សម្ដេច​គាត់​និយាយ​ថា ក្រុមហ៊ុន​មួយ​មាន​សហជីព​មួយ​ក៏​ក្រុមហ៊ុន​មិន​អនុវត្ត​តាម។ សូម្បី​តែ​សាលា​រាជធានី​ភ្នំពេញ ដាក់​បញ្ជា​ឲ្យ​ក្រុមហ៊ុន​យក​ពួក​ខ្ញុំ ៤៥​នាក់ ចូល​ធ្វើការ​វិញ ថៅកែ​ក្រុមហ៊ុន​បាន​និយាយ​ប្រាប់​ប៉ូលិស​ថា គេ​មិន​យក​ទេ មនុស្ស​ទាស់​គ្នា ហើយ​យក​មក​ធ្វើការ​ម៉េច​កើត។ គាត់​ចោទ​ខ្ញុំ​គ្រប់​ច្រកល្ហក»។

ឆ្លើយ​តប​ទៅ​នឹង​ការ​ចោទ​ប្រកាន់​នេះ ជំនួយ​ការ​អគ្គនាយក​ក្រុមហ៊ុន​កាពីតូល លោក ភូ កុកវ៉ាន់ ថ្លែង​ថា អ្វី​ដែល​អតីត​អ្នក​បើក​រថយន្ត​លើក​ឡើង​គឺ​ជា​ការ​មួលបង្កាច់​ទាំង​ស្រុង។ លោក​ថា ក្រុមហ៊ុន​បាន​ប្ដឹង​ពួកគាត់​ពី​បទ​រំលោភ​កិច្ច​សន្យា​ការងារ​ជាមួយ​ក្រុមហ៊ុន រំលោភ​បទ​បញ្ជា​ផ្ទៃ​ក្នុង​ដែល​បាន​លួច​កិបកេង​ទ្រព្យ​សម្បត្តិ​ក្រុមហ៊ុន និង​រំលោភ​ច្បាប់​ការងារ។

លោក​ថា ការ​តវ៉ា​គឺ​ជា​ការ​រៀបចំ​ទុក​ដោយ​មាន​ពី​សហភាព​ការងារ​កម្ពុជា៖ «ពួកគាត់​បាន​យក​ជន​ពាល​នៅ​ខាង​ក្រៅ​ ដែល​មិន​មែន​ជា​អតីត​អ្នក​បើកបរ​ក្រុមហ៊ុន។ ម្សិលមិញ​ក៏​ដូច​គ្នា គឺ​មក​ពី​រោងចក្រ​ផ្សេងៗ​មាន​ទាំង​ស្រី​ទាំង​ប្រុស ថ្ងៃ​នេះ​ក៏​ដូច​គ្នា គឺ​គាត់​បាន​កាក់​ឡាន​របស់​ក្រុមហ៊ុន។ យើង​មាន​ភស្តុតាង​យើង​មាន​វីដេអូ​ច្បាស់លាស់។ ពួកគាត់​បាន​ប្រើ​ដុំ​ថ្ម​គប់​មក​លើ​សមត្ថកិច្ច​ទៀត។ យើង​បាន​ប្ដឹង​ទៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់វិធានការ​រំលាយ​កិច្ច​សន្យា​ជាមួយ​គាត់ និង​ប្ដឹង​ទាមទារ​សំណង​ពី​ពួកគាត់​ដែល​ពួកគាត់​ធ្វើ​ឲ្យ​ខូចខាត​ដល់​ទ្រព្យ​ សម្បត្តិ​របស់​ក្រុមហ៊ុន និង​សេវា​កម្ម​ដែល​មាន​ការ​ជឿ​ទុក​ចិត្ត​ពី​ភ្ញៀវ​កន្លង​មក»។

ក្នុង​ពេល​តវ៉ា​នោះ អតីត​អ្នក​បើក​រថយន្ត​ក្រុង​ម្នាក់ ឈ្មោះ ណន វណ្ណា និង​សមាជិក​សមាគម​កម្មករ និង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​កម្ពុជា លោក រស់ ស៊ីថៃ ត្រូវ​កម្លាំង​សមត្ថកិច្ច​ចាប់​ខ្លួន​បញ្ជូន​ទៅ​អធិការ​ខណ្ឌ​៧​មករា។ ក្នុង​ពេល​ប៉ះទង្គិច​បង្ក​ឲ្យ​អតីត​អ្នក​បើក​រថយន្ត​ក្រុង ១៣​នាក់​រង​របួស ក្នុង​នោះ ២​នាក់​របួស​ធ្ងន់​ដោយ​បែក​ក្បាល និង​បែក​ភ្នែក និង​សមត្ថកិច្ច​ម្នាក់​ក៏​រង​របួស​ដែរ។

អតីត​អ្នក​បើកបរ​រថយន្ត​ឱ្យ​ក្រុមហ៊ុន​រថយន្ត​ក្រុង​កាពីតូល ជាង ៤០​នាក់ និង​មន្ត្រី​សហជីព​ស៊ីខៅឌូ រួម​ទាំង​មន្ត្រី​សមាគម​កម្មករ និង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​កម្ពុជា នៅ​ព្រឹក​ថ្ងៃ​ទី​៦ កុម្ភៈ បាន​នាំ​គ្នា​បន្ត​ការ​តវ៉ា​របស់​ខ្លួន​ខាង​មុខ​ក្រុមហ៊ុន ជិត​ផ្សារ​អូរឫស្សី ដោយ​ឈរ​កាន់​បដា រារាំង​រថយន្ត​ដឹក​ភ្ញៀវ​និង​ស្រែក​អំពាវនាវ​ដល់​សាធារណជន​ឱ្យ​ផ្អាក​ប្រើប្រាស់​សេវា ឬ​ជិះ​រថយន្ត​ក្រុង​របស់​ក្រុមហ៊ុន​កាពីតូល។

ទាក់ទង​ទៅ​នឹង​ការ​ចាប់​ខ្លួន​មនុស្ស មន្ត្រី​អធិការ​ខណ្ឌ​៧​មករា លោក នេត ស៊ីថេត បដិសេធ​មិន​អត្ថាធិប្បាយ​ដោយ​ថា ជាប់​រវល់។

មន្ត្រី​ឃ្លាំមើល​សិទ្ធិ​មនុស្ស​នៃ​អង្គការ​លីកាដូ លោក អំ សំអាត ថ្លែង​ថា នេះ​មិន​មែន​ជា​លើក​ទី​១​នៅ​ពេល​អតីត​អ្នក​បើក​ឡាន​ក្រុង​តវ៉ា ហើយ​មាន​ភាគី​ទី​៣ បង្ក​ឲ្យ​ផ្ទុះ​អំពើ​ហិង្សា។ លោក​ថា នេះ​ជា​ទិដ្ឋភាព​មួយ​ដែល​កងកម្លាំង​បណ្ដោយ​ឲ្យ​កើត​អំពើ​ហិង្សា​ដើម្បី​យក​លេស​បង្ក្រាប និង​ចាប់​ខ្លួន​ក្រុម​អតីត​អ្នក​បើក​រថយន្ត​ក្រុង៕

1 comment:

Anonymous said...

In Cambodia, this bloody person is wrong as argued by Mam Sonando.

Mam Sonando said Cambodians people had voted for the CNRP but the CNRP did not want to get that win.
Instead of blaming the thief CPP who cheated the election, Mam Sonando condemned the CNRP for failing to seize the power.

The same argument in this bloody victim. Mam Sonando would argue that this victim was not strong enough to fight back the police.

Keep going Mam Sonando, you will surely bring Cambodia to hell with your stupid ideas.