A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday 6 February 2016

សុខទូច​៖ កម្ពុជា-វៀតណាម​ បោះ​បង្គោល​​ព្រំដែន​ចូល​​ដី​គ្នា​ទៅវិញ​ទៅមក


Fri, 5 February 2016 ppp
មាស សុខជា


ភ្នំពេញៈ លោក​ សុខ ទូច ប្រធាន​ក្រុម​អ្នក​ស្រាវជ្រាវ​ព្រំដែន​កម្ពុជា‑វៀតណាម​បាន​អះអាង​ថា​វៀតណាម​បាន​បោះ​បង្គោល​​ព្រំដែន​ចូល​ក្នុង​ទឹកដី​កម្ពុជា​​ជាង ១០ ហិកតា​នៅក្នុង​ខេត្ត​ត្បូងឃ្មុំ​ខណៈ​ដែល​កម្ពុជា​បាន​បោះ​បង្គោល​ព្រំដែន​នៅ​ចំ​ពាក់​កណ្តាល​ផ្ទះ​វៀតណាម​នៅក្នុង​ខេត្ត​ស្វាយរៀង​ដែល​នេះ​ជា​លទ្ធផល​បន្ទាប់​ពី​ក្រុម​របស់​លោក​បាន​ធ្វើ​ការ​សិក្សា​ស្រាវជ្រាវ​អស់​រយៈពេល​ជាច្រើន​ខែ​។

លោក សុខ ទូច បាន​​បញ្ជាក់​នៅក្នុង​សន្និសីទ​សារព័ត៌មាន​កាលពី​ម្សិលមិញ​នៅ​រាជបណ្ឌិត្យ​សភា​​កម្ពុជា​​ថា​បង្គោល​ព្រំដែន​លេខ ៩៤ លេខ ៩៥ និង​លេខ ១០៩ នៅក្នុង​ទសវត្សរ៍​ឆ្នាំ ១៩៨០ ក្នុង​ខេត្ត​ត្បូងឃ្មុំ​ត្រូវ​បាន​ដាំ​ក្នុង​​ទឹកដី​កម្ពុជា​ជាច្រើន​ហិកតា​។

លោក​បញ្ជាក់​ថា​៖ «​ប៉ុន្តែ​ខ្ញុំ​បាន​ប្រាប់​ប្រជាពលរដ្ឋ​កុំ​​ឲ្យ​ព្រួយ​បារម្ភ​ពី​ការ​បាត់បង់​ដី​​នេះ​​។ យើង​នឹង​ដោះដូរ​ដី​មក​វិញ​។ នេះ​ចូល​ក្នុង​ [ដី​កម្ពុជា] ជាង ១០ ហិកតា​​។ កន្លែង​មួយ​ចំនួន​ [​ចូល​​ក្នុង​ដី​កម្ពុជា] ៥ ម៉ែត្រ។ កន្លែង​ខ្លះ​ទៀត​ ១០ ម៉ែត្រ។ កន្លែង​ផ្សេង​ទៀត​ ៥០ ម៉ែត្រ»។

លោក សុខ ទូច បាន​ចោទ​​ជា​សំណួរ​​ថា​បើប​ង្គោល​ព្រំដែន​ក្នុង​ទសវត្សរ៍​ឆ្នាំ ១៩៨០ ត្រឹមត្រូវ​ហេតុ​អ្វី​បាន​ជា​រដ្ឋាភិបាល​ចុះ​កិច្ចព្រមព្រៀង​ឆ្នាំ ២០០៥​ ដើម្បី​បោះ​បង្គោល​ព្រំដែន​ជាថ្មី​ទៀត​? លោក​បន្ថែម​ថា ​បង្គោល​ព្រំដែន​លេខ ១៧១ នៅ​ក្រុង​បាវិត​ ខេត្ត​ស្វាយរៀង​ត្រូវ​បាន​បោះ​ចំ​ពាក់​កណ្តាល​ផ្ទះ​​វៀតណាម​ហើយ​បង្គោល​មួយ​​ទៀត​បោះ​ចំ​ក្នុង​ចម្ការ​កៅស៊ូ​វៀតណាម។​

លោក សុខ ទូច ក៏​បាន​ទម្លាក់​កំហុស​លើ​ប្រវត្តិសាស្រ្ត​ដែល​បារាំង​ដាក់​អាណានិគម​មក​លើ​កម្ពុជា វៀតណាម និង​ឡាវ​ដោយ​គូស​បន្ទាត់​ព្រំដែន​ប្រទេស​ទាំង​នេះ​ធ្វើឱ្យ​ប្រទេស​ទាំង​ពីរ​បាត់បង់​ទឹកដី​ទៅ​វិញ​ទៅ​មក។ លោក​ក៏​បាន​ថ្លែង​ទៅ​កាន់​សមាជិក​សភា​គណបក្ស​ប្រឆាំង​ជាពិសេស​លោក អ៊ុំ សំអាន ថា​សូម​ឲ្យ​ឈប់​បង្ក​បញ្ហា​ព្រំដែន​ទៀត​។

លោក​បាន​បញ្ជាក់​ថា៖ «តើ​អ្នក​ណា [ធ្វើ​ឱ្យ​បាត់បង់​​ទឹកដី​កម្ពុជា]? គឺ​ប្រវត្តិសាស្រ្ត។​ មិនមែន ហ៊ុន សែន មិនមែន លន់ នល់។ មិន​មែន​​ ប៉ុល ពត។ អ្នក​ជំនាន់​ក្រោយ​បាន​ទទួល​​ឧក្រិដ្ឋកម្ម​នៃ​ប្រវត្តិសាស្រ្ត​។ បើ​យើង​មិន​បន្ត​ការ​សិក្សា​ពី​បញ្ហា​នេះ​តើ​ពេល​ណា​ខ្មែរ​យើង​មាន​ព្រំដែន​ច្បាស់លាស់​?»។

ដោយ​ឆ្លើយតប​ពី​សហរដ្ឋអាមេរិក​លោក អ៊ុំ សំអាន តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​សកម្ម​លើ​បញ្ហា​ព្រំដែន​បាន​ច្រាន​ចោល​ការ​ចោទប្រកាន់​របស់​លោក សុខ ទូច ដោយ​លើក​ឡើង​ថា​អ្វី​ដែល​លោក​ សុខ ទូច និយាយ​គឺ​គ្រាន់​តែ​ដើម្បី​ផលប្រយោជន៍​ចំពោះ​តួនាទី​របស់​គាត់​ក្នុង​​រដ្ឋាភិបាល​ និង​ដើម្បី​ការពារ​រដ្ឋាភិបាល​តែ​ប៉ុណ្ណោះ​។

លោក សំអាន បាន​លើក​ឡើង​ថា៖ «យើង​មិន​បាន​បង្ក​បញ្ហា​ព្រំដែន​ទេ។​ យើង​ចង់​ស្វែងរក​ការពិត​ពី​​ការ​បាត់បង់​ទឹកដី​ ចង់​ការពារ​ពលរដ្ឋ​បាត់បង់​ដី​តាម​បណ្តោយ​ព្រំដែន។ ចង់​ដឹង​ថា​ពិត​ ឬ​អត់​ទៅ​សួរ​ពលរដ្ឋ​តាម​បណ្តោយ​ព្រំដែន​ទៅ​ថា​តើ​ពួកគាត់​បាន​បាត់បង់​ដី​ស្រែ​ចម្ការ​ឬ​អត់​?​ ក្រុម​ខ្ញុំ​ជា​​តំណាង​រាស្រ្ត​បើ​មិន​ការពារ​ផលប្រយោជន៍​របស់​ប្រជាពលរដ្ឋ​មិន​ការពារ​ផលប្រយោជន៍​ជាតិ [យើង] ធ្វើ​ការងារ​ជា​តំណាង​រាស្រ្ត​ដើម្បី​អ្វី?»។ លោក អ៊ុំ សំអាន បាន​ជំរុញ​ឱ្យ​​លោក សុខ ទូច ទៅ​​ជួប​ជាមួយ​ប្រជាពលរដ្ឋ​​តាម​បណ្តោយ​ព្រំដែន​កុំ​ជួប​​តែ​អាជ្ញាធរ​ហើយ​សួរ​ប្រជាពលរដ្ឋ​ថា​តើ​ពួកគេ​មាន​បាត់បង់​ដី​ស្រែ​ចម្ការ​ទៅ​វៀតណាម​ឬ​អត់​?

លោក វ៉ា គឹមហុង ទេសរដ្ឋមន្រ្តី​ទទួល​បន្ទុក​កិច្ចការ​ព្រំដែន​បាន​បដិសេធ​ធ្វើ​អត្ថាធិប្បាយ​កាលពី​ម្សិលមិញ​។ ​

ចំណែកឯ​លោក​ ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​បាន​ទទួល​ស្គាល់​ពី​តួនាទី​របស់​អ្នក​ស្រាវជ្រាវ​ក្នុង​បេសកកម្ម​ពី​បញ្ហា​ព្រំដែន​នេះ​ដោយ​លើក​ឡើង​ថា​ក្រុម​អ្នក​ស្រាវជ្រាវ​របស់​លោក​ សុខ ទូច ត្រូវ​បាន​បង្កើត​ឡើង​ដោយ​រដ្ឋាភិបាល​។ ប៉ុន្តែ​លោក​ថា​ក្រុម​អ្នក​ស្រាវជ្រាវ​នេះ​គឺ​ឯករាជ្យ​ដែល​និយាយ​ពី​ការពិត​ជួយ​ដល់​រដ្ឋាភិបាល​ និង​គណៈកម្មាធិការ​ចម្រុះ​កិច្ចការ​ព្រំដែន​រវាង​កម្ពុជា និង​វៀតណាម។

លោក​បាន​ថ្លែង​ថា៖ «អ្វី​ដែល​លោក សុខ ទូច លើក​ឡើង​ជា​ការពិត​ដែល​​គាត់​បាន​ឃើញ​។ វា​គ្រាន់តែ​ជា​ដំណឹង​បន្ថែម​ទៀត​ដើម្បី​ជួយ​រាជរដ្ឋាភិបាល​ជួយ​អ្នក​ជំនាញ​របស់​ភាគី​ទាំង​ពីរ​ក្នុង​ការ​ពិភាក្សា។ អ៊ីចឹង​អ្វី​​ដែល [ក្រុម​ឯករាជ្យ] បាន​លើក​ឡើង​អ្វី​ដែល​គាត់​ឃើញ​គាត់​និយាយ​អ្វី​ដែល​គាត់​ឃើញ​នោះ​»។

ទោះ​ជា​យ៉ាង​ណា​លោក កែម ឡី អ្នក​ស្រាវជ្រាវ​ពី​សង្គម​ដែល​ធ្លាប់​​ចុះ​ទៅ​ពិនិត្យ​មើល​​ព្រំដែន​កម្ពុជា​វៀតណាម​ជាច្រើន​កន្លែង​បាន​ថ្លែង​ថា​ផ្អែកលើ​ការពិត​បង្គោល​ព្រំដែន​អាច​​បោះ​ចូល​ក្នុង​ទឹកដី​កម្ពុជា​​បាន​តែ «​ដាច់​ខាត​បង្គោល​ព្រំដែន​មិន​អាច​បោះ​ចូល​ក្នុង​ទឹកដី​វៀតណាម​​បាន​ទេ»។ ​លោក​​បាន​សង្កត់​ធ្ងន់​ថា​នៅពេល​ដែល​បង្គោល​ព្រំដែន [​បោះ​] នៅ​ទី​ណា​វៀតណាម​ទៅ​ដល់​ទី​នោះ​​ដែរ។

លោក​លើក​ឡើង​ថា​៖ «​ការសិក្សា​ពី​បញ្ហា​ព្រំដែន​ទាល់តែ​មាន​ការ​ចូលរួម​ពី​ភាគី​ទាំងអស់​ទើប​​ធ្វើ​ឲ្យ​មាន​ជំនឿ​​ទុក​ចិត្ត​ខ្ពស់​ពី​ប្រជាពលរដ្ឋ​។ ​រដ្ឋាភិបាល​បាន​អះអាង​ថា​មិន​បាត់​ [ដី​] សូម្បីតែ​មួយ​សង់​ទី​ម៉ែត្រ​។ រដ្ឋាភិបាល​បាន​សិក្សា និង​បាន​អះអាង​បែប​នេះ​គឺ​គ្រាន់តែ​ជា​រឿង​គួរ​ឲ្យ​ចង់​សើច​ប៉ុណ្ណោះ​»៕ TK

No comments: