A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday 1 July 2016

មន្ត្រី​រដ្ឋាភិបាល​ប្រតិកម្ម​ចំពោះ​ការ​ចោទ​​ថា​ផែនការ​ក៥​ជា​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ​ទី​២

មន្ត្រី​រដ្ឋាភិបាល​ប្រតិកម្ម​ចំពោះ​ការ​ចោទ​​ថា​ផែនការ​ក៥​ជា​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ​ទី​២
ដោយ តាំង សារ៉ាដា
2016-06-30

សុខ ឥសាន ៨៥៥ ២០១៦
អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ថ្លែង​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ក្រោយ​ចូល​បំភ្លឺ​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​៦ ខែ​ឧសភា ឆ្នាំ​២០១៦។ RFA/Brach Chev
RFA/Brach Chev


មន្ត្រី​ជាន់​ខ្ពស់​នៃ​គណបក្ស​កាន់​អំណាច​ព្រមាន​ថា អ្នក​ដែល​ហ៊ាន​រិះគន់​ផែនការ​ក៥ កាល​ពី ៣២​ឆ្នាំ​មុន គឺ​ជា​ក្រុម​ដែល​មាន​និន្នាការ​ការពារ​របប​ខ្មែរក្រហម។ ការ​ព្រមាន​របស់​មន្ត្រី​ជាន់​ខ្ពស់​រូប​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ ចាត់​ទុក​យុទ្ធនាការ​ក៥ ជា​ផែនការ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ​ទី​ពីរ បន្ទាប់​ពី​របប​វាល​ពិឃាដ​ខ្មែរក្រហម។

អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន សម្ដែង​ក្ដី​ដឹង​គុណ​ដល់​រដ្ឋាភិបាល​នៃ​របប​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា ថា​បាន​ការពារ​យ៉ាង​រឹងមាំ​តាម​រយៈ​ផែនការ​ក៥ ក្នុង​ការ​បង្កើត​ជញ្ជាំង​ឫស្សី​តាម​បណ្ដោយ​ព្រំដែន​ខ្មែរ-​ថៃ ពី​ការ​វាយ​បក​របស់​កងទ័ព​ខ្មែរ​ក្រហម។ លោក​ថា អ្នក​ដែល​ហ៊ាន​រិះគន់​ផែនការ​ក៥ គឺ​ជា​អ្នក​ប្រឆាំង​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​ក្នុង​ទសវត្ស​ឆ្នាំ​១៩៨៤ ដែល​ប្ដេជ្ញា​ការពារ​អាយុ​ជីវិត​ពលរដ្ឋ​ខ្មែរ​ពី​ការ​កាប់​សម្លាប់​យ៉ាង​រង្គាល​ពី​របប​ខ្មែរក្រហម​ជា​លើក​ទី​២។

លោក​បន្ត​ថា ប្រសិនបើ​គ្មាន​ផែនការ​ក៥​ទេ នោះ​កម្ពុជា​ក៏​គ្មាន​សេរីភាព​ដូច​ថ្ងៃ​នេះ​ដែរ៖ «ក៥​នេះ​វា​មាន​គោល​បំណង​ដើម្បី​ទប់ស្កាត់​របប​ប្រល័យ​ពូជ​សាសន៍​កុំ​ឲ្យ​វិល​មក​វិញ។ អ៊ីចឹង​បើ​ថ្កោលទោស​អ្នក​ទប់ស្កាត់​របប​ប្រល័យ​ពូជ​សាសន៍​មាន​ន័យ​ថា មាន​តែ​អ្នក​ថ្កោលទោស​ហ្នឹង​ត្រូវរ៉ូវ​ជាមួយ​របប​ប្រល័យ​ពូជ​សាសន៍។ អ៊ីចឹង​បើ​លោក ប៊្រែដ អាដាម (Brad Adams) គាត់​ថ្កោលទោស​រដ្ឋាភិបាល​នៃ​របប​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​ហ្នឹង បាន​សេចក្ដី​ថា គាត់​ចូល​ដៃ​ជាមួយ​ខ្មែរក្រហម ចង់​វិល​មក​រក​របប​កាប់​សម្លាប់​ប្រជាពលរដ្ឋ​កម្ពុជា ជា​ថ្មី​ឡើង​វិញ»។

​កាល​ពី​ថ្ងៃ​ទី​២៥ ខែ​មិថុនា កន្លង​ទៅ លោក ប៊្រែដ អាដាម បាន​ថ្លែង​នៅ​ក្នុង​វេទិកា​សាធារណៈ​របស់​ពលរដ្ឋ​ខ្មែរ-​អាមេរិកាំង​មួយ ក្នុង​ទីក្រុង​ឡុងប៊ិច (Long Beach) រដ្ឋ​កាលីហ្វ័រញ៉ា (California) ថា លោក ហ៊ុន សែន និង​លោក ញឹម វណ្ណដា ជា​អ្នក​ទទួល​ខុស​ត្រូវ​ក្នុង​ការ​ស្លាប់​ជន​ស៊ីវិល​រាប់​ម៉ឺន​នាក់​ពី​ការ​ជាន់​មីន អត់​ឃ្លាន និង​ជំងឺ​គ្រុនចាញ់ ដោយសារ​ការ​កេណ្ឌ​ទៅ​កាប់​ព្រៃ និង​ធ្វើ​ជញ្ជាំង​ឫស្សី​ក្នុង​ផែនការ​ក៥ នៅ​ពេល​នោះ។

លោក ប៊្រែដ អាដាម បន្ត​ថា ផែនការ​ក៥ ជា​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ​ទី​ពីរ បន្ទាប់ពី​របប​ខ្មែរ​ក្រហម ហើយ​តម្រូវ​ឲ្យ​មាន​ការ​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​ស្លាប់​បាត់បង់​ជីវិត​នៃ​ជន​ស្លូត​ត្រង់​ទាំង​នោះ៖ «តើ​អ្នក​ទាំងអស់​គ្នា​នៅ​ចាំ​ក​៥ ទេ? តើ​អ្នក​ណា​ខ្លះ​ដែល​មាន​គ្រួសារ​ធ្លាប់​ត្រូវ​គេ​បង្ខំ​ឲ្យ​បម្រើ​ផែនការ​ក៥? តើ​អ្នក​ដឹង​ថា មាន​មនុស្ស​ប៉ុន្មាន​នាក់​ទេ​ដែល​ស្លាប់​ក្នុង​ក៥​នោះ? ក៥ គឺ​ជា​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ។ ផែនការ​នេះ​ដឹកនាំ​ដោយ​លោក ហ៊ុន សែន និង​លោក ញឹម វណ្ណដា។ នៅ​ពេល​លោក ញឹម វណ្ណដា ប្រព្រឹត្ត​អំពើ​ឧក្រិដ្ឋកម្ម​ទាំង​នេះ តើ​គាត់​ត្រូវ​បាន​គេ​យក​ទៅ​ផ្ដន្ទាទោស​ទេ?ចម្លើយ​ថា អត់​ទេ! តែ​គាត់​ត្រូវ​បាន​លោក ហ៊ុន សែន លើកទឹកចិត្ត​ផ្ដល់​ការងារ​ក្នុង​ជួរ​រដ្ឋាភិបាល​ទៅ​វិញ។ ឥឡូវ​គាត់​ជា​អ្នកមាន​ស្ដុកស្ដម្ភ ហើយ​រស់​នៅ​ក្នុង​ផ្ទះ​វិឡា​ដ៏​ស្រស់​ស្អាត។ ដូច្នេះ​លោក ហ៊ុន សែន ញឹម វណ្ណដា និង​អ្នក​ពាក់ព័ន្ធ​ដទៃ​ទៀត​ត្រូវ​តែ​មាន​ការ​ស៊ើប​អង្កេត»។

​វិទ្យុ​អាស៊ីសេរី នៅ​មិនទាន់​អាច​សុំ​ប្រតិកម្ម​ពី​លោក ញឹម វណ្ណដា ដែល​សព្វថ្ងៃ​ជា​អនុប្រធាន​នៃ​អាជ្ញាធរ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​បាន​នៅ​ឡើយ​ទេ។

ប៊្រែដ អាដាម ៦២០
នាយក​ប្រតិបត្តិ​ទទួល​បន្ទុក​កិច្ចការ​តំបន់​អាស៊ី​របស់​អង្គការ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក ប្រ៊ែដ អាដាម (Brad Adams) ផ្ដល់​បទសម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​៦ កុម្ភៈ ២០១៥។ RFA/Yun Samean


របាយការណ៍​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ធ្លាប់​បាន​ចុះ​ផ្សាយ​កាល​ពី​ឆ្នាំ​២០១៥ ថា មេបញ្ជាការ​កងទ័ព​វៀតណាម ឈ្មោះ ឡេ ដឹកថូ (Le Duc Tho) ទទួល​បន្ទុក​កម្ពុជា ជា​អ្នក​រចនា​ផែនការ​ក៥ នេះ​ឡើង បន្ទាប់​មក​រដ្ឋាភិបាល​នៃ​របប​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា បាន​អនុវត្ត​ផែនការ​ក៥ ដែល​ចាប់​ពី​ថ្ងៃ​ទី​១៩ ខែ​កក្កដា ឆ្នាំ​១៩៨៤ ហើយ​បាន​បញ្ចប់​ទៅ​វិញ​នៅ​ឆ្នាំ​១៩៨៨។ ពាក្យ​ថា ក៥ មាន​ន័យ​ថា កេណ្ឌ កម្លាំង កាប់​ព្រៃ ការពារ កម្ពុជា។

​ផែនការ​នេះ​គឺ​ដើម្បី​កសាង​ជញ្ជាំង​ឫស្សី​ដែល​មាន​បណ្ដោយ​ប្រវែង ៧០០​គីឡូម៉ែត្រ និង​ទទឹង ៥០០​ម៉ែត្រ តាម​បណ្ដោយ​ព្រំដែន​ខ្មែរ-​ថៃ សម្រាប់​ការពារ​ពី​ការ​វាយ​បក​របស់​កងទ័ព​ខ្មែរ​ក្រហម និង​កងទ័ព​អ្នក​តស៊ូ​ដទៃ​ទៀត​ដែល​កំពុង​បោះ​ជំរំ​យោធា​របស់​ខ្លួន​ក្នុង​ទឹកដី​ថៃ។ នៅ​ទីនោះ​ពោរពេញ​ទៅ​ដោយ​ចម្ការ​មីន និង​ជំងឺ​គ្រុនចាញ់។

​អង្គការ យូមែន រ៉ៃត៍ វ៉ច្ឆ ធ្លាប់​រាយការណ៍​ថា យ៉ាង​ហោច​ណាស់​មាន​មនុស្ស​រាប់​ម៉ឺន​នាក់​ក្នុង​ចំណោម​មនុស្ស​ជិត ១​លាន​នាក់ ត្រូវ​បាន​គេ​បង្ខំ​ឲ្យ​បម្រើ​ផែនការ​ក៥​នេះ ស្លាប់​បាត់បង់​ជីវិត​ពី​ការ​ជាន់​មីន ជំងឺ​គ្រុនចាញ់ និង​ការ​អត់​អាហារ ហើយ​អ្នក​ដែល​ស្លាប់​បាត់បង់​ជីវិត​ទាំង​នោះ ភាគ​ច្រើន​ជា​សិស្ស និស្សិត គ្រូបង្រៀន យុវជន និង​ពលរដ្ឋ​សាមញ្ញ។

តែ​ផ្ទុយ​ទៅ​វិញ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ដែល​ជា​អតីត​អនុរដ្ឋមន្ត្រី​ក្រសួង​កសិកម្ម ហើយ​ធ្លាប់​ចូលរួម​ក្នុង​ផែនការ​ក៥ ដែរ​នោះ អះអាង​ថា ផែនការ​ក៥ ​គឺ​ជា​យុទ្ធសាស្ត្រ​ដ៏​ល្អ​បំផុត​នៅ​ពេល​នោះ​ក្នុង​កិច្ច​ការពារ​អាយុ​ជីវិត​ពលរដ្ឋ​ខ្មែរ​ដោយ​ខ្លួន​ឯង​មិន​ចាំបាច់​រង់ចាំ​ការ​ជំនួយ​របស់​កងទ័ព​វៀតណាម៖ «ពេល​ដែល​យើង​ធ្វើ​ផែនការ​ក៥​នេះ គឺ​យើង​ត្រូវ​ការពារ​អាយុ​ជីវិត​របស់​ប្រជាពលរដ្ឋ​យើង ហើយ​ប្រសិនបើ​យើង​ពឹង​តែ​គេ គេ​មក​វ៉ៃ​រំដោះ​ឲ្យ​យើង​ហើយ ស្រាប់តែ​ដល់ពេល​ការពារ ក៏​យើង​ឲ្យ​គេ​ការពារ​ដែរ។ ចុះ​កម្លាំង​យើង​ដែល​យើង​កសាង​បាន មិន​ទទួល​ខុស​ត្រូវ​ចំពោះ​ជោគវាសនា​ប្រទេសជាតិ ឬ​មួយ​យ៉ាង​ម៉េច? ហើយ​ប្រសិនបើ​គ្មាន​ផែនការ​ក៥​ទេ គេ​ចោទ​ទៀត​ហើយ លោក ប៊្រែដ អាដាម ចោទ​ទៀតហើយ​ថា រដ្ឋាភិបាល​សាធារណរដ្ឋ​ប្រជាមានិត​បណ្ដោយ​ឲ្យ​កងទ័ព​វៀតណាម មក​ត្រួតត្រា​ប្រទេស​កម្ពុជា»។

ប៉ុន្តែ​សាស្ត្រាចារ្យ​ផ្នែក​បុរាណវិទ្យា និង​ជា​អនុប្រធាន​នៃ​រណសិរ្ស​ជាតិ​រំដោះ​ប្រជាពលរដ្ឋ​ខ្មែរ ដែល​ហៅ​កាត់​ថា KPNLF លោក សឺន ស៊ូប៊ែរ្តិ៍ បាន​ច្រាន​ចោល​ចំពោះ​ការ​អះអាង​របស់​លោក សុខ ឥសាន។ លោក​ថា រដ្ឋាភិបាល​ចម្រុះ​នា​សម័យ​នោះ​ដែល​ដឹកនាំ​ដោយ​អតីត​ព្រះមហាក្សត្រ ព្រះបាទ នរោត្តម សីហនុ ធ្លាប់​បាន​ថ្កោលទោស​ចំពោះ​សោកនាដកម្ម​នោះ៖ «ពួក​យើង​ខ្ញុំ ហើយ​នឹង​ហ្វ៊ុនស៊ិនប៉ិច ក៏​មាន​កងទ័ព​មិន​អាច​បណ្ដោយ​ឲ្យ​ខ្មែរ​ក្រហម​ទៅ​ធ្វើ​ផ្ដេសផ្ដាស​ម្ដង​ទៀត​ទេ។ នេះ​ជា​ការ​ឃោសនា​បំភ័ន្ត​មតិ​អន្តរជាតិ និង​ប្រជាពលរដ្ឋ​ខ្មែរ។ ខ្លួន​និយាយ​របៀប​នេះ មាន​ន័យ​ថា ខ្លួន​អត់​មាន​សមត្ថភាព ខ្លួន​អត់​ខ្មេះ មាន​កងទ័ព​ធ្វើ​អី​អ៊ីចឹង? និយាយ​បានតែ​បំភ័ន្ត​មតិ​អន្តរជាតិ តែ​អន្តរជាតិ​គេ​មិន​ជឿ​ទេ ហើយ​ជាពិសេស​យុវជន​ខ្មែរ​បច្ចុប្បន្ន។ គួរ​ណាស់​ទទួល​ស្គាល់​ថា ខ្លួន​ធ្វើ​ខុស មិន​បាន​គិត​ដល់​អា​ហ្នឹង​គេ​សរសើរ​ច្រើន​ជាង»។

លោក សឺន ស៊ូប៊ែរ្តិ៍ បន្ត​ថា កងទ័ព​រដ្ឋាភិបាល​នៃ​របប​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា នា​សម័យ​គួរ​មាន​សមត្ថភាព​ទទួល​ខុស​ត្រូវ​ក្នុង​ការ​ការពារ​ប្រជាពលរដ្ឋ​ជា​ជាង​យក​ប្រជាពលរដ្ឋ​ទៅ​ស្លាប់​ក្នុង​ព្រៃ​ដូច្នេះ។

របាយការណ៍​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស យូមែន រ៉ៃត៍ វ៉ច្ឆ ដែល​មាន​ចំណងជើង​ថា ៣០​ឆ្នាំ នៃ​ការ​គ្រប់គ្រង​អំណាច​របស់​លោក ហ៊ុន សែន ចេញ​ផ្សាយ​កាល​ពី​ដើម​ឆ្នាំ​២០១៥ បាន​ចងក្រង​រឿងរ៉ាវ​ជា​ច្រើន​ពាក់ព័ន្ធ​ផែនការ​ក៥ នេះ។

​របាយការណ៍​នោះ​បង្ហាញ​ថា ដោយសារតែ​ផែនការ​ក៥ នោះ​ហើយ ដែល​ធ្វើ​ឲ្យ​ពលរដ្ឋ​ស្អប់​គណបក្ស​ប្រជាជន​បដិវត្តន៍​កម្ពុជា ដែល​ក្រោយ​មក​ដូរ​ឈ្មោះ​ជា​គណបក្ស​ប្រជាជន​កម្ពុជា នេះ​យ៉ាង​ខ្លាំង។

អ្នក​ដែល​មាន​កូន​និយាយ​ថា ប្រសិនបើ​កូន​របស់​គាត់​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​ធ្វើការ​នៅ​ផែនការ​ក៥ នោះ គឺ​ស្មើ​គ្នា​នឹង​ទោស​ប្រហារ​ជីវិត​អ៊ីចឹង​ដែរ។

អតីត​អនុរដ្ឋមន្ត្រី​ក្រសួង​សន្តិសុខ លោក ស៊ិន សេន និង​លោក គង់ គាំ អតីត​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​នៃ​រដ្ឋាភិបាល​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា បាន​ប្រាប់ យូមែន រ៉ៃត៍ វ៉ច្ឆ ថា លោក ហ៊ុន សែន ជា​អ្នក​ទទួល​ខុស​ត្រូវ​នៃ​ការ​ស្លាប់​មនុស្ស​រាប់​ម៉ឺន​នាក់​ពី​ផែនការ​ក៥ ដោយ​មិន​អាច​ប្រកែក​បាន​ឡើយ៕

No comments: