A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday 4 May 2016

ពលរដ្ឋ​រស់នៅ​ជាប់​បឹង​ទន្លេ​ឆ្មា​ខេត្ត​កំពង់ធំ​បារម្ភ​ថា​ត្រី​ក្នុង​បឹង​អាច​នឹង​ងាប់​បន្ត​ទៀត


ដោយ សូត សុខប្រាថ្នា
2016-05-03

ត្រី​ងាប់​នៅ​បឹង​ទន្លេ​ឆ្មា ២០១៦ ៨៥៥
ត្រី​ងាប់​នៅ​បឹង​ទន្លេ​ឆ្មា ឋិត​នៅ​ឃុំ​ពាមបាង ស្រុក​ស្ទោង ខេត្ត​កំពង់ធំ កាល​ពី​ថ្ងៃ​ទី​១ ខែ​ឧសភា ឆ្នាំ​២០១៦។ RFA/Saut Sokprathna
 RFA/Saut Sokprathna


ប្រជា​នេសាទ​រស់នៅ​ឃុំ​ពាមបាង ស្រុក​ស្ទោង ខេត្ត​កំពង់ធំ នៅ​តែ​បារម្ភ​ចំពោះ​ស្ថានភាព​ត្រី​នៅ​តំបន់​អភិរក្ស​បឹង​ទន្លេ​ឆ្មា ថា​នឹង​អាច​មាន​ងាប់​បន្ត​ទៀត។ ការ​បារម្ភ​នេះ ពីព្រោះ​ជាច្រើន​ឆ្នាំ​មក​ហើយ បឹង​ទន្លេ​ឆ្មា អាច​មាន​ត្រី​ងាប់​បី ឬ បួន​ដង​ក្នុង​មួយ​ឆ្នាំៗ។ ចំណែក​មន្ត្រី​ជលផល​ថា ពួក​គេ​កំពុង​ចាត់​វិធានការ​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ក្តី​បារម្ភ​នេះ។

បើ​ទោះ​បី​ជា​ស្ថានភាព​ត្រី​ងាប់​នៅ​តំបន់​អភិរក្ស​បឹង​ទន្លេ​ឆ្មា មាន​លក្ខណៈ​ប្រសើរ​ខ្លះ​ហើយ​ក្តី ប៉ុន្តែ​ស្ថានភាព​នេះ​នឹង​អាច​វិល​ត្រឡប់​មក​ជា​ថ្មី​ទៀត ប្រសិន​បើ​អាកាសធាតុ​នៅ​តំបន់​នោះ​ប្រែប្រួល។ ប្រជា​នេសាទ​រស់នៅ​ក្បែរ​បឹង​អភិរក្ស​មួយ​នេះ លើក​ឡើង​ថា នឹង​អាច​មាន​ត្រី​ងាប់​ពីរ ឬ​បី​ដង​ទៀត ពីព្រោះ​ត្រី​ងាប់​ខ្លាំង​កាល​ពី​ថ្ងៃ​ទី​២២ មេសា គឺ​ជា​ការ​ងាប់​ជំហាន​ដំបូង​ប៉ុណ្ណោះ។

ប្រជា​នេសាទ​មួយ​រូប​រស់នៅ​ភូមិ​ដូនស្តើង លោក នង សុខ មាន​ប្រសាសន៍​ថា ត្រី​នៅ​បឹង​ទន្លេ​ឆ្មា ដែល​ងាប់​កន្លង​មក គឺ​ដោយសារ​តែ​កម្ដៅ​ខ្លាំង គួបផ្សំ​នឹង​ភក់​ក្នុង​បឹង​ច្រើន។ លោក​បន្ត​ថា ប្រសិន​បើ​មាន​ខ្យល់​ខ្លាំង ឬ​ខ្យល់​ព្យុះ​បក់​កាត់​ផ្ទៃ​បឹង នឹង​ធ្វើ​ឲ្យ​ត្រី​នៅ​ក្នុង​បឹង​អភិរក្ស​មួយ​នេះ​ងាប់​បន្ត​ទៀត៖ «ទឹក​វា​អត់​ទាន់​ឡើង​មក ហើយ​វា​នៅ​កម្ដៅ ហើយ​នៅ​ព្យុះ ព្យុះ​រុញ​ទឹក ខែ​ទឹក​ឡើង​មក នៅ​ងាប់​ម្តង​ទៀត»។



កាល​ពី​រសៀល​ថ្ងៃ​ទី​៣០ មេសា ខណៈ​អ្នក​យក​ព័ត៌មាន​វិទ្យុ​អាស៊ីសេរី កំពុង​សម្ភាស​ប្រជាពលរដ្ឋ​អំពី​ស្ថានភាព​ត្រី​ងាប់​ក្នុង​បឹង​ទន្លេ​ឆ្មា ស្រាប់​តែ​មាន​ព្យុះ​បក់​កាត់​បឹង និង​ភូមិ​បណ្ដែត​ទឹក​របស់​អ្នក​ស្រុក។ មួយ​សន្ទុះ​ក្រោយ​ពេល​ខ្យល់​ស្ងប់​ទៅ មាន​ប្រជា​នេសាទ​ជាច្រើន​នាំ​គ្នា​ចេញ​ទូក​ទៅ​រើស និង​ចាប់​ត្រី​ពុល​នៅ​ក្នុង​បឹង។ ត្រី​ពុល​ខ្លះ យើង​អាច​មើល​ឃើញ ប៉ុន្តែ​ខ្លះ​មិន​អាច​មើល​ឃើញ​ទេ លុះ​រហូត​ព្រលឹម​ឡើង ទើប​ឃើញ​ត្រី​អណ្ដែត​ត្រៀបត្រា​នៅ​លើ​ផ្ទៃ​បឹង។

ត្រី​ងាប់​ទាំង​នោះ ភាគច្រើន​ជា​ប្រភេទ​ត្រី​កញ្ចុះ ត្រី​ឆ្លាំង ត្រី​ច្រកែង ត្រី​រៀល ហើយ​ពលរដ្ឋ​នាំ​គ្នា​រើស​យក​ទៅ​ធ្វើ​ប្រហុក ផ្អក និង​យក​ធ្វើ​ជា​ចំណី​ត្រី​ចិញ្ចឹម​របស់​ពួក​គាត់។ អាជ្ញាធរ​ខេត្ត​ធ្លាប់​បញ្ជាក់​ថា ត្រី​ទាំង​នោះ ពលរដ្ឋ​អាច​យក​ទៅ​បរិភោគ​បាន ពីព្រោះ​វា​មិន​បណ្ដាល​ឲ្យ​ប៉ះពាល់​សុខភាព​ទេ។

តំបន់​អភិរក្ស​បឹង​ទន្លេ​ឆ្មា មាន​ទំហំ​ជិត ១​ម៉ឺន​ហិកតារ ស្ថិត​នៅ​ក្នុង​ឃុំ​ពាមបាង ស្រុក​ស្ទោង ខេត្ត​កំពង់ធំ។ បឹង​នេះ​មាន​ចម្ងាយ​ប្រមាណ ៥០​គីឡូម៉ែត្រ​ពី​ទី​រួម​ស្រុក​ស្ទោង។ ដើម្បី​អាច​ទៅ​ដល់​តំបន់​នោះ ពលរដ្ឋ​ត្រូវ​ធ្វើ​ដំណើរ​តាម​ផ្លូវ​គោក រួច​ត្រូវ​ធ្វើ​ដំណើរ​តាម​ទូក​បន្ត​ទៀត។

«សំឡេង​ទូក»

អ្នក​ភូមិ​នាំ​គ្នា​លើក​ឡើង​ថា ទិន្នផល​ត្រី​កាន់​តែ​ហិនហោច​ទៅៗ​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ ដោយសារ​តែ​ត្រី​ចេះ​តែ​ងាប់ ព្រម​ទាំង​មាន​សកម្មភាព​បទល្មើស​នៅ​តំបន់​នោះ​ផង។

ពលរដ្ឋ​ឈ្មោះ ម៉ៃ យ៉ា កាន់​តែ​បារម្ភ​ចំពោះ​វាសនា​ត្រី​នៅ​តំបន់​បឹង​ទន្លេ​ឆ្មា ដ្បិត​អី​ទិន្នផល​ត្រី​កាន់​តែ​ថយ​ចុះ និង​កំពុង​ប្រឈម​បញ្ហា​ងាប់​ជា​បន្តបន្ទាប់។ ពលរដ្ឋ​រស់​អាស្រ័យ​ផល​លើ​របរ​នេសាទ​រូប​នេះ ចង់​ឲ្យ​មន្ត្រី​ពាក់ព័ន្ធ ធ្វើ​យ៉ាង​ណា​ជួយ​ការពារ​ពូជ​ត្រី និង​ទប់ស្កាត់​មិន​ឲ្យ​មាន​បទល្មើស​កើត​ឡើង​បន្ត​ទៀត៖ «អូ! បង​សព្វថ្ងៃ ពោរពេញ​ទៅ​ដោយ​ការ​បារម្ភ បារម្ភ​ខ្លាច​បាត់បង់​ពូជ​ត្រី​ណា​បង។ ហើយ​ខ្ញុំ​សុំ​សំណូមពរ​ទៅ​រាជ​រដ្ឋាភិបាល ជួយ​គ្រប់គ្រង​បឹង​ទន្លេ​ឆ្មា និង​ពូជ​ត្រី​បឹង​ទន្លេ​ឆ្មា ឲ្យ​បាន​គង់វង្ស​ផង»។

បឹង​ទន្លេ​ឆ្មា បច្ចុប្បន្ន​មាន​កម្ពស់​ទឹក​ពី​ផ្ទៃ​ភក់​នៅ​កន្លែង​ខ្លះ​ប្រហែល​មួយ​ចំអាម កន្លែង​ខ្លះ​មាន​កម្រិត​ទឹក​លើស​ពី​នេះ កន្លែង​ខ្លះ​នៅ​សល់​តែ​ភក់ រីឯ​កន្លែង​ខ្លះ​ទៀត គោក​ដាច់​ទឹក​មាន​ស្មៅ​ដុះ​តែ​ម្តង ដែល​នាំ​ឲ្យ​ផ្ទៃ​បឹង​កាន់​តែ​រួញ​តូច។

អាជ្ញាធរ​មូលដ្ឋាន ព្រម​ទាំង​មន្ត្រី​ជលផល បាន​អូស​យក​កំប្លោក​ទៅ​ដាក់​នៅ​កន្លែង​ខ្លះ​ដែល​មាន​ទឹក​ជ្រៅ សម្រាប់​ជា​ជម្រក​របស់​ត្រី និង​ការពារ​កម្តៅ​ថ្ងៃ។ បន្ថែម​ពី​នេះ​ទៀត មាន​ម៉ាស៊ីន​បូម​ទឹក​សម្រាប់​បាញ់​លើ​ផ្ទៃ​បឹង​នៅ​កន្លែង​ខ្លះ ដើម្បី​ឲ្យ​ទឹក​មាន​ចលនា និង​មាន​ខ្យល់​អុកស៊ីសែន​ឡើង​វិញ។

នាយ​ខណ្ឌ​ជលផល​ខេត្ត​កំពង់ធំ លោក ប៉ែន វណ្ណរិទ្ធ មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​២ ឧសភា ថា មន្ត្រី​ជំនាញ​បាន​បញ្ជូន​គ្រឿងចក្រ ២​គ្រឿង​ទៅ​កាន់​តំបន់​នោះ ដើម្បី​យក​ទៅ​បូម​ភក់​នៅ​ផ្នែក​ខ្លះ​សម្រាប់​ឲ្យ​ត្រី​រស់នៅ​បាន។ លោក​បន្ថែម​ទៀត​ថា បើ​គ្មាន​អ្វី​ប្រែប្រួល​ទេ គ្រឿងចក្រ​នឹង​ចាប់​ផ្តើម​ដំណើរ​ការ​នៅ​ថ្ងៃ​ទី​២ ឧសភា៖ «អាកាសធាតុ​វា​ថយ​ចុះ​បន្តិច ថយ​កម្ដៅ។ អ៊ីចឹង​ស្ថានភាព​ត្រី ដូចជា​វា​មិន​ទាន់​មាន​អី​ជា​បញ្ហា​ទេ»។

នាយ​ខណ្ឌ​ជលផល​ដដែល​បន្ត​ថា មន្ត្រី​ជំនាញ និង​អាជ្ញាធរ​ខេត្ត កំពុង​ប្រឹងប្រែង​ការពារ​ត្រី​ដែល​នៅ​សេសសល់​ក្នុង​បឹង​ទន្លេ​ឆ្មា។ លោក​បញ្ជាក់​ថា មន្ត្រី​ជំនាញ​ជលផល និង​ក្រសួង​កសិកម្ម នឹង​ស្ដារ​តំបន់​អភិរក្ស​បឹង​ទន្លេ​ឆ្មា ឲ្យ​បាន​ទំហំ​ជាង ១០​ហិកតារ​នៅ​ឆ្នាំ​នេះ ដើម្បី​ទប់ស្កាត់​មិន​ឲ្យ​មាន​ករណី​ត្រី​ងាប់​នៅ​ឆ្នាំ​ក្រោយៗ​ទៀត ព្រម​ទាំង​បន្ត​ស្ដារ​នៅ​ឆ្នាំ​បន្តបន្ទាប់។

កាល​ពី​ថ្ងៃ​ទី​៣០ មេសា ក្រសួង​បរិស្ថាន និង​អាជ្ញាធរ​ទន្លេសាប បាន​ចេញ​សេចក្ដី​ប្រកាស​រួម​គ្នា​មួយ​បញ្ជាក់​ពី​មូលហេតុ​ដែល​នាំ​ឲ្យ​មាន​ត្រី​ងាប់​ជាង ៦០​តោន​នៅ​ក្នុង​តំបន់​អភិរក្ស​បឹង​ទន្លេ​ឆ្មា។ អាជ្ញាធរ​ថា ការ​ងាប់​នេះ គឺ​បណ្ដាល​មក​ពី​អាកាសធាតុ​ក្ដៅ​ហួតហែង ធ្វើ​ឲ្យ​ទឹក​បឹង​រីង​រាក់ ស្រប​ពេល​ដែល​ក្នុង​បឹង​សម្បូរ​ភក់​ច្រើន ធ្វើ​ឲ្យ​បាត់បង់​លំហូរ​ទឹក និង​ទឹក​ឡើង​កម្ដៅ​ធ្វើ​ឲ្យ​បរិមាណ​អុកស៊ីសែន​ថយ​ចុះ។ ចំណែក​បាតុភូត​ខ្យល់​កន្ទ្រាក់​ក្នុង​តំបន់​នោះ បាន​ធ្វើ​ឲ្យ​ផុស​ភក់​ឡើង​នាំ​ឲ្យ​ត្រី​ស្ទះ​ស្រកី។ បញ្ហា​នេះ នាំ​ឲ្យ​ត្រី​ដែល​ត្រូវ​ការ​អុកស៊ីសែន​ខ្ពស់ ពុល​ងាប់។

ទោះ​បី​ជា​យ៉ាង​ណា ពលរដ្ឋ​អះអាង​ថា ត្រី​ងាប់​កន្លង​មក គឺ​មិន​ដល់ ៦០​តោន ដូច​ការ​អះអាង​របស់​ក្រសួង​ឡើយ គឺ​អាច​មាន​ប្រមាណ​ពី ១០​តោន​ទៅ ២០​តោន​ប៉ុណ្ណោះ ពីព្រោះ​ពួក​គាត់​យល់​ថា ទិន្នផល​ត្រី​ក្នុង​បឹង​កាន់​តែ​ថយ​ចុះ​ជា​លំដាប់​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ ដោយសារ​កំណើន​ប្រជាជន ការ​បាត់បង់​ព្រៃ​លិច​ទឹក ព្រម​ទាំង​ការ​នេសាទ​ដោយ​ប្រើ​ឧបករណ៍​ខុស​ច្បាប់​នៅ​ទីនោះ​ផង។

ប្រជា​នេសាទ​យល់​ថា ការ​បំប៉ោង​ទិន្នន័យ​ត្រី​ងាប់​កាន់​តែ​ច្រើន គឺ​អាជ្ញាធរ​មាន​បំណង​បង្ហាញ​ឲ្យ​គេ​ដឹង​ថា បរិមាណ​ត្រី​នៅ​ក្នុង​បឹង​នៅ​តែ​មាន​ច្រើន​ដដែល ហើយ​មន្ត្រី​ជំនាញ​ធ្វើ​ការងារ​ការពារ​ពូជ​ត្រី​បាន​ល្អ ជាដើម។

បើ​ទោះ​បី​ជា​លោក ប៉ែន វណ្ណរិទ្ធ បដិសេធ​ថា​ពុំ​មាន​បទល្មើស​នេសាទ​ឆក់​កើត​មាន​នៅ​តំបន់​បឹង​ទន្លេ​ឆ្មា ក្នុង​ពេល​បច្ចុប្បន្ន​ក្តី ប៉ុន្តែ​ក្នុង​ពេល​ចុះ​យក​ព័ត៌មាន​កាល​ពី​រសៀល​ថ្ងៃ​ទី​៣០ មេសា និង​នៅ​ព្រឹក​ថ្ងៃ​ទី​១ ឧសភា អ្នក​យក​ព័ត៌មាន​វិទ្យុ​អាស៊ីសេរី បាន​ឃើញ​ក្រុម​ជន​ល្មើស​ជាច្រើន​ធ្វើ​សកម្មភាព​ឆក់​ត្រី​លើ​ផ្ទៃ​បឹង​មួយ​នេះ។ ពួក​គេ​មួយ​ទូកៗ​មាន​គ្នា​ពីរ​នាក់ ហើយ​ឆក់​នៅ​ក្បែរ​ស្នាក់ការ​របស់​មន្ត្រី​ជលផល និង​នៅ​ជិត​កន្លែង​ដែល​មន្ត្រី​ជំនាញ​ដាក់​កំប្លោក​សម្រាប់​ឲ្យ​ត្រី​ជ្រក។ ក្រុម​ជន​ល្មើស​ហាក់​មិន​ខ្លាច​សមត្ថកិច្ច និង​មន្ត្រី​ជំនាញ​ឡើយ ប៉ុន្តែ​ពួក​គេ​នាំ​គ្នា​បើក​ទូក​យ៉ាង​លឿន​រត់​គេច បន្ទាប់​ពី​ឃើញ​អ្នក​យក​ព័ត៌មាន​វិទ្យុ​អាស៊ីសេរី តម្រង់​កាមេរ៉ា​សំដៅ​ទៅ​ពួក​គេ។

ចំណែក​មន្ត្រី​អាជ្ញាធរ​នៅ​ទីនោះ ឃើញ​តែ​ដេញ​ប្រជាពលរដ្ឋ​ដែល​យក​ស្បៃ​ថ្នង​ទៅ​ចូក​ត្រី​ពុល ប៉ុន្តែ​មិន​ឃើញ​ពួក​គេ​ដេញ​ចាប់​ក្រុម​ជន​ល្មើស​ឡើយ។

ទាក់ទង​បញ្ហា​នេះ សមាជិក​ក្រុមប្រឹក្សា​ស្រុក​ស្ទោង មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ ដែល​បាន​ចុះ​ផ្ទាល់​ដល់​បឹង​អភិរក្ស លោក ឆាយ ចែង មាន​ប្រសាសន៍​ថា ជន​ល្មើស​អាច​ឆក់​ត្រី​ខុស​ច្បាប់​នៅ​តំបន់​អភិរក្ស​បឹង​ទន្លេ​ឆ្មា បាន​ដោយ​មិន​ខ្លាច​សមត្ថកិច្ច​សោះ​នោះ ដោយសារ​ពួក​គេ​ត្រូវរ៉ូវ​គ្នា​ជាមួយ​មន្ត្រី​ជំនាញ និង​សមត្ថកិច្ច​តែ​ម្តង៖ «អា​នេះ​បញ្ជាក់​ថា សមត្ថកិច្ច​ប្រហែល​ជា​បាន​លាភសក្ការៈ ឬ​បើក​ឱកាស​ឲ្យ​ពួក​ហ្នឹង​ជា​អ្នក​រក​ស៊ី​ខុស​ច្បាប់»។

លោក ឆាយ ចែង យល់​ថា ដើម្បី​ឲ្យ​ពូជ​ត្រី​តំបន់​បឹង​ទន្លេ​ឆ្មា អាច​នៅ​គង់វង្ស​ត​ទៅ​ទៀត រាជ​រដ្ឋាភិបាល​ត្រូវ​បញ្ជូន​មន្ត្រី​ស្មោះ​ត្រង់​ក្នុង​ការ​បម្រើ​ប្រជាពលរដ្ឋ ព្រម​ទាំង​ហ៊ាន​ចេញ​មុខ​ការពារ​ពូជ​ត្រី​ពិត​ប្រាកដ និង​ទប់ស្កាត់​មិន​ឲ្យ​មាន​បទល្មើស​នេសាទ​កើត​ឡើង៕

No comments: