A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday 5 May 2016

សហភាព​អឺរ៉ុប៖ ការ​នាំ​ចេញ​អង្ករ​មិន​សុទ្ធ​របស់​កម្ពុជា​នឹង​ធ្វើ​ឲ្យ​អឺរ៉ុប​ពិចារណា​ឈប់​ទិញ


ដោយ សាន សែល
2016-05-04

កិច្ច​ប្រជុំ​កម្ពុជា អឺរ៉ុប ៨៥៥ ២០១៦
​កិច្ច​ប្រជុំ​គណៈកម្មការ​រួម​កម្ពុជា-អឺរ៉ុប លើក​ទី​៩ នា​ក្រសួង​ការបរទេស​កម្ពុជា នៅ​ថ្ងៃ​ទី​០៤ ខែ​ឧសភា ឆ្នាំ​២០១៦។
 RFA/Cheu Sideth


ខណៈ​គ្រោះ​រាំងស្ងួត​កំពុង​គំរាមកំហែង​ដល់​ផលិតភាព​កសិកម្ម ពិសេស​ស្រូវ សហភាព​អឺរ៉ុប នៅ​ថ្ងៃ​ទី​០៤ ឧសភា បញ្ជាក់​ជំហរ​ថា ប្រសិនបើ​អ្នក​នាំ​ចេញ​អង្ករ​ទៅ​ទីផ្សារ​អឺរ៉ុប យក​អង្ករ​ប្រភេទ​ក្រអូប​ដែល​អឺរ៉ុប ត្រូវ​ការ លាយ​ជាមួយ​ប្រភេទ​អង្ករ​ផ្សេង​ទៀត នោះ​វា​នឹង​បង្ក​ឧបសគ្គ​សម្រាប់​ប្រទេស​កម្ពុជា ក្នុង​ការ​ជ្រៀតចូល​ទីផ្សារ​ស្រូវ​អង្ករ​អឺរ៉ុប។

កិច្ចប្រជុំ "វិស័យ​ពាណិជ្ជកម្ម" នៃ​គណៈកម្មការ​រួម​កម្ពុជា-​អឺរ៉ុប នៅ​រាជធានី​ភ្នំពេញ ថ្ងៃ​ចុង​ក្រោយ​នេះ ប្រធាន​ផ្នែក​អាស៊ី​ខាង​កើត​នៃ​សហភាព​អឺរ៉ុប លោក ភីធឺ ប៊ឺស (Peter Berz) គូស​បញ្ជាក់​ប្រាប់​សមភាគី​កម្ពុជា ឲ្យ​ត្រួត​ពិនិត្យ​ឲ្យ​បាន​ម៉ត់ចត់​នូវ​ផលិតផល​អង្ករ​ក្រអូប មុន​នឹង​បញ្ចេញ​ទៅ​លក់​នៅ​លើ​ទីផ្សារ​អឺរ៉ុប។ លើស​ពី​នេះ សហភាព​អឺរ៉ុប ក៏​ស្នើ​ឲ្យ​ក្រសួង​ពាណិជ្ជកម្ម​នៃ​ប្រទេស​កម្ពុជា សហការ​ផ្ដល់​ទិន្នន័យ​ជាក់ស្ដែង​ស្ដីពី​ការ​នាំ​ចេញ​ស្រូវ​អង្ករ​ទៅ​អឺរ៉ុប។



អនុរដ្ឋលេខាធិការ​នៃ​ក្រសួង​ពាណិជ្ជកម្ម លោក សុខ សុភ័ក្ត្រ ច្រានចោល​ព័ត៌មាន​ដែល​លោក​ថា ជា​ពាក្យ​ចចាមអារ៉ាម​ពី​ការ​លាយ​អង្ករ​ក្រអូប​កម្ពុជា ជាមួយ​អង្ករ​នាំ​ចូល​ពី​វៀតណាម ទៅ​លក់​នៅ​លើ​ទីផ្សារ​អឺរ៉ុប។ លោក​សង្កត់ធ្ងន់​ថា កម្ពុជា​តាម​រយៈ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា បាន​កំណត់​ស្តង់ដារ​បទដ្ឋាន និង​ក្រមសីលធម៌​ច្បាស់លាស់ ដោយ​តាមដាន​ត្រួត​ពិនិត្យ​ពី​ប្រភព​អង្ករ ដែល​ត្រូវ​នាំ​ចេញ​ទៅ​ផ្គត់ផ្គង់​ឲ្យ​ទីផ្សារ​ក្នុង​ស្រុក និង​ក្រៅ​ស្រុក។

លោក ភីធឺ ពន្យល់​ថា សហគមន៍​អឺរ៉ុប បើក​ទូលាយ​ក្នុង​ការ​នាំ​ចូល​ផលិតផល​បែប​ទីតាំង​សម្គាល់ ភូមិសាស្ត្រ ដែល​ហៅ​កាត់​ជា​ភាសា​អង់គ្លេស​ថា ជី.អាយ (GI) ច្បាស់លាស់​ដែល​ផលិតផល​ទាំង​នេះ នឹង​មិន​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​កសិករ​អឺរ៉ុប។ លោក​ឲ្យ​ដឹង​ថា អឺរ៉ុប​ត្រូវ​ការ​អង្ករ​ក្រអូប​របស់​កម្ពុជា ដែល​មិន​មាន​ដាំ​ដុះ​នៅ​អឺរ៉ុប ដោយ ១ ភាគ ៣ នៃ​អង្ករ​នៅ​លើ​ទីផ្សារ​អឺរ៉ុប គឺ​ជា​អង្ករ​របស់​កម្ពុជា។

សហភាព​អឺរ៉ុប ចង់​ឲ្យ​កម្ពុជា បង្កើន​ការ​នាំ​ចេញ​អង្ករ​ក្រអូប​បន្ថែម​ទៀត​ទៅ​ទីផ្សារ​អឺរ៉ុប។ លោក ភីធឺ ក៏​ចង់​ឲ្យ​កម្ពុជា ទាញ​យក​ផលប្រយោជន៍​ពី​គោលនយោបាយ​អនុគ្រោះ​ពន្ធគយ​របស់​សហភាព​អឺរ៉ុប "អ្វីៗ​គ្រប់​យ៉ាង​លើកលែងតែ​អាវុធ (Everything but arms)” ដោយ​លោក​អះអាង​ថា វា​ជំរុញ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ដែល​ផ្ដល់​ប្រយោជន៍​ដល់​ប្រជាជន។

ភាគី​កម្ពុជា បាន​ស្នើ​ជំនួយ​ផ្នែក​បច្ចេកទេស​កសិកម្ម ដូចជា​ដំណាំ​ស្រូវ ព្រមទាំង​ប្រព័ន្ធ​ស្រោចស្រព​ដំណាំ​ពី​សហភាព​អឺរ៉ុប ខណៈ​គ្រោះ​រាំងស្ងួត​កំពុង​យាយី​ដំណាំ​កសិកម្ម​នៅ​កម្ពុជា៕

No comments: